ជាតិ
សង្គមជាតិ
អាជ្ញាធរ​គ្រប់គ្រង​ចរាចរណ៍ ដាស់តឿន​អ្នកបើកបរ ឲ្យ​ប្រុងប្រយ័ត្ន ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
30, Sep 2018 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកបើក​បរ ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​អ្នក ធ្វើដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​, ពាក់មួក​សុវត្ថិភាព​, ពាក់​ខ្សែក្រវ៉ាត់​, មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​ងងុយដេក និង​បើកបរ​ដោយ​គោរព​គ្នា​ទៅវិញទៅមក​។ ការអំពាវនាវ​នេះ ព្រោះតែ​កន្លងមក មាន​អ្នកស្លាប់  រងរ​បូស និង​ខូចខាត​សម្បត្តិ​ជាច្រើន ដោយសារ​ធ្វេសប្រហែស​ក្នុងការ​បើកបរ​។​

 
​សេចក្តីអំពាវនាវ ដែលមាន​ការចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា​៖«​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​នឹង​កើតឡើង​ភ្លាមៗ បើ​អ្នកបើកបរ មិនមាន​ការប្រុងប្រយ័ត្ន និង​ខ្ជីខ្ជា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​»​។ 
 
​សេចក្តីអំពាវនាវ​នេះ​ដដែល បាន​កត់សម្គាល់ថា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ មាន​កំណើន​យានយន្ត​ធ្វើ​ចរាចរណ៍​ច្រើន ដែល​បណ្តាល​ឲ្យ​មានការ​កកស្ទះ និង​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លងទៅ​។ មូលហេតុ​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​ការបើកបរ ត្រូវគោរព​សិទ្ធ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍  និង​ប្រកាន់​ស្តាំ​, មិនត្រូវ​បត់ ឬ​វ៉ា​ជែង និង​បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព និង​ខ្សែក្រវ៉ាត់​ជានិច្ច​៕ 
 
 

Tag:
 ភ្ជុំបិណ្ឌ​
  ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com