ជាតិ
តារាល្បីៗ
​ច្រៀង​១៧​ឆ្នាំ រ័ត្ន រចនា ទើប​ល្បី​ដោយសារ​ហ្វេ​ស​ប៊ុ​ក Live បទ «​មេម៉ាយ​សប្បាយចិត្ត​»
01, Oct 2018 , 2:40 pm        
រូបភាព
ដោយ:
​ការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កនា​ការប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀង បាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង​ម្នាក់​។ រ័ត្ន រចនា ប្រកប​អាជីព​ជា​តារាចម្រៀង​អស់​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ទើបតែ​ល្បីល្បាញ​នា​រយៈពេល​ជាង​មួយខែ​ចុងក្រោយ​នេះ ដោយសារ​បទ «​មេម៉ាយ​សប្បាយចិត្ត​» របស់​អ្នកស្រី ប៉ែន រ៉​ន​។ អរគុណ​ម្ចាស់​គណនី So Viseth ដែល​ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

 
«​សូម្បីតែ​គិត ក៏​មិនដែល​គិត​ផង គិត​ឆ្ងល់​ខ្លួនឯង​ដូច​ច្រៀង​យូរ​ឆ្នាំ​ហើយ ច្រៀង​ឡើង​ជិត​ឈប់​ច្រៀង​ទៅ​លក់​ចា​ហ៊ូ​យ​ហើយ ទើប​ល្បី​»​។ តារាចម្រៀង រ័ត្ន រចនា អាយុប្រមាណ​៣០​ឆ្នាំ បាន​ឆ្លើយ​បែប​កំប្លែង​យ៉ាង​ដូច្នេះ ទៅកាន់​ពិ​ធិ​ករ​ទូរទស្សន៍ CTN ទាក់ទង​នឹង​ភាពល្បីល្បាញ​ដ៏​មិន​នឹកស្មាន​របស់ខ្លួន​។​
 
​រចនា កើត​នៅ​ភ្នំពេញ ដែលមាន​ឪពុកម្តាយ​ជា​អ្នក​ស្វាយរៀង បាន​អះអាងថា ខ្លួន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​តាំងពីក្មេង ពោលគឺ​ជិត​២០​ឆ្នាំ​ទៅហើយ ដោយ​មិនដែល​គិតថា អាច​ក្លាយជា​តារាចម្រៀង​ល្បីល្បាញ​នោះឡើយ​។ 
 
​កាលពី​ជាង​១​ខែ​កន្លងមក លោក សូ វិ​សិទ្ធ ម្ចាស់​ក្រុម​ចម្រៀង វិ​សិទ្ធ តន្ត្រី បាន​ផ្សាយ​ផ្ទាល់​សកម្មភាព​ប្រគំ​តន្ត្រី ទៅតាម​ទម្លាប់​របស់លោក​។ ប៉ុន្តែ​អ្វីដែល​ទាក់ទាញ​បំផុត​នោះ គឺ​ការបកស្រាយ​បទ «​មេម៉ាយ​សប្បាយចិត្ត​» របស់ រ័ត្ន រចនា ដ៏​ពិ​រោះ ជាមួយនឹង​ការបង្កើន​បរិយាកាស​រី​ករាយ​។​
 
​រចនា ដែល​និយម​ច្រៀង​បទ​របស់​អ្នកស្រី ប៉ែន រ៉​ន ជាពិសេស​បទ «​មេម៉ាយ​សប្បាយចិត្ត​» នោះ អះអាងថា នេះ​ជា​លើកដំបូង​ដែល​ការ​ច្រៀង​របស់ខ្លួន ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Youtube ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ចុងក្រោយ​នេះ គឺ​ការធ្វើ​កាយវិការ​ត្រាប់​តាម​បទ​ចម្រៀង​នេះ នៅលើ​បណ្តាញ​សង្គម Tik Tok។​

អត្ថបទទាក់ទង


 
 
«​មេ [​សំដៅលើ​លោក សូ វិ​សិទ្ធ​] តែងតែ Live សកម្មភាព​ច្រៀង​របស់​ក្រុម ប៉ុន្តែ​ការ Live លើក​នេះ ទទួលបាន​នូវ​ការ Like និង Share យ៉ាងច្រើន​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បន្ត​ទៅលើ Youtube និង Tik Tok» នេះ​ជា​បញ្ជាក់​របស់ រចនា​។ 
 
​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​តាំងពី​ឆ្នាំ​២០០១​មក កញ្ញា រចនា ទើប​ចាប់ផ្តើម​មមាញឹក​នា​រយៈពេល​ជាង​១​ខែ​ចុង​ក្រោយនេះ ។ ទៅណា​មក​ណា មនុស្ស​ចំនួន ស្គាល់​រចនា ថា​ជា​អ្នក​ច្រៀង Cover បទ មេម៉ាយ​សប្បាយចិត្ត ហើយ​អ្នកខ្លះ​ដែល​មិនសូវ​ចាំ​ចំណងជើង​នាំគ្នា ថា​ជា​បទ ក្រឡាប់​ផ្កាប់​ផ្ញា​៕
 

Tag:
 រ័ត្ន រចនា​
  តារាចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com