ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ដំបូងបង្អស់​នៅ​កម្ពុជា នឹង​សម្ពោធ​នៅ​ចុងខែ​តុលា​
29, Sep 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ ក្រសួងបរិស្ថាន បាននិងកំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ដំបូងបង្អស់​នៅ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​បន្ទាយស្រី ក្បែរ​ជើងភ្នំ​គូលែន​។ មជ្ឈមណ្ឌល​នេះ នឹង​ប្រមូលផ្ដុំ​ដោយ​ប្រភេទ​កេសរ​កូ​ល (​ផ្កា​អរ​គី​ដេ​) ដែល​កំពុង​រង​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​ផងដែរ​។

 
​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP  ដែល​ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​២២ កញ្ញា លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា  ទីតាំង​នេះ​ត្រូវបាន​ដាក់ឈ្មោះថា «​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​» បង្កើតឡើង​ដើម្បី​រម្លឹក​ពី​គុណបំណាច់​របស់​សម្តេច សុខ អាន ក្នុង​បុព្វហេតុ​កសាង​មាតុភូមិ ការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​មនុស្សជាតិ និង​ការលើកតម្កើង​វិស័យ​ទេសចរណ៍​កម្ពុជា​។ មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​ទីតាំង​ប្រមូល ការពារ សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង ជិត​ផុត​ពូជ​។​
 
​មជ្ឈមណ្ឌល​ខាងលើនេះ នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា​ខាងមុខ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា រួមទាំង ប្រភេទ​កម្រ និង មិនទាន់​បានកំណត់ អត្ត​សញ្ញា ដើម្បី​ស្តារឡើងវិញ​ទៅក្នុង​ដែន​ជម្រក​ធម្មជាតិ​។ ក្រៅពីនេះ មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួនាទី​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដល់ សិស្ស និស្សិត និង​សាធារណជន​ឱ្យបាន​យល់ដឹង ចេះ​ស្រឡាញ់ និង​បំផុស គំនិត​ឱ្យចូល​រួម​ថែរក្សា​ការពារ​និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង ដើម្បី​លើក ស្ទួយ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ភ្នំ​គូលែន​ផងដែរ​។​
 
​បើតាម​លោក នេត្រ ភក្ដ្រា កម្ពុជា​ជា​ប្រទេសមួយ​ដែល​សម្បូរ​ធនធាន​កេសរ​កូ​ល​ព្រៃ ដែលមាន​ប្រមាណ ៥០០​ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផងដែរ​។ ក្នុងចំណោម ប្រភេទ​ទាំង នោះ​មាន តែ​កេសរ​កូ​ល ប្រមាណ ៣៦០ ប្រភេទ ប៉ុណ្ណោះ ដែល​បានធ្វើ​អត្តសញ្ញាណ​រួច ។ បច្ចុប្បន្ន កេសរ​កូ​សព្រៃ កំពុង​ទទួល រង​ការគំរាមកំហែង​តាមរយៈ​ការជួញដូរ​ក្នុង​រូបភាព ផ្សេង​ទៅ​បរទេស​ជាពិសេស​ប្រទេស ថៃ និង​វៀតណាម​។ 
 
​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត សៀមរាប ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គលេខាធិកា​ដ្ឋា​ន​អភិវឌ្ឍន៍ ដោយ​ចីរភាព សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse៕
 


Tag:
 កសិកម្ម​
 ​កេសរ​កូ​ល​
 ​ អ័​រ​គី​ដេ​
 ​ គូលែន​
 ​ បន្ទាយស្រី​
 ​ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com