ជាតិ
សង្គមជាតិ
​លោក គី តិច ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី
01, Oct 2018 , 10:59 pm        
រូបភាព
រូបពីឆ្វេងទៅស្តាំ និងពីលើចុះក្រោម លោក គី តិច លោក ឈិត បូរ៉ាវុធ លោក សួង ចាន់ថន  លោក ឡុង ដារ៉ា លោក ដូង លឿង លោក វិច សុវាចា លោក អេន សុភាព និង លោក គូន សារឿន
រូបពីឆ្វេងទៅស្តាំ និងពីលើចុះក្រោម លោក គី តិច លោក ឈិត បូរ៉ាវុធ លោក សួង ចាន់ថន លោក ឡុង ដារ៉ា លោក ដូង លឿង លោក វិច សុវាចា លោក អេន សុភាព និង លោក គូន សារឿន
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋ​ស្តី បាន​ចុះហត្ថលេខា​ជំនួស​ព្រះមហាក្សត្រ លើ​ព្រះរាជក្រឹត្យ​មួយ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ ស្តីពី​ការតែងតាំង​សមាសភាព​មេធាវី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​។ យោងតាម​ព្រះរាជក្រឹត្យ លោក គី តិច គឺជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។​

 
​សមាសភាព​មេធាវី​រដ្ឋាភិបាល នៅមាន​សមាជិក​៧​រូប​ទៀត រួមមាន លោក ឈិ​ត បូ​រ៉ាវុធ និង​លោក សួង ចាន់ថន (​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​), លោក ឡុង ដា​រ៉ា (​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​), លោក ដូង លឿង លោក វិច សុ​វាចា លោក អេ​ន សុភាព និង លោក គូ​ន សារឿន (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ដដែល​។ 
 
​កាលពី​រដ្ឋាភិបាល​ស្ថិតក្នុង​អាណត្តិ​មុន លោក គី តិច ក៏​ជា​ប្រធាន​មេធាវី​រដ្ឋាភិបាល​ដែរ ដោយ​កាលនោះ​លោក មាន​ឋានៈ​ស្មើ​ត្រឹម​រដ្ឋមន្ត្រី​មន្ត្រី​ទេ​។ ការ​តែ​តាំង​លោក គី តិច ជា​ប្រធាន​មេធាវី​រដ្ឋាភិបាល ធ្វើឡើង​ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៨ ពោលគឺ​នៅក្រោយ​៤-៥​ខែ​ប៉ុណ្ណោះ នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​លោក គី តិច គឺជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៨​រូប ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ក្នុង​ការដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល កាល​ចុងឆ្នាំ​២០១៧ ដើម្បី​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​មេធាវី​ទាំងនោះ បានទទួល​ជោគជ័យ ដោយ​តុលាការ​កំពូល​សម្រេច​រំ​លាយ​គណបក្សប្រឆាំង​ចោល ហើយ​មេដឹកនាំ​១១៨​រូប​នៃ​គណបក្ស​នេះ ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។  
 
​លើសពីនេះ លោក គី តិច តែងតែ​ទទួល​ការពឹង​ពាក់​ពីស​ម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ប្តឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​។ ចំណែក លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក៏​ធ្លាប់​ជាប់ពន្ធនាគារ ក្រោម​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ដែលមាន​លោក គី តិច ជា​មេធាវី ដែរ​។ 
​សូម​រម្លឹកថា លោក គី តិច ដែលមាន​វ័យ​៥២​ឆ្នាំ និង​ចូល​ធ្វើជា​មេធាវី​តាំងពី​ឆ្នាំ​១៩៩៨​មក ក៏​ធ្លាប់​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​នៃ​គណៈមេធាវី​កម្ពុជា​ផងដែរ​៕

Tag:
 មេធាវី​
  គី តិច​
  សាយ ឈុំ​
© រក្សាសិទ្ធិដោយ thmeythmey.com