ជាតិ
សង្គមជាតិ
សា​ស្រា្ត​ចា​រ្យ​កំណាព្យ ជ័យ ចាប​៖ យុវជន កំពុងតែ​ប្រើប្រាស់​ភាសា​ខ្មែរ​ខុស​ក្បួន​
30, Sep 2018 , 11:09 am        
រូបភាព
រាប់ពីឆ្វេងទៅលោកសាស្រ្តចារ្យផ្នែកកំណាព្យ ជ័យ ចាប អង្គុយទី២
រាប់ពីឆ្វេងទៅលោកសាស្រ្តចារ្យផ្នែកកំណាព្យ ជ័យ ចាប អង្គុយទី២
ដោយ:
​ភ្នំពេញ​៖ យុវជន​មួយចំនួន កំពុង​ប្រើប្រាស់​ភាសាជាតិ​ខុស​ក្បួនខ្នាត ហើយ​បែរជា​ប្រើ​ភាសាជាតិ​ដទៃ​ជំនួស​ទៅវិញ (​សរសេរ​បែប​ឡាតាំង​)​។ ការសរសេរ​ឡាតាំង​ខុស​ក្បួន​របស់​យុវជន​នេះ អាចធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការបាត់បង់​តម្លៃ និង​អត្តសញ្ញាណ​ជាតិ​ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់លោក ជ័យ ចាប សាស្ត្រាចារ្យ​ផ្នែក​តែង​កំណាព្យ នៅ​សិក្ខាសាលា​ដែល​ស្តីពី «​ភាព​ឆក​ល្វេ​ង​នៃ​ការប្រើប្រាស់​ភាសា​ខ្មែរ​បច្ចុប្បន្ន​» ។​


មានសំឡេង



 
​ថ្លែងប្រាប់​ទៅ​សិក្ខាកាម​ជាច្រើនរូប លោក ជ័យ ចាប បាន​មើលឃើញ​ចន្លោះប្រហោង​រប​ស់​យុវជន ដែល ប្រើប្រាស់​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​ក្បួន ដែល​វា​បង្ហាញ​ពី​ការមិន​គោរព និង​មិន​ផ្តល់​តម្លៃ​ដល់​ជាតិ​សាសន៍​របស់ខ្លួន​។ ជាពិសេស​យុវជន​កំពុងតែ​ឈ្លក់​វង្វេង នឹង​ការប្រើប្រាស់​បណ្តាញ​សង្គម ព្រមទាំង​ស្មេរ អ្នកអាន​ព័ត៌មាន និង​អ្នកនិពន្ធ​ជាដើម ដែល​នៅមាន​ភាព​ឆក់​ល្វេ​ង​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​។​
 
​អ្វីដែល​លោក ជ័យ ចាប បានកត់សម្គាល់​នោះ គឺ​បញ្ញា​វ័​ន្ត  អ្នកនិពន្ធ អ្នកសារព័ត៌មាន អ្នកធ្វើ​ស្លាក​យីហោ ឬ​ធ្វើ​ស្លាក​ពាណិជ្ជកម្ម​នានា ប្រើប្រាស់​ភាសា​មិនទាន់មាន​ភាព​ឯករាជ្យ​គ្នា​នៅឡើយ ហើយ​ការប្រើប្រាស់​ក៏មាន​កំហុស​ខុសឆ្គង នៅក្នុង​ការសរសេរ​។ ចំណែក​អ្នក​ខ្លះទៀត សរសេរ​ជា​ភាសា​អង់គ្លេស តែ​ប្រកប​ជា​ភាសា​ខ្មែរ​ជាដើម​។ ទាំងនោះ​ហើយ​ជា​ក្តីកង្វល់​របស់លោក ជ័យ ចាប ដែល​ភ័យខ្លាច​នឹង​ការធ្លាក់ចុះ​នៃ​អក្សរសាស្ត្រ​ខ្មែរ​។ 
 
​លោក​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​ការពារ  និង​ឈ្វេងយល់​ពី​របៀប​ប្រើប្រាស់​ភាសា​ខ្មែរ ​និង​វេយ្យាករណ៍ ដើម្បី​ជៀសផុត​ពី​ការបាត់បង់​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។ «​ខ្ញុំ​មិន​បន្ទាស​ទៅ​នរណាម្នាក់​ទេ យើង​មានតែ​រលឹក​ឡើងវិញ ដោយ​ធ្វើ​ការណែនាំ និង​ផ្សព្វផ្សាយ​ទៅ​សាធារណៈ ជាពិសេស​យុវជន ឲ្យ​យល់ដឹង​កាន់តែច្បាស់ ដើម្បី​ធ្វើការ​កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ ឲ្យ​បាន​ត្រឹមត្រូវ និង​គោរព​ទៅតាម​ក្បូន​សរសេរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជ័យ ចាប  ដែល​បន្ថែមថា យុវជន​ត្រូវតែ​រួមគ្នា​ការពារ ថែរក្សា និង​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​។ 
 
​ដើម្បី​ឲ្យ​ភាសាជាតិ​នៅ​គង់វង្ស​យូរអង្វែង លោក ជ័យ ចាប ជំរុញ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ សមាគម​អ្នកនិពន្ធ​ខ្មែរ ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ យុវជន គ្រូបង្រៀន អ្នកនិពន្ធ និង​អ្នកសារព័ត៌មាន ចូលរួម​សហការគ្នា បង្កើត​កម្មវិធី​ដែល​ទាក់ទង​នឹង​អក្សរ​ខ្មែរ​ឲ្យ​កាន់តែច្រើន ដើម្បី​លើកស្ទួយ​ផ្នែក​អក្សរសាស្ត្រ​ឲ្យ​រីកចម្រើន​៕ 
 

Tag:
 ជ័យ ចាប​
 ​ ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com