អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ អ្នកទោស​ជាង​១​ពាន់​នាក់​ហែក​គុក ក្រោយ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ
01, Oct 2018 , 5:49 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​០១ តុលា បាន​បញ្ជាក់ថា​អ្នកទោស​ជាង​១២០០​នាក់ បាន​រត់គេច​ចេញពី​ពន្ធនាគារ​ចំនួន​៣​កន្លែង ក្នុង​កោះ Sulawesi  ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​តាំងពី​ថ្ងៃ​សុក្រ​ទី ២៨ ខែកញ្ញា​។

 
​ករណី​ហែក​គុក​ទ្រង់ទ្រាយ​ធំ​នេះ​បានកើត​ឡើង ក្រោយពី​រញ្ជួយ​ដី​ប្រមាណ​៧,៧​រ៉ិ​ច​ទ័​រ បាន​បង្កើត​រលក​យក្ស​ស៊ូណាមិ​វាយប្រហារ​លើ​ក្រុង Palu  នៃ​កោះ Sulawesi  កាលពី​ថ្ងៃទី​២៨ កញ្ញា​កន្លងទៅ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  មន្ត្រី​នៃ​ក្រសួងយុត្តិធម៌ លោកស្រី Sri Puguh Utami បាន​និយាយថា អ្នកទោស​ទាំងនោះ​បានរ​ត់​គេច​ចេញពី​ពន្ធនាគារ​ចំនួន​ពីរ​ក្នុង​ក្រុង Palu និង​មួយ​ផ្សេងទៀត​ក្នុង​ក្រុង Donggala ដែល​តំបន់​នេះ​ក៏​រង​ការធ្វើ​ប្រហារ​ដោយ​គ្រោះធម្មជាតិ​នេះ​ផងដែរ​។ 
 
«​ដំបូង​ឡើយ​វា​គ្មាន​បញ្ហា​អ្វី​នោះទេ​... ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយ​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ ទឹកបាន​ហូរ​ចូល​ទីធ្លា​ពន្ធនាគារ ដែល​បង្ក​ឲ្យ​អ្នកទោស​ទាំងនោះ​ភិតភ័យ ហើយ​រត់​ទៅកាន់​ដងផ្លូវ​តែម្តង​។ ខ្ញុំ​ប្រាកដ​ណាស់​ថា​អ្នកទោស​ទាំងនោះ​បានសម្រេច​ចិត្ត​ហែក​គុក ដោយសារ​ពួកគេ​ភ័យខ្លាច​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​នេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Utami​។  
 
​ទន្ទឹមនឹងនេះ មន្ត្រី​ក្រសួងយុត្តិធម៌​ឥណ្ឌូណេស៊ី​រូបនេះ​បាន​បង្ហើប​ថា ពន្ធនាគារ​មិនមាន​ចំណីអាហារ​គ្រប់គ្រាន់​សម្រាប់​អ្នកទោស​ឡើយ  ហើយ​ខណៈ​នេះ​ក្រុម​អាជ្ញាធរ​កំពុង​ស្វះ​ស្វែងរក​ចំណីអាហារ​ពី​ហាង​ទំនិញ​នានា​នៅ​ជុំវិញ​ពន្ធនាគារ​ដែល​នៅ​បើកទ្វារ ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នកទោស​។ 
 
​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ៣០ ខែកញ្ញា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៨៣២ នាក់​ហើយ ក្រោយពី​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិ​ច​ទ័​រ និង​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​ទៅលើ​ឥណ្ឌូណេស៊ី​។ ក្រុម​សង្គ្រោះ​កំពុង​បន្ត​ដុតដៃដុតជើង​ជួយ​រុករក​និង​ជួយសង្គ្រោះ​អ្នក​ដែល​ជាប់​នៅក្នុង​បំណែក​អាគារ​បែកបាក់ ខណៈដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សម្រេច​ដង្ហោយ​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​ប្រតិបត្តិ​ការសង្គ្រោះ ដោយសារ​គ្រោះមហន្តរាយ​នេះ​ធ្ងន់ធ្ងរ​ពេក​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  អ្នកទោស​ហែក​គុក​
  គ្រោះ​រញ្ជួយ​ដី​
  រលក​ស៊ូណាមិ​
© រក្សាសិទ្ធិដោយ thmeythmey.com