កីឡាជាតិ
ជាតិ
វឌ្ឍនាកា​, ដា​នី​, វណ្ណ​សាក់​, ប៉ូ​លីន និង​គ្រី​យ៉ា ស្ថិតក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​
02, Oct 2018 , 2:22 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ សម្រាប់​ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​១២ ខែតុលា​។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ជាប់​ជម្រើសជាតិ​ឡើងវិញ ក្រោយ​អវត្តមាន​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda លើកដំបូង ខណៈ​អ្នកចាំទី ជា វណ្ណ​សាក់ ត្រូវបាន​ជ្រើសរើស​ជំនួស ស៊ូ យ៉ា​ទី ដែលមាន​របួស​។​
 
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​អវត្តមាន​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​លើកដំបូង​របស់លោក Keisuke Honda នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ត្រូវបាន​គ្រូបង្វឹក​លោក Felix កោះហៅ​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​សា​ឡើងវិញ​។ ការ​អវត្តមាន​លើកដំបូង​របស់​ខ្សែប្រយុទ្ធ​បឹងកេត​រូបនេះ អាច​បណ្តាលមកពី​រូបគេ​មិនសូវ​បានបង្ហាញ​ខ្លួន​ដោយសារ​របួស ពេល​លោក Felix ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​។   
 
​អ្នកចាំទី ជា វណ្ណ​សាក់ ដែល​ជួយ​វិសាខា​ឲ្យ​ឡើង​ពី​ក្របខណ្ឌ​លី​គ​ទី​២​មកលេង​លី​គ​កំពូល ក៏​ទទួលបាន​ឱកាស​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda នៅ​លើក​នេះ​ផងដែរ​។ កៅអី​ជម្រើសជាតិ​របស់ ជា វណ្ណ​សាក់ កើតឡើង​ក្រោយ​អ្នកចាំទី ស៊ូ យ៉ា​ទី របស់​ណាហ្គា​វើ​ល​រងរបួស​ដៃ​ខាងឆ្វេង នា​ជំនួប​សប្តាហ៍​រវាង​ណាហ្គា​វើ​ល​ជាមួយ​វិសាខា​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​។​
 
​បើតាម​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ទាំង​២៤​រូប ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ មានការ​ផ្លាស់ប្តូរ​សមា​សភាព​៤​រូប​និង​បន្ថែម​១​រូប បើ​ធៀប​នឹង​បញ្ជី​ឈ្មោះ​របស់លោក Honda កាលពី​លើក​មុន​។ កីឡាករ​ថ្មី​ទាំងនេះ​រួមមាន​ខ្សែបម្រើ គួច ដា​នី (​ណាហ្គា​វើ​ល​), សារ៉េត គ្រី​យ៉ា (​ព្រះខ័ន​រាជ​ស្វាយរៀង​), អ៊​ន ចាន់​ប៉ូ​លីន (​ភ្នំពេញ​ក្រោ​ន​), ជា វណ្ណ​សាក់ (​វិសាខា​) និង​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (​បឹងកេត​) ។ កីឡាករ​ទាំងនេះ​ដាក់ជំនួស​អ្នកចាំទី ស៊ូ យ៉ា​ទី​, លី វ៉ា​ហេ​ទ​, ជ័យ ចិ​ត្រា និង អ៊ុក សុវណ្ណ​។ 
 
​កីឡាករ​ជម្រើសជាតិ​ទាំង​២៤​រូប ដែល​ត្រូវបាន​កោះហៅ​ឲ្យ​ប្រមូលផ្តុំ​សម្រាប់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ រួមមាន​អ្នកចាំទី​៖ កែវ សុខ​សិលា​, អ៊ុំ វិចិត្រ និង ជា វណ្ណ​សាក់​, ខ្សែការពារ​៖ សេត រ៉​ស៊ី​ប​, ហុង ផេង​, ស ពិសិដ្ឋ​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ឆេង ម៉េង​, សារ៉េត គ្រី​យ៉ា​, ខ្សែបម្រើ​៖ ឈិន ឈឿន​, គួច សុ​កុម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ធា​រី ចន្ថា​ប៊ី​ន​, ទិ​ត្យ ឌី​ណា​, គួច ដា​នី​, អ៊​ន ចាន់​ប៉ូ​លីន​ជា និង​ខ្សែប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា​, រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ស៊ិន កក្កដា​៕ 
​ 

Tag:
 ក្រុម​ជម្រើសជាតិ​កម្ពុជា​
  ចាន់ វឌ្ឍនាកា​
  ទី​ម័​រ​ខាងកើត​
© រក្សាសិទ្ធិដោយ thmeythmey.com