ជាតិ
សង្គមជាតិ
ត្រឹមឆមាសទី១ អ្នកញៀនគ្រឿងញៀនជាង៣០០០នាក់ ទទួលសេវាព្យាបាលពីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្នុងឆមាសទី ១ ឆ្នាំ២០១៨នេះ អ្នកញៀនគ្រឿងញៀនចំនួន ៣២៣១នាក់ បានមកទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋាននានារបស់ក្រសួងសុខាភិបាល។ ចំនួនអ្នកមកទទួលសេវាព្យាបាលនេះ មានការកើនឡើងចំនួន ១០២% បើប្រៀបនឹងឆមាសទី១ ឆ្នាំ ២០១៧ មានត្រឹម ១៥៩៦នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ស្ដីពីការព្យាបាលអ្នកញៀនគ្រឿនញៀនទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ចំនួនអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលនានា មានចំនួន ៣២៣១នាក់ ក្នុងនោះ បុរស ៩៣% និងស្ត្រី ៧%។ អ្នកញៀនគ្រឿនញៀនដែលមកទទួលការព្យាបាល បានបែងចែកជាពីរ គឺអ្នកញៀនប្រភេទអំហ្វេតាមីន ដែលមានចំនួន ៣១០៨នាក់ និងអ្នកញៀនប្រភេទហេរូអ៊ីន មានចំនួន ១២៣។ អ្នកញៀនគ្រឿងញៀនទាំងអស់នោះ បានទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាតិ, មន្ទីរពេទ្យបង្អែក, មណ្ឌលសុខភាព, មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាជាដើម។
ក្រសួងសុខាភិបាល បន្តថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងបានបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលដោយបានបណ្ដុះបណ្ដាលគ្រូពេទ្យមួយចំនួនផងដែរ។ បន្ថែមលើនេះ ការព្យាបាលអ្នកញៀនគ្រឿងញៀន គឺផ្អែកលើសហគមន៍ ដោយទាមទារឲ្យមានកិច្ចសហការអន្តរវិស័យ ជាពិសេសក្រសួងសុខាភិបាល បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
Tag:
គ្រឿងញៀន
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com