បទយកការណ៍ / បទសម្ភាសន៍
សិលាចារឹក​ភាសា​ចាម​នៅ​អង្គរវត្ត​៖ កូន​បាឡាត់​កំពង់សៀម​ជា​អ្នក​មក​ចារ​
29, Sep 2018 , 4:19 pm        
រូបភាព
 
​ភ្នំពេញ​៖ អ្នកស្រាវជ្រាវ​ភាសា​ចាម​មួយ​រូបលោក ឡឹប កើ បានធ្វើ​បទ​បង្ហាញ​មួយ​ទាក់ទង​នឹង​សិលាចារឹក​ភាសា​ចាម​នៅ​ប្រាសាទអង្គរវត្ត និង​នៅ​ប្រាសាទ​ខ្លះទៀត​នៅ​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើឡើង​នៅ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា ឆ្នាំ​២០១៨​។ វត្តមាន​សិលាចារឹក​ភាសា​ចាម​នៅ​អង្គរវត្ត បានបង្ហាញ​ឱ្យដឹងថា អ្នក​ដែល​មក​ចារ​នោះ​ជា​ជនជាតិ​ចាម មិន​បញ្ជាក់​ឈ្មោះ​ទេ តែ​ប្រាប់ថា​ជា​កូន​បាឡាត់ខេត្ត​កំពង់សៀម​នៅ​សម័យ​នោះ​។

 
​តាម​ការបកស្រាយ​រប​ស់លោក ឡឹប កើ អ្នក​ដែល​ចារ​នោះ​ជា​កម្មករ​សម័យ​បារាំង ដែល​ត្រូវបាន​ជួល​ឱ្យមក​ចម្លង​សិលាចារឹក​នៅតាម​ប្រាសាទ​នានា​។ លោក​បញ្ជាក់ថា កម្មករ​ទាំងនោះ​មាន​ចំនួន ១២​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចាម ២​នាក់​។​
 
​តាមន័យ​នៃ​សិលាចារឹក វា​ត្រូវបាន​ចារ​នៅ​ឆ្នាំ ១៨៨១ ជា​ប្រភេទ​អក្សរ​ចាម​បុរាណ​។ អ្វីដែល​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​អ្នក​ដែល​មក​ចារ​នោះ​ជា​អ្នក​ខេត្តកំពង់ចាម​បច្ចុប្បន្ន ដោយ​មិនមែន​អ្នក​នៅ​តំបន់​កំពង់ឆ្នាំង ដែល​បច្ចុប្បន្ន​នៅ​ប្រើប្រាស់​អក្សរ​ចាម​ច្រើនជាងគេ​នោះទេ​។ ក្នុង​សិលាចារឹក​នេះ ក៏បាន​បង្ហាញថា អ្នក​កំពង់ចាម​មានចំណេះ​ផ្នែក​អក្សរ និង​នៅ​ប្រើប្រាស់​អក្សរ​ចាម​នៅឡើយ មុន​សម័យ​ខ្មែរក្រហម​។ តែ​ក្រោយមក ស្រុក​កំពង់សៀម ដែល​បច្ចុប្បន្ន​ជា​ផ្នែក​មួយ​នៃ​ខេត្តកំពង់ចាម លែងមាន​ជនជាតិ​ចាម​រស់នៅ​ទៀតហើយ​។ ក្រោយ​សម័យ ប៉ុល ពត ពួកគេ​បាន​ប្តូរ​ទៅ​រស់នៅ​ភូមិ​កោះក្របី កោះ​ប៉ែន និង​ភូមិ​រកា តែ​នៅសល់​ស្លាកស្នាម​គ្រឹះ​សំណង់​វិហារ​ចាស់ៗ​ដែល​បន្សល់ទុក​នៅ​សម័យ​ក្រោយមក​៕
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡឹប កើ ដូចតទៅ​
 


 


Tag:
 ​សិលាចារឹក​ភាសា​ចាម​
  ឡឹប កើ
© រក្សាសិទ្ធិដោយ thmeythmey.com