រថយន្ត
អន្តរជាតិ
អាហ្វ្រិក​ខាងត្បូង និង​ម៉ា​រ៉ុ​ក ជាទី​ផ្សារ​រថយន្ត​ដ៏​ធំជាងគេ​នៅ​ទ្វីបអាហ្វ្រិក​
01, Oct 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​អាហ្វ្រិក​ខាងត្បូង និង​ម៉ា​រ៉ុ​ក គ្របដណ្តប់​ស្ទើរតែ​៩០​ភាគរយ​នៃ​ទីផ្សារ​រថយន្ត​នៅក្នុង​ទ្វីបអាហ្វ្រិក​ទាំងមូល ដោយ​មិនមែន​ត្រឹមតែ​ជាទី​តាំង​នៃ​ផលិតផល​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ប្រទេស​ទាំងពីរ ជា​គោលដៅ​ទាក់ទាញ​ដ៏​ធំ​នៃ​ក្រុមហ៊ុន​យានយន្ត​ក្រៅប្រទេស​។​

 
​ក្រុមហ៊ុន Renault-Psa, Toyota, Volkswagen, Mercedes, Hyundai និង​Ford ជាដើម​សុទ្ធតែ​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​អាហ្វ្រិក​។ នៅ​អាហ្វ្រិក​ខាងត្បូង រថយន្ត​ប្រមាណ​៤០០ ០០០​គ្រឿង​ត្រូវបាន​លក់ដាច់​ជា​រៀងរាល់ឆ្នាំ ពោល​គឺមាន​ភាគរយ​ច្រើនជាង​ទ្វីបអាហ្វ្រិក​ទាំងមូល​ទៅទៀត​។​
 
​នៅ​ម៉ា​រ៉ុ​ក​ឯណោះ​វិញ ក្រុមហ៊ុន PSA របស់​បារាំង បាន​បើក​ដំណើរការ​រោងចក្រ​ដែល​អាច​ផលិត​បាន​រថយន្ត​ប្រមាណ​៩០ ០០០​គ្រឿង ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ម​ជ្ឈឹ​ម​បូព៌ា​។ ក្រុមហ៊ុន​ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Renault ក៏​មើលឃើញ​ពី​សក្តានុពល​នៅ​អាល់​ហ្សេ​រី​ផងដែរ​។​
 
​ទោះបីជា​មានការ​វាយលុក​ពី​បណ្តា​ក្រុមហ៊ុន​ក្រៅ​ស្រុក​យ៉ាងណាក្តី ប៉ុន្តែ​ទីផ្សារ​នៅ​អាហ្វ្រិក​ទាំងមូល ក៏​ប្រឹង​ឈរជើង​យ៉ាងរឹងមាំ​ផងដែរ​។ ក្រុមហ៊ុន​ម៉ា​រ៉ុ​ក Laraki មាន​ផលិតផល​រថយន្ត Fulgura, Borac និង Epitome រួមទាំង​រថយន្ត​ទំនើប​ជាច្រើន​ទៀត​។​
 
​នៅ​អាហ្វ្រិក​ខាងត្បូង ក្រុមហ៊ុន​អាហ្វ្រិក​ក៏មាន​ចំនួន​ច្រើន​ផងដែរ ក្នុងនោះ​មានដូចជា Perana Performance Group, Z-One , Birkin Cars ដែល​ផលិត​រថយន្ត​ប្រភេទ​កីឡា S3 Roaster និង​Lotus Super 7 ជាដើម​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន Bailey Edwards Cars ក៏មាន​ឈ្មោះ​ល្បីល្បាញ​ផងដែរ​លើ​ផលិត​រថយន្ត​ប្រណាំង​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងទៀត​។ Advanced Automotive Design ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ​ផ្សេងទៀត​របស់​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ផលិត​ម៉ូ​ដែល Shaka Giotto  និង Shaka Nynya​។ 
 
​ម៉ូ​ដែល​មកពី​បណ្តា​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត​រួមមាន Saroukh el-Jamahiriya របស់​លី​ប៊ី Kiira EV នៃ​ក្រុមហ៊ុន Kiira Motors Corporation របស់​អ៊ូ​ហ្គ​ង់​ដា Wallyscar របស់​ទុយ​នី​ស៊ី IVM Uzo  និង IVM Umu នៃ​ក្រុមហ៊ុន Innoson Vehicle Manufacturing (IVM) របស់​នី​ហ្សេ​រី​យ៉ា Kantaka របស់​ហ្គា​ណា និង Mobius នៃ​ក្រុមហ៊ុន Kenya Vehicle Manufacturers (KVM) របស់​កេ​ន​យ៉ា ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com