សៀមរាប៖ វត្តមានកង់បីឥណ្ឌា បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ មានសន្ទុះកាន់តែខ្លាំងឡើង។ ការណ៍នេះ បានធ្វើឱ្យអ្នករត់កង់បីខ្មែរ បោះបង់ចោលកង់បីចាស់ដែលធ្លាប់រត់អស់ច្រើនឆ្នាំ មកទិញកង់បីឥណ្ឌាដែលប្រើបច្ចេកវិទ្យាទំនើប និងជាការពេញនិយមរបស់អតិថិជននាពេលបច្ចុប្បន្ន។ ជាមួយនឹងការសម្រុកទិញកកង់បីឥណ្ឌាធ្វើជាមធ្យោបាយដឹកជញ្ជូននេះ បានបង្កើតទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់មធ្យោបាយដឹកជញ្ជូនមួយនេះ។ ព្រោះថាកង់បីឥណ្ឌាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យចំណូលពីរបរនេះ ថមថយជាងពេលមុន ជាងពាក់កណ្ដាលឯណោះ។ បញ្ហានេះ បានធ្វើឱ្យអ្នករកទទួលទាន បារម្ភពីទីផ្សារកង់បីឥណ្ឌាទៅថ្ងៃមុខ ដែលអាចជួបនឹងបញ្ហាទីផ្សារដូចកង់បីខ្មែរយ៉ាងដូច្នោះដែរ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ដូចតទៅ៖
កង់បីឥណ្ឌាហាក់មមាញឹកខ្លាំងនារយៈពេលចុងក្រោយនេះ។ ប្រជាពលរដ្ឋនៅខេត្តសៀមរាប បែរមកជិះកង់បីឥណ្ឌាដែលមានតម្លៃថោកជាងកង់បីខ្មែរ។ ចំណែកភ្ញៀវទេសចរក្នុងស្រុក ដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប ពួកគេក៏ងាកមកជិះកង់បីឥណ្ឌាដែរ ដោយសារងាយស្រួលហៅ មិនបាច់តថ្លៃ និងមានតម្លាភាពរវាងអ្នករត់ និងអ្នកជិះជាដើម។
កំណើនកង់បីឥណ្ឌា មានសន្ទុះកើនខ្លាំងសម្រាប់ទីផ្សារនៅខេត្តសៀមរាប។ ចំនួនកង់បី មានការកើនឡើងខ្លាំងបើធៀបនឹងរយៈពេល២ ទៅ៣ខែមុន ដែលមានត្រឹមប្រមាណ ១០០គ្រឿងតែប៉ុណ្ណោះ តែបច្ចុប្បន្នវាបានកើនឡើងដល់ប្រមាណ ៥០០គ្រឿងហើយ។ នេះបើតាមការលើកឡើងរបស់អ្នករត់កង់បីឥណ្ឌាមួយរូប។
សម្រាកពីការដឹកភ្ញៀវ កង់បីរបស់លោក ឡាយ បានឈប់ចតនៅក្បែររង្វង់មូលនាគបាញ់ទឹកផ្សារចាស់។ ខ្ញុំមានពេលចូលទៅសាកសួរព័ត៌មានពីរបរដឹកភ្ញៀវរបស់លោក ឡាយ បន្តិច។ លោក ឡាយ ដែលធ្លាប់រត់កង់បីជាង១០ឆ្នាំមកនោះ បានផ្លាស់ប្ដូរមកទិញកង់បីឥណ្ឌា ក្នុងតម្លៃ ៣,៤៥០ដុល្លារ កាលពី៣ខែមុន។ លោកបានប្រៀបធៀបថា កាលពីពេលលោកទើបទិញ ប្រភេទកង់បីថ្មីនេះ មានប្រមាណ ១០០គ្រឿងទេ តែឥឡូវបរិមាណបានកើនដល់ប្រហែល ៤០០ទៅ ៥០០គ្រឿង ដែលធ្វើឱ្យរបរនេះ មិនសូវល្អដូចមុនឡើយ។
លោកពន្យល់យ៉ាងដូច្នេះថា កាលពីដំបូង កង់បីឥណ្ឌាពិតជារកចំណូលបានខ្ពស់ជាងកង់បីខ្មែរពិតប្រាកដមែន តែសព្វថ្ងៃ នៅពេលទីផ្សារកាន់តែចង្អៀត ចំណូលពីកង់បីទាំង២នេះ ប្រហាក់ប្រហែលគ្នា តែខុសគ្នាត្រង់ថា កង់បីឥណ្ឌាបានចំណូលរាល់ថ្ងៃដែលពឹងលើទីផ្សារទូទៅ និងជិតៗច្រើន ចំណែកង់បីខ្មែរ ពឹងលើការកក់ពីភ្ញៀវទេសចរដែលធ្វើដំណើរទៅតំបន់ប្រាសាទ និងកង់បីប្រចាំការនៅតាមសណ្ឋាគារជាដើម។ លោក ឡាយ ពន្យល់ថា កង់បីឥណ្ឌាពឹងលើទីផ្សារក្នុងក្រុងខ្លាំង មូលហេតុប្រហែលមកពីការផ្សព្វផ្សាយមិនទាន់បានទូលំទូលាយ ដូច្នេះទើបវារៀងចង្អៀតបន្តិចសម្រាប់ទីផ្សារភ្ញៀវអឺរ៉ុប សម្រាប់មធ្យោបាយដឹកជញ្ជូនថ្មីនេះ។
ដើមឡើយ លោក ឡាយ មានរបររត់កង់បីខ្មែរ តែដោយសារភ្ញៀវទេសចរកាន់តែថមថយទៅ លោកក៏សម្រេចចិត្តលក់កង់បីខ្មែរចោល ដោយមកទិញកង់បីឥណ្ឌាវិញ ព្រោះគិតថា អាចដឹកភ្ញៀវក្នុងស្រុកជំនួសភ្ញៀវទេសចរ ដែលមានពេលឡើង និងធ្លាក់ចុះតាមរដូវកាល។ លោកបន្ថែមថា ពលរដ្ឋខ្មែរមានការពេញនិយមក្នុងការជិះយានជំនិះបែបទំនើបនេះច្រើន បូករួមនិងជនបរទេសដែលធ្វើការ និងរស់នៅស្រុកខ្មែរផងដែរ។
ខ្ញុំមិនទាន់ទៅណាឆ្ងាយទេពីតំបន់ផ្សារចាស់ ដែលសម្បូរកង់បីឥណ្ឌា និងជាទីប្រជុំជនដ៏សំខាន់របស់ក្រុងសៀមរាប។ នៅមិនឆ្ងាយប៉ុន្មានពីកង់បីលោក ឡាយ ខ្ញុំបានទៅជួបសាកសួរលោក ជីង ម៉ាន ម្ដង។ លោក ជីង ម៉ាន ទើបនឹងទិញកង់បីឥណ្ឌារយៈពេល៣ថ្ងៃប៉ុណ្ណោះ ហើយលោកហាក់សប្បាយរីករាយចំពោះរបរថ្មីនេះជាខ្លាំង។
លោក ជីង ម៉ាន ទិញកង់បីឥណ្ឌាក្នុងតម្លៃ ៣,៦៥០ដុល្លារ គឺថ្លៃជាងលោក ឡាយ ទិញកាលពី៣ខែមុន។ កង់បីលោក ជីង ម៉ាន បានភ្ជាប់ប្រព័ន្ធ Pass App របស់ក្រុមហ៊ុន ដូចលោក ឡាយដែរ ដែលងាយស្រួលទំនាក់ទំនងជាមួយអតិថិជន និងទីផ្សារទូលំទូលាយ។ ក្នុងការភ្ជាប់សេវានេះ លោកត្រូវបែងចែកចំណូលជាមួយក្រុមហ៊ុន ដោយក្នុងមួយជើងលោកត្រូវកាត់សេវាទៅក្រុមហ៊ុនចំនួនប្រមាណ ៧០០រៀល។ ក្នុងមួយថ្ងៃលោកអាចរត់បានប្រមាណ ១០ម៉ឺនរៀល និងក្រោយកាត់ចំណាយហើយ លោកអាចសល់លុយពី៧ ទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃផងដែរ។ កង់បីលោក ជីង ម៉ាន ដឹកជញ្ជូនភាគច្រើននៅតំបន់ជិតៗ ហើយក្នុងមួយជើងតម្លៃ៤ពាន់រៀល ប៉ុន្តែការដឹកជញ្ជូនសឹងមិនមានពេលសម្រាកក៏មាន។
លោក ជីង ម៉ាន មើលឃើញទីផ្សារកង់បីឥណ្ឌាសព្វថ្ងៃនេះល្អសម្រាប់មុខរបរមួយនេះ។ លោកនិយាយដោយទឹកមុខញញឹមថា ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ក៏លោកអាចរកបាន ១០ដុល្លារដែរ មុនពេលចូលផ្ទះ ហើយអាចរកបានច្រើនជាងនេះ បើលោកតស៊ូរត់ដោយមិនដាក់កាលវិភាគសម្រាកនោះ។
កន្លងមក គេសង្កេតឃើញថា របររត់កង់បីភាគច្រើនជាការងារបុរស តែវាចម្លែកបន្ដិច បើការងារនេះមានស្ដ្រីរកដែរនោះ។ ខ្ញុំបានជួបអ្នកស្រី សំ នៅលើដងផ្លូវស៊ីវុត្ថា នៅកែងសណ្ឋាគារមួយកន្លែងក្បែរផ្សារចាស់ដែរ។ អ្នកស្រី បានឈប់សុំចតនៅកៀនផ្លូវ និងកំពុងពិនិត្យមើលទូរសព្ទ ដែលដាក់ភ្ជាប់ផ្នែកខាងមុខ កង់បីថ្មីរបស់អ្នកស្រី។ គាត់ប្រាប់ថា ទើបនឹងដូរមកទិញកង់បីឥណ្ឌានេះ ទើបនឹងបាន២,៣ថ្ងៃនេះទេ ដោយសារទ្រាំនឹងទីផ្សាររត់កង់បីខ្មែរមិនបាន។
អ្នកស្រី សំ ធ្លាប់រត់កង់បីខ្មែរជាងមួយឆ្នាំមកហើយ ដោយដាក់វេនជាមួយប្ដីអ្នកស្រី ឆ្លាស់វេនគ្នារត់ជាប្រចាំថ្ងៃ។ ជាមួយនឹងកង់បីឥណ្ឌា ដែលត្រូវប្រើប្រព័ន្ធភ្ជាប់ផែនទីក្នុងការដឹកជញ្ជូនភ្ញៀវ ដើមឡើយធ្វើឱ្យអ្នកស្រី សំ ដែលមានកម្រិតវប្បធម៌មិនសូវខ្ពស់ មានភាពស្មុគស្មាញបន្ដិចមែន តែឥឡូវនេះគាត់បានយល់ច្បាស់ចំពោះបច្ចេកវិទ្យាថ្មីនេះបានច្រើន ធ្វើឱ្យគាត់ងាយស្រួលក្នុងការស្វែងរកទីកន្លែងដែលភ្ញៀវហៅ។
ទៅថ្ងៃមុខ បើទីផ្សារកង់បីឥណ្ឌានៅល្អ អ្នកស្រី សំ មានបំណងទិញមួយគ្រឿងទៀត ដើម្បីពង្រីកចំណូលបន្ថែមសម្រាប់គ្រួសារ។ តែនៅចំពោះមុខនេះ ទីផ្សារមិនទាន់ទូលំទូលាយ កំណើនកង់បីឥណ្ឌាកាន់តែច្រើន អ្នកជិះនៅតិចនៅឡើយ អ្នកស្រី សំ ថាមិនទាន់សម្រេចទិញទេ ដោយខ្លាចរត់មិនរួច ណាមួយគ្រួសារអ្នកស្រីនៅជាប់បំណុលធានាគារមួយផ្នែកផងនោះ។
ចំណែកលោក ឡាយ លោកក៏បង្ហាញការបារម្ភចំពោះទីផ្សារកង់បីឥណ្ឌាដែរ។ លោកមើលឃើញថា ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតនៅឡើយ ក្នុងការដឹងឮពីមធ្យោបាយដឹកជញ្ជូនមួយនេះ ហើយពួកគេមួយចំនួននៅតែជិះម៉ូតូឌុប និងកង់បីខ្មែរនៅឡើយ។ មួយវិញទៀត គឺកំណើនអ្នករត់ស៊ីកង់បីឥណ្ឌានេះ កាន់តែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ ធ្វើឱ្យទីផ្សារមានភាពចង្អៀតខ្លះដែរ៕