ជាតិ
សង្គមជាតិ
ឯកសារ​ក្នុង​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ត្រូវបាន​រក្សាទុក​ក្នុង​ឌីជីថល ជាង​៣៥​ភាគរយ​ហើយ​
30, Sep 2018 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ ឯកសារ​ក្នុងសម័យ​ខ្មែរក្រហម​ប្រមាណ​៤០០,០០០ កំពុង​ត្រូវបាន​ថតចម្លង​នឹង​រក្សាទុក​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។ ឯកសារ​ទាំងនោះ​នឹងដាក់​ឲ្យ​សាធារណៈជន អាច​ចូល​មើល​បាន​នៅក្នុង​គេហទំព័រ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ក្រោយ​បញ្ចប់​គម្រោង​។ នេះ​បើតាម​កិច្ចប្រជុំ​តាមដាន​នឹង​ពិនិត្យ​បច្ចុប្បន្នភាព​នៃ​ក​ម្រោ​ង​ឌីជីថល​កាលពីពេល​ថ្មីៗ​នេះ​។​

 
​លោក ឆាយ វិសុទ្ធ ប្រធានការិយាល័យ​សារមន្ទីរ​ទួលស្លែង​បានលើកឡើង​ថា ការ​ចងក្រង​និង​ថតចម្លង​ឯកសារ​ទាំងនោះ គឺ​ដើម្បី​អភិរក្ស​ឯកសារ​ដើម និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​អ្ន​ក​សិក្សា​ស្រាវជ្រាវ​នានា​ដែល​ចង់ដឹង​ព័ត៌មាន​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម អាច​រកបាន​នៅក្នុង​គេហទំព័រ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដោយ​មិនចាំបាច់​ប៉ះពាល់​ឯកសារ​ដើម​។ 
 
​លោក​បាន​និយាយថា​៖« យើង​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​ឯកសារ​ដើម ដោយសារ​ឯ​សារ​ខ្លះ​ពុកផុយ​មែនទែន នៅពេលដែល​យើង​ប៉ះពាល់​ដោយ​មិន​ប្រយ័ត្នប្រយែង​វា​នឹង​បំផ្លាញ់​ឯកសា​នោះ ចឹ​ង​ក្រោយ​យើង​ធ្វើ​ហើយ​យើង​លែង​ប៉ះពាល់​ឯកសារ​ដើម ។​យើង​អភិវឌ្ឍន៍​គម្រោង​តាំងពី​ខែមករា​មក ប៉ុន្មាន​ខែ​នេះ យើង​សម្រេចបាន​៣៥​ភាគរយ​នៃ​គម្រោង​ទាំងមូល​របស់​យើង គម្រោង​នឹង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩»​។​
 
​លោក​ក៏បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅសល់​ឯកសារ​ក្នុងសម័យ​ប៉ុលពត ផ្ដល់​មក​សារមន្ទីរ​ដើម្បី​រក្សារ​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​។  
 
 
​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នេះ​មានការ​ចូលរួម​ពី​លោកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​, លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​, រូ​ម​ទាំង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ផងដែរ​។​គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ (KICA) អង្គការ​យូណេស្កូ​។​
 
​គួ​រម្លឹកថា ក្នុង​ឆ្នាំ​២០០៩ ឯកសារ​នានា​ក្នុងសម័យ​ខ្មែរក្រហម​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​ស្មារតី​នៃ​ការចង់ចាំ​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៧ មាន​សារ​ធា​រណៈ​ជនជាតិ និង​អន្តរជាតិ​ចំនួន​៤៥០,០០០​នាក់ បានមក​ទស្សនា​សារមន្ទី​រ​ប្រល័យពូជសាសន៍​ទួលស្លែង​៕ 

Tag:
 ប្រវត្តិសាស្ត្រ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com