ជាតិ
សង្គមជាតិ
កម្ពុជា នឹង​បើក​ស្ថានទូត​នៅ​ប៊ុលហ្គារី ឡើងវិញ នៅ​ឆ្នាំ​២០១៩
30, Sep 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ កម្ពុជា គ្រោង​បើក​ស្ថានទូត នៅ​ប្រទេស​ប៊ុលហ្គារី ឡើងវិញ ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាគី​ទាំងពីរ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ទ្វេរ​ភាគី​ជាមួយ​លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី ក្រោយ​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។ អម​ជាមួយ​ការឯកភាព​នេះ សម្តេច ហ៊ុន សែន ក៏បាន​ប្រាប់​ពី​បំណង​សហការគ្នា​ទៅ​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​ថា កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ បន្ទាប់ពី​បាន​បិទ​មួយរយៈ ដោយ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ប៊ុល​ហ្ការី​។​
 
​នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov) ស្វាគមន៍​ចំពោះ​បំណង​របស់​ប្រមុខ​រដ្ឋា​កម្ពុជា ដែល​ចង់​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅ​ប្រទេស​ប៊ុល​ហ្ការី​នេះ​។​
​ប្រទេស​ប៊ុល​ហ្ការី គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា នៅពេលដែល​កម្ពុជា​បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​៕
 

Tag:
 ហ៊ុន សែន​
  ប៊ុលហ្គារី​
© រក្សាសិទ្ធិដោយ thmeythmey.com