អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តំណាង​ព្យុងយ៉ាង​៖«​កូរ៉េខាងជើង​មិន​បោះបង់​អាវុធ​ឯកតោ​គី​ឡើយ បើ​អាមេរិក​មិន​ធ្វើ​ឲ្យ​ខ្លួន​ជឿទុកចិត្ត​»
30, Sep 2018 , 7:39 pm        
រូបភាព
 តំណាង​កូរ៉េខាងជើង​ប្រាប់ UN ថា អាមេរិក​នៅ​បន្ត​ដាក់​សម្ពាធ​កូរ៉េខាងជើង​តាមរយៈ​ទណ្ឌកម្ម ទោះបី​ខ្លួន​បង្ហាញ​ឆន្ទៈ​ច្បាស់​ក្នុងការ​រំសាយ​អាវុធ​ក៏ដោយចុះ​។ វា​ត្រឹមតែ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​កាន់តែ​មិន​ទុកចិត្ត​លើ​អាមេរិក​ប៉ុណ្ណោះ​។​


​តំណាង​ក្រុង​ព្យុងយ៉ាង​បានបង្ហាញ​ការខកចិត្ត​ខ្លាំង​នៅ​ចំពោះមុខ​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​សៅរ៍​ទី ២៩ ខែកញ្ញា ដោយ​អះអាងថា ការបន្ត​ទណ្ឌកម្ម​របស់​អាមេរិក​ពិបាកធ្វើ​ខ្លួន​ពិបាក​ជឿទុកចិត្ត​អាមេរិក​ជាពិសេស​រឿង​សន្តិសុខ​ជាតិ​។ កូរ៉េខាងជើង​ក៏​ប្រកាសថា បើ​គ្មាន​ការទុកចិត្ត​គ្នា ខ្លួន​នឹងមិន​បោះបង់​នុយក្លេអ៊ែរ​ជា​លក្ខណៈ​ឯកតោភាគី​នោះឡើយ​។​
 
​ក្នុង​សប្តាហ៍​នេះ​ទាំង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានបញ្ជាក់​ច្បាស់​ហើយ​នៅ​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា គ្មាន​ឡើយ​ការដក​ទណ្ឌកម្ម​ឬ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​កូរ៉េខាងជើង​ឡើយ រហូតដល់​ថ្ងៃ​ដែល​ឧបទ្វីប​កូរ៉េ​អស់​អាវុធ​នុយក្លេអ៊ែរ​។ 
 
​ការប្រកាស​ពី​ជំហ​របស់​អាមេរិក​ជាក​ស្តែង​នេះ ធ្វើឡើង​ស្របពេល​ដែល​ភាគី​អាមេរិក និង​កូរ៉េខាងជើង​ព្យាយាម​ព្យាយាម​រៀបចំ និង​កំណត់​ថ្ងៃ​ជួបគ្នា​រវាង​លោក ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ជាថ្មី​ដែរ​។ ប្រមុខ​ការទូត​អាមេរិក​នឹង​ចាក​ចេញទៅ​ព្យុងយ៉ាង​នៅ​ខែក្រោយ​ដើម្បី​ពិភាក្សា​ពី​ការចរចា​ទៅមុខ និង​ចាត់ចែង​រឿង​ជំនួប​កំពូល​នេះ​។  
​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ជំហរ​របស់​រដ្ឋបាល​អាមេរិក​ដែល​នៅ​បន្ត​ដាក់​សម្ពាធ​លើ​ខ្លួន​ក្រោម​អំណាច​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះ​។ 
 
​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho អះអាងថា កូរ៉េខាងជើង​បាន​បញ្ឈ​ប់​រួចរាល់​អស់ហើយ​រាល់​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ហើយ​មានការ​បំផ្លាញ​ទីតាំង​សាកល្បង​អាវុធ​ផង​។​
 
​កូរ៉េខាងជើង​ក្តៅក្រហាយ​ដែល​អាមេរិក​មិន​ឆ្លើយតប​វិជ្ជមាន បែ​ជា​គិតតែ​ប្រឹង​បង្កើន​សម្ពាធ​
​យ៉ាងណាមិញ លោក​បាន​សង្កត់ធ្ងន់ថា កូរ៉េខាងជើង​មិនទាន់​ឃើញ​សកម្មភាព​ឆ្លើយតប​វិជ្ជមាន​ណាមួយ​កើតមាន​ពី​ខាង​ភាគី​អាមេរិក​ឡើយ ក្រៅតែពី​បបួល​គេឯង​ឲ្យ​បន្ត​បង្កើន​សម្ពាធ​លើ​ខ្លួន​នោះ​។ ប្រមុខ​ការទូត​រូបនេះ​បន្ថែមថា វា​មានតែ​ការបន្ត​ទណ្ឌកម្ម​របស់​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​ភាគី​ទាំងពីរ​កាន់តែ​មិន​ទុកចិត្ត​គ្នា​ខ្លាំង​ប៉ុណ្ណោះ​។​
​កង្វះ​ការទុកចិត្ត​គ្នា​នេះ បើតាម​ការពន្យល់​រប​ស់លោក Ri ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​គ្មាន​ទំនុកចិត្ត​ទាល់តែសោះ​លើ​ការធានា​សន្តិសុខ​ជាតិ​របស់ខ្លួន​នៅពេល​អនាគត ហើយ​ក្នុងស្ថានភាព​បច្ចុប្បន្ន វា​គ្មាន​ផ្លូវ​ឡើយ​ដែល​កូរ៉េខាងជើង​ត្រូវ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ជា​លក្ខណៈ​ឯកតោភាគី​មុន​ឡើយ​។ 
 
​លោក Ri និយាយ​ដូច្នេះ​៖«​ជំនឿ​ដែលថា ទណ្ឌកម្ម​អាចធ្វើ​ឲ្យ​យើង​លុតជង្គង់​នោះ​គឺជា​សុបិន​ស្រពេចស្រពិល​នៃ​មនុស្ស​មួយចំនួន​ដែល​មិន​យល់ដឹង​ច្បាស់​ពី​យើង​។ ប៉ុន្តែ​បញ្ហា​នៅពេលនេះ​គឺ ការដាក់ទណ្ឌកម្ម​ប្រឆាំង​យើង​កំពុង​ធ្វើ​ឲ្យ​ការមិនទុកចិត្ត​របស់​យើង​ចំពោះ​អាមេរិក​កើនឡើង​កាន់តែខ្លាំង​»​។ 
 
​ប្រមុខ​ការទូត​កូរ៉េខាងជើង​រូបនេះ​បន្តថា​៖« គ្មាន​ជំនឿ​ទុកចិត្ត​លើ​អាមេរិក វា​នឹង​មិនមាន​ទំនុកចិត្ត​ដូចគ្នា​លើ​បញ្ហា​សន្តិសុខ​ជាតិ​របស់​យើង ហើយ​ក្រោម​ស្ថានភាព​បែ​នេះ វា​គ្មាន​ផ្លូវ​ឡើយ​ដែល​យើង​ត្រូវ​បោះបង់​អាវុធ​ដោយ​ឯកឯង​មុន​នោះ​»​។​
 
​នៅ​ដើម​សប្តាហ៍​នេះ ពេល​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​កូរ៉េខាងជើង​លោក មូ​ន ចេ​អ៊ី​ន ដែល​ទើប​មកពី​ប្រជុំ​អន្តរ​កូរ៉េ​នៅ​ក្រុង​ព្យុងយ៉ាង បាន​ពាំនាំ​សម្តី​លោក គីម ជុង​អ៊ុន​មួយចំនួន​ផងដែរ​ជុំវិញ​ការចរចា​និង​ឈានទៅ​រំសាយ​អាវុធ​។ លោក គីម បាន​បញ្ជាក់ថា កូរ៉េខាងជើង​នៅតែមាន​ឆន្ទៈ​ក្នុង​ការបន្ត​រំសាយ​នុយក្លេអ៊ែរ ហើយ​ចង់​មាន​ជំនួប​ជាមួយ​លោក ត្រាំ ជាថ្មី​នៅ​ឆាប់ៗ​ខាងមុខ​នេះដែរ​។ 
 
​ដោយ​បង្ហាញ​ឆន្ទៈ​លោក កូរ៉េខាងជើង​ក៏បាន​ចាប់ផ្តើម​កម្ទេចចោល​ទីតាំង​សាកល្បង​អាវុធ​នៅឯ​តំបន់ Tongchang Ri និង​នៅ Yongbyon  ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​ផលិត​សារធាតុ​ផ្សំ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ​។ កូរ៉េខាងជើង​ចង់បាន​ការរំសាយ​អាវុធ​នៅមុន​ខែមករា​ឆ្នាំ ២០២១ ដែរ មុនពេល​លោក ត្រាំ បញ្ចប់​អាណត្តិ​ដឹកនាំ​ទីមួយ​របស់ខ្លួន​។ 
 
​នៅក្នុង​មហាសន្និបាត​កាលពី​ថ្ងៃ អង្គារ ប្រធានាធិបតី ត្រាំ ក៏បាន​ឆ្លៀតឱកាស​អរគុណ​ដល់​លោក គីម ផងដែរ ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ការ​ឈានទៅ​រំសាយ​សព្វាវុធ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។ មិន​ខុសពី​លោក គីម​ដែរ មេដឹកនាំ​អាមេរិក​រូបនេះ​ចង់​ឲ្យ​មានការ​ជួប​ទល់​មុខជា​ថ្មី​ជា​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េ​កាន់តែ​ឆាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​ផង​។​
 
​ចិន និង​រុស្ស៊ី​ចង់បាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​
​ទំនុក​ចិត្តជា​ពាក្យ​មួយ​ដែល​ភាគី​ទាំង​ពីរលើក​ឡើងជា​ទឡ្ហី​ករ​ណ៍​ការពារ​ឥរិយាបថ និង​ចំណាត់ការ​រៀងខ្លួន​។ ប៉ុន្តែ​សម្រាប់​អាមេរិក ទំនុកចិត្ត​ទំនងជា​ផ្អែកលើ​ការ​ប្រែ​ប្តូរ​ឥរិយាបថ​ទាំងមូល​របស់​កូរ៉េខាងជើង​ដោយ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង និង​អចិន្ត្រៃយ៍ ដោយ​គ្មាន​ការដាក់​លក្ខខណ្ឌ​ជាមុន​ឡើយ​។​
 
​ចំណែក​មហាអំណាច​ពីរ​ផ្សេងទៀត​ដូចជា​ចិន​ដែលជា​ខ្នងបង្អែក​កូរ៉េខាងជើង និង​រុស្ស៊ី​ដែល​តាំងខ្លួន​ជា​មិត្ត​ចំណាស់​របស់​កូរ៉េខាងជើង​ឯណោះ​វិញ ក៏​ចង់​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែរ​។ មហា​អំណ​ច​ទាំងពីរ​យល់ថា ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ​ជាការ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កូរ៉េខាងជើង​ប្រឹងប្រែង​បន្ថែមទៀត ព្រោះ​កូរ៉េខាងជើង​កំពុង​ចង់បាន​ការរីកចម្រើន​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ផង​នោះ​។​
 
​នៅ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​និយាយ​ត្រង់ៗ​ថា ការរីកចម្រើន​យ៉ាង​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ក៏ដូចជា​ភាពចុះ​សម្រុង​ខ្លះៗ​រវាង​អាមេរិក និង​កូរ៉េខាងជើង​អាចជា​ហេតុផល​សម្រាប់​កា​រប​ន្ថូ​រ​បន្ថយ​ទណ្ឌកម្ម​ហើយ​។ 
 
​ចំណែក​រុស្ស៊ី​ក៏មាន​យោបល់​ប្រហាក់ប្រហែលគ្នា​ព្រោះ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​នេះ​ជា​ប្រយោជន៍​មួយ​សម្រាប់​ខ្លួន​នៅពេល​អនាគត​ដែរ​។​
 
​តាមពិតទៅ ចិន និង​រុស្ស៊ី​កន្លងមក​រង​ការចោទប្រកាន់​ជា​ញឹកញាប់​ពី​ខាង​ក្រុង​វ៉ាស៊ីនតោន​រឿង​បំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​បន្ត​រកស៊ី​ជួញដូរ​ប្រេង និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កូរ៉េខាងជើង ហើយ​រុស្ស៊ី​ឯណោះ​វិញ​បាន​ទទួលយក​ពលករ​កូរ៉េខាងជើង​រាប់ពាន់នាក់​ឲ្យ​បម្រើ​ការងារ​ក្នុង​ទឹកដី​ខ្លួន ដែល​វា​សុទ្ធសឹង​ជា​ប្រភព​នៃ​ហិរញ្ញវត្ថុ​សម្រាប់​របប​ដឹកនាំ​កូរ៉េ​ខាង​ចើ​ង​សព្វថ្ងៃ​ដែរ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com