ជាតិ
សង្គមជាតិ
ទីតាំង​សំខាន់ៗ​ជាង​១០​កន្លែង​ឆ្លុះបញ្ចាំង​តម្លៃ​សិល្បៈ​អក្សរសិល្ប៍​ខ្មែរ​នៅ​ខេត្តបាត់ដំបង​
29, Sep 2018 , 9:30 pm        
រូបភាព
​បាត់ដំបង​៖ ទីតាំង​ប្រវត្តិសាស្ត្រ​ដែលមាន​ក្នុង​អក្សរសិល្ប៍​ខ្មែរ ជាង​១០​កន្លែង​នៅ​ខេត្តបាត់ដំបង ទាំង​ឯកសារ​ប្រវត្តិសាស្ត្រ ប្រលោមលោក ចម្រៀង និង​កំណាព្យ​ជាដើម​នោះ ត្រូវបាន​មហោស្រព​អក្សរសិល្ប៍​ខ្មែរ រំលេច​ឱ្យឃើញ​ក្នុង​កម្មវិធី​របស់ខ្លួន​។ មហោស្រព​អក្សរសិល្ប៍​ខ្មែរ ដែល​បានរៀបចំ​នៅ​បាត់ដំបង ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣​ខែកញ្ញា​។ មហោស្រព​នេះ​ទាក់ទាញ​អ្នកចូលរួម ទាំងចាស់​ក្មេង​ប្រមាណ​ជា​១៥០០​នាក់​។​


​ជា​មហោស្រព​ដែល​លើកស្ទួយ​វិស័យ​តែង​និពន្ធ និង​ផ្សព្វផ្សាយ​ពី​អក្សរសាស្ត្រ​ខ្មែរ​។ មហោស្រព​អក្សរសិល្ប៍​ខ្មែរ បានរៀបចំ​កម្មវិធី​សំខាន់ៗ​ជាច្រើន​ដូចជា កម្មវិធី​កង់ និង​កំណាព្យ ពិព័រណ៍​សៀវភៅ និង​សិល្បៈ​ចក្ខុ​ទស្សន៍ កម្មវិធី​អាន​តាម​កន្លែង វេទិកា​ពិភាក្សា​អក្សរសិល្ប៍​ខ្មែរ សិក្ខាសាលា​ហ្វារ​ពន្លឺ​សិល្បៈ ការសម្ដែង​ល្ខោននិយាយ​រឿង​កុលាប​ប៉ៃលិន កម្មវិធី​អាន​ជាមួយ​កុមារ សិក្ខាសាលា​និពន្ធ​បែប​ច្នៃប្រឌិត ទស្សនកិច្ច​វប្បធម៌ ជួប​ជាមួយ​អ្នកនិពន្ធ និង​ការលក់​បន្ត​នៅ​បាត់ដំបង ការប្រកាស​ជ័យលាភី​ប្រឡង​ស្នាដៃ​និពន្ធ និង​កំណាព្យ និង​សិល្បៈ​ទស្សនីយភាព​កម្រ ដែល​ធ្វើ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​។ 
  
 
​ទីតាំង​៣​កន្លែង មាន​ក្នុង​បទ​ចម្រៀង​របស់​កវី គ​ង្គ ប៊ុន​ឈឿន ដូចជា​កន្លែង​ដើម​ដូង​ទី​១០ ស្ពានថ្ម​ចាស់ និង​ទីតាំង​ដើមអម្ពិល​ផ្អែម​។ ការរៀប​ចំនេះ ដើម្បី​រម្លឹក​ពី​ស្នាដៃ​របស់​កវី​ជំនាន់​មុន ដែល​ផ្សារភ្ជាប់​ជីវិត និង​ធម្មជាតិ​។ ចំណែក​ទីតាំង​ប្រវត្តិសាស្ត្រ​ពី​សម័យ​លោក​ម្ចាស់​វិញ មាននៅ​វិហារ​ចិន វត្ត​ដំរី​ស សាលាខេត្ត​ចាស់ វត្ត​កំផែង​ជាដើម​។ ទស្សនកិច្ច​នេះ បាន​រៀបរាប់​ប្រវត្តិ​ខ្លះៗ​របស់​សំណង់​ទាំងនេះ​ផង​។ តាម​ឯកសារ​ស្រាវជ្រាវ សំណង់​ទាំងនេះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ​។ 
 
​ក្រៅពី​ទីតាំង​ប្រវត្តិសាស្ត្រ នៅមាន​កម្មវិធី​ជាច្រើន​កន្លែង​ផ្សេងទៀត ដែល​និយាយ​ពី​អក្សរសាស្ត្រ​ខ្មែរ ក្នុងពេល​បច្ចុប្បន្ន និង​អតីតកាល ព្រមទាំង​ការពិភាក្សា​ពី​ហេតុផល​មួយចំនួន ធ្វើឱ្យ​ខេត្តបាត់ដំបង ពោរពេញ​ដោយ​កវី និង​អ្នកនិពន្ធ​។​
  
 
​សូមបញ្ជាក់ថា ឆ្នាំ​២០១៨​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ ត្រូវបាន​រៀបចំ​ជា​លើក​ទី​២ នៅ​ខេត្តបាត់ដំបង​។ កាលពី​មហោស្រព​លើក​១ ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​។ នៅ​ឆ្នាំ​២០១៩ មហោស្រព​អក្សរសិល្ប៍​ខ្មែរ គ្រោង​ធ្វើ​នៅ​ភ្នំពេញ​៕






Tag:
 បាត់ដំបង​
  ​សៀមរាប​
  ​ភ្នំពេញ​
 ​ មហោស្រព​អក្សរសិល្ប៍​
  វប្បធម៌​
  អក្សរសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com