ជាតិ
សង្គមជាតិ
សិស្ស​និ​ន្ទេ​ស​A ខេត្តសៀមរាប​៣១​នាក់ ទទួលបាន​ម៉ូតូម្នាក់​មួយគ្រឿង​ពីស​ម្តេច ទៀ បាញ់​
29, Sep 2018 , 5:39 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកអភិបាលខេត្ត សៀមរាប
រូបភាព៖ ហ្វេសប៊ុកអភិបាលខេត្ត សៀមរាប
​សៀមរាប​៖ នៅ​រដ្ឋបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​និ​ន្ទេ​ស​A សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​។ ពិធី​ធ្វើឡើង​ក្រោម​វត្តមាន​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​។​

 
 
​នៅ​ឆ្នាំនេះ សិស្ស​ជាប់​និ​ន្ទេ​ស​A ក្នុង​ខេត្តសៀមរាប​មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី ១៨​នាក់​។ ពួកគេ​ទទួលបាន​ការលើកទឹកចិត្ត​នូវ​ម៉ូតូ​ម្នាក់​មួយគ្រឿង និង​សាំង​ចំនួន ៥២​លីត្រ ដែលជា​ការឧបត្ថម្ភរ​បស់​សម្តេច ទៀ បាញ់​។​
 
​តាម​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប លោក សយ ទិ​ត្យា​វង្ស ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ខេត្តសៀមរាប​មាន​១២​មណ្ឌល ក្នុងនោះ​មាន ៣១៩​បន្ទប់ ផ្នែក​វិទ្យាសាស្ដ្រ​មាន ៦​មណ្ឌល ស្មើ​១៤២​បន្ទប់ និង​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​មាន ៦​មណ្ឌល ស្មើនឹង ១៧៧​បន្ទប់​។ ចំណែក​បេក្ខជន​ប្រឡង​សរុប ៧,៨៣០​នាក់ ក្នុងនោះ​ស្រី ៤,៣៨៣​នាក់​។​
 
​សម្រាប់​លទ្ធផល​នៃ​ការប្រឡង បេក្ខជន​ជាប់​ស្ថាពរ​មាន​ចំនួន ៥,៩៧០​នាក់ ស្រី ៣,៣៨០​នាក់ ក្នុងនោះ​និទ្ទេស​A មាន​៣១​នាក់ និ​ន្ទេ​ស​B ១៤៧​នាក់ និ​ន្ទេ​ស​C ៤៧៧​នាក់ និ​ន្ទេ​ស D ១,៥៣៣​នាក់ និង​និ​ន្ទេ​ស E ចំនួន ៣,៧៨២​នាក់​។​
 
​ក្នុងឱកាស​នោះ សម្តេច ទៀ បាញ់ បាន​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់សិ​ស្សានុសិស្ស និង​អរគុណ​ដល់​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​បង្ហាត់បង្រៀន​ដល់​ពួកគេ​រហូត​ទទួលលទ្ធផល​ល្អ​បែបនេះ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com