ភ្នំពេញ៖ កាលពីពេលមុន ពលរដ្ឋខ្មែរគ្មានជម្រើសច្រើនទេ។ នៅពេលដែលពួកគេមានប្រាក់ ពួកគេភាគច្រើនត្រូវតែសម្រេចចិត្តទិញផ្ទះល្វែងនៅក្នុងក្រុងដើម្បីរស់នៅ ឬធ្វើជំនួញផ្សេងៗ។ តែនៅពេលនេះ ជម្រើសមានកាន់តែច្រើន ដូច្នេះការសម្រេចចិត្តកាន់តែលំបាកជាងមុន។ តើគួរទិញ ខុនដូ នៅកណ្តាលក្រុង, គួរទិញផ្ទះល្វែងក្នុងក្រុង ឬគួរទិញផ្ទះបុរីនៅក្រៅក្រុង? តើជម្រើមួយណាល្អជាង?
ទីក្រុងកាន់តែទំនើប ទីក្រុងកាន់តែចង្អៀត របៀបរស់នៅរបស់អ្នកទីក្រុងក៏ត្រូវតែផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែងដែរ។ ក្នុងរយៈពេលប្រមាណជាង៥ឆ្នាំចុងក្រោយនេះ សំណង់បុរីមានការរីកចម្រើនស្ទើរគ្រប់ជ្រុងនៃទីរាជធានីភ្នំពេញ តែភាគច្រើននៃបុរីទាំងនោះ ស្ថិតនៅក្រៅក្រុងភ្នំពេញបន្តិច ពោលគឺស្ថិតនៅជាយក្រុង។
បើទោះបីជាឆ្ងាយបន្តិចមែន តែបុរីនីមួយៗមានទីតាំងធំទូលាយ និងគ្របដណ្តប់ដោយបរិយាកាសបៃតងដែលមើលទៅគួរឲ្យចង់រស់នៅជាទីបំផុត។ បុរីនីមួយៗច្រើនសាងសង់គេហដ្ឋានបែបវីឡាកូនកាត់ ផ្ទះល្វែងបែបសម័យថ្មី ឬវីឡាបែបទំនើប។ លើសពីនេះទៅទៀត បុរីនីមួយៗដែលត្រូវបានបង្កើតឡើង ច្រើនមានវត្តមានផ្សារទំនើប និងទីកន្លែងសម្រាប់ហាត់កីឡា។
ដោយសារតែភាពសម្បូរបែប ភាពប្រណិត និងភាពងាយស្រួលនៃការរស់នៅរបស់បុរីនេះហើយ ទើបពលរដ្ឋខ្មែរជាច្រើននាក់បាននាំគ្នាសម្រុកទិញ និងរស់នៅក្នុងបុរីនាពេលបច្ចុប្បន្ននេះ។ គុណសម្បត្តិមានច្រើន តែក៏មានដែរគុណវិបត្តិនោះ។ អតិថិជនខ្លះ មិនរំភើបនឹងភាពស៊ីវិល័យរបស់បុរីទេ ព្រោះ បុរីភាគច្រើនត្រូវបានសាងសង់នៅក្រៅក្រុងភ្នំពេញ។ ចម្ងាយផ្លូវឆ្ងាយពីកណ្តាលក្រុងនេះ បានធ្វើឲ្យអតិថិជនមួយចំនួនរារែកចិត្តមិនចង់ទិញគេហដ្ឋានក្នុងបុរីឡើយ។ អ្នកខ្លះថា បុរីឆ្ងាយពីកន្លែងធ្វើការ, ឆ្ងាយពីសាលារៀនសម្រាប់កូនចៅ, ឆ្ងាយពីហាងអាហារនានា និងឆ្ងាយពីទីផ្សារបែបបុរាណនានា។ កាន់តែឆ្ងាយ កាន់តែចំណាយ។ កាន់តែឆ្ងាយ កាន់តែលំបាក។
ប្រសិនបើមានបុរីនៅក្បែរ ឬជាប់នឹងក្រុងវិញ គ្មាននរណាម្នាក់មិនស្រឡាញ់ភាពទំនើបរបស់បុរីឡើយ។ តែបើនៅក្បែរក្រុង ពេលនោះ តម្លៃថ្លៃនៃបុរី គឺជាឧបសគ្គចំពោះអតិថិជន ពោល គឺមិនមែនចម្ងាយទៀតឡើយ។
ងាកមកវត្តមាន ខុនដូ វិញ។ ខុនដូ គឺអគាររស់នៅបែបសម័យថ្មី។ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមចង់រស់នៅក្នុងអគារ ខុនដូ ដែរ បើទោះបីជាចំនួនពលរដ្ឋខ្មែរនៅមានចំនួនតិចតួចបើប្រៀបធៀបទៅនឹងជនបរទេសក៏ដោយ។ មូលហេតុ គឺដោយសារ អគារ ខុនដូ ស្ថិតនៅកណ្តាលក្រុង។ មានដែរ ខុនដូ នៅក្រៅក្រុង តែមានចំនួនតិចតួចណាស់។ ខុនដូ គឺជាអគារសហកម្មសិទ្ធិ។ សូមបញ្ជាក់ថា ជនបរទេសអាចមានសិទ្ធិទិញបន្ទប់ ខុនដូ បាន។ តែមិនអាចទិញផ្ទះដែលនៅជាប់ដីបានឡើយ។
សម្រាប់គ្រួសារតូចល្មម អតិថិជនច្រើនជ្រើសរើសយកបន្ទប់ ខុនដូ ព្រោះ វាស្ថិតនៅកណ្តាលក្រុង រស់នៅខាងលើខ្ពស់ពីគេហដ្ឋានធម្មតាដែលអនុញ្ញាតឲ្យម្ចាស់ ខុនដូ អាចគយគន់ទេសភាពទីក្រុងភ្នំពេញបានយ៉ាងស្រួល។ កាន់តែខ្ពស់ កាន់តែរំភើប និងកាន់តែអស្ចារ្យ តែវាក៏កាន់តែថ្លៃដែរ។ ខុនដូ ស្ថិតនៅទីប្រជុំជន, ស្ថិតនៅជិតសាលារៀន, កន្លែងធ្វើការ, ផ្សារ, កន្លែងណាត់ជួបគ្នាកម្សាន្ត។ល។ តែគុណវិបត្តិវិញ ក៏មានដែរ ដូចជា៖ ម្ចាស់កម្មសិទ្ធិរួម, រស់នៅក្នុងអគារថ្មរួម, បន្ទប់ជាប់ៗគ្នា, ជិះជណ្តើរយន្តរួមគ្នា, គ្មានទីធ្លាជាលក្ខណៈឯកជន។ល។ ចំណុចអវិជ្ជមានមួយទៀត ដែល អតិថិជនខ្មែរតែងតែលើកឡើងដែរនោះ គឺតើហេតុអ្វីបានជាពួកគេត្រូវទិញអគារ ខុនដូ ដែលជាសហកម្មសិទ្ធិនៅលើអាកាស? ហេតុអ្វីពួកគេមិនទិញគេហដ្ឋានជាប់ដី? ផ្នត់គំនិតអតិថិជនខ្មែរ គិតថា ខុនដូ រស់នៅចង្អៀតចិត្ត ជាងរស់នៅជាប់ដីដែលមានទីធ្លាធំទូលាយជាង។
ងាកមកនិយាយពីផ្ទះលែ្វងបែបបុរាណនៅកណ្តាលក្រុងវិញ។ ប្រភេទផ្ទះល្វែងនេះ មានប្រជាប្រិយភាពតាំងពីពេលអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រជាប្រិយភាពរបស់ផ្ទះល្វែងបានមកដោយសារតែផ្ទះល្វែងបែបបុរាណភាគច្រើនត្រូវបានគេសាងសង់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមទីប្រជុំជននានា។
សម្រាប់អតិថិជនខ្លះ ផ្ទះល្វែងបែបបុរាណនៅក្នុងក្រុងភ្នំពេញមានគុណសម្បត្តិច្រើនដូចជា៖ ផ្ទះល្វែងមានទីតាំងស្ថិតនៅក្នុងក្រុងភ្នំពេញ-ទីប្រជុំជនដែលអនុញ្ញាតឲ្យគេអាចរកស៊ីទទួលទានបាន អាចជួលបាន និងមិនចាំបាច់ធ្វើដំណើរទៅធ្វើការ ឬទៅសាលាកូនចៅឆ្ងាយ។ លក្ខណៈពិសេសរបស់ផ្ទះល្វែង គឺរស់នៅបាន រកស៊ីទទួលបាន ឬជួលបាន។ ជួនកាល ផ្ទះល្វែងមួយល្វែងនៅទីប្រជុំជន (Shop-house) អាចបង្កើតសេវាបានបី។ ជាន់ក្រោម ម្ចាស់ផ្ទះអាចបើកជំនួញបាន។ ជាន់ទីឡៅតឿ ឬជាន់ទីមួយ ម្ចាស់ផ្ទះអាចស្នាក់នៅខ្លួនឯងបាន។ ជាន់ទី២ ឬទី៣ ឬទី៤ ម្ចាស់ផ្ទះអាចជួលបាន។
តែគុណវិបត្តិរបស់ផ្ទះល្វែងក៏មានដែរ៖ ចង្អៀតស្អុះស្អាប់ ហប់ ខ្វះខ្សល់អាកាសបរិសុទ្ធចេញចូល។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវចេញ ឬផ្លូវចូលនៃសហគមន៍ផ្ទះល្វែងមួយចំនួនច្រើនមានលក្ខណៈតូចចង្អៀត ឬលិចទឹកភ្លៀង។ល។ និយាយជារួម បរិយាកាសផ្ទះល្វែងក្នុងក្រុងមិនសូវជាល្អណាស់ណាឡើយ។
ជាការពិត សម្រាប់អ្នកមានធនធាន ពួកគេកំពុងជ្រើសរើសរវាងគេហដ្ឋានខុនដូ ឬ ផ្ទះល្វែងក្នុងក្រុង ឬផ្ទះក្នុងបុរីក្រៅក្រុង ឬក៏ពេលខ្លះ ចៀសវាងការលំបាកក្នុងការសម្រេចចិត្ត, ពួកគេទិញទាំងបីប្រភេទហ្នឹងតែម្តង។ ចុះសម្រាប់អ្នកមិនសូវមានលទ្ធភាពចំពោះគេហដ្ឋានប្រភេទខាងលើវិញ តើពួកគេគួរគិតគូរទិញអ្វីវិញទៅ?
សម្រាប់អ្នកមានហិរញ្ញវត្ថុទន់ខ្សោយ ឬសម្រាប់គូស្រករថ្មីថ្មោង ខុនដូ តម្លៃទាបក្នុងក្រុង ឬដីឡូតិ៍ពុះលក់តម្លៃសមរម្យនៅក្រៅក្រុង(តែកុំឲ្យឆ្ងាយពេក) គឺជារឿងដែលគួរពិចារណា៕
តារាងតម្លៃ៖
-តម្លៃជាមធ្យមនៃផ្ទះល្វែងទូទៅក្នុងក្រុងភ្នំពេញ៖ ១៥ម៉ឺនដុល្លារ
-តម្លៃជាមធ្យមនៃផ្ទះល្វែងតំបន់ពាណិជ្ជកម្មក្នុងក្រុងភ្នំពេញ៖ ២៥ម៉ឺនដុល្លារ(ផ្ទះល្វែងខ្លះអាចមានតម្លៃជាង១លានដុល្លារ)
-តម្លៃជាមធ្យមនៃផ្ទះល្វែងក្នុងបុរីជាទូទៅ៖ ៨ម៉ឺនដុល្លារ
-តម្លៃវីឡាភ្លោះជាមធ្យមនៅក្នុងបុរី៖ ២០ម៉ឺនដុល្លារ
-តម្លៃ ខុនដូ កម្រិតធម្មតា៖ ៤ម៉ឺនដុល្លារ
-តម្លៃ ខុនដូ កម្រិតខ្ពស់៖ ជាង១០ម៉ឺនដុល្លារ
សូមបញ្ជាក់ថា តម្លៃខាងលើនេះ គឺជាតម្លៃប៉ាន់ស្មាន និងមិនលម្អិតគ្រប់ប្រភេទនៃគេហដ្ឋានឡើយ។