ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ ការ​តតាំង​របស់​បរ​ទេស គ្មានអ្វី​ក្រៅពី​ការឈ្លានពាន​អធិបតេយ្យ​កម្ពុជា​នោះទេ​
02, Oct 2018 , 8:39 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​នឹង​អន្តរជាតិ​មួយចំនួន ដែល​មិន​ព្រម​បញ្ឈប់​ការរិះគន់​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​លោក ផៃ​ស៊ី​ផាន ការ​ឈឺឆ្អាល​របស់​អន្តរជាតិ​ទាំងនោះ មិន​ដែលមាន​បំណងល្អ​ចំពោះ​កម្ពុជា​ឡើយ​។


 
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា បាន​បង្ហោះ​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការ​តតាំង​មតិ​ទាំងនោះ គ្មានអ្វី​ក្រៅពី​ការបង្កើត​ព្រឹត្តិការណ៍​ព័ត៌មាន និង​ការឈ្លានពាន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ ដែល​មិនអាច​ទទួលយកបាន​»​។​
 
​លោក  បន្តថា កម្ពុជា​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ដើម្បី​រក្សា​ភាពជា​ម្ចាស់​របស់ខ្លួន​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​គ្មាន​ស្ថាប័ន ឬ​អង្គការ ដាច់ដោយឡែក​ណាមួយ មាន​សមត្ថកិច្ច និង​សិទ្ធិ ក្នុង​កិច្ច​គ្រប់គ្រង​ជោគវាសនា​កម្ពុជា ក្រៅពី​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​របស់​កម្ពុជា​តែប៉ុណ្ណោះ​»​។   
 
​ប្រតិកម្ម​របស់លោក ផៃ ស៊ី​ផាន ធ្វើឡើង​បន្ទាប់​ឃើញ​សហគមន៍​អន្តរជាតិ​ខ្លះ នៅតែ​បន្ត​ទិតៀន​រដ្ឋាភិបាល​កម្ពុជា​។ លើសពីនេះ លោក ក៏បាន​ឆ្លើយតប​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ផងដែរ ដែល​មិន​ពេញចិត្ត​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦​។ ហើយ​មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក ឆ្លើយតប​ពេលនេះ ទំនង​ដោយសារតែ​លោក​ទើសទាល់​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ ដែល​បាន​គ្នាំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​លើក​ទី​៧៣​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​។ ទោះជា​មាន​អ្នក​ទៅ​ប្រឆាំង​នៅមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្តី តែ​គណៈប្រតិភូ​កម្ពុជា ក៏មាន​អ្នក​ស្រឡាញ់ ទៅ​គាំទ្រ​ដែរ​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ឲ្យ​អ្នក ដែល​ធ្វើបាតុកម្ម​ទាំងនោះ​ថា មិនអាច​រំខាន​ដល់​បេសកកម្ម​របស់​គណៈប្រតិភូ​កម្ពុជា នៅ​សហរដ្ឋអាមេរិក​។ លោក បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​តេ​ឡេ​ក្រាម បែបនេះ​ថា​៖«​មាន​បងប្អូន​ខ្មែរ​រាប់ពាន់នាក់ ដែល​ស្រឡាញ់​យុត្តិធម៌ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ស្វា​គម​ន៏​គណៈប្រតិភូ​កម្ពុជា​យ៉ាង​មហោឡា​រឹក ដែល​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​បាក់មុខ​មិន​ស្ទើរ​ទេ​»​។​
 
​បើ​និយាយ​ទៅ ចាប់តាំងពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ​មក រដ្ឋា​ភិល​បាល​កម្ពុជា បាន​រង​ការរិះគន់ សម្ពាធ និង​ទណ្ឌកម្ម​ពី​បណ្តា​សហគមន៍​អន្តរជាតិ​នានា​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា តែង​ការពារ​ខ្លួន​ថា អ្វីៗ​ដែល​រដ្ឋាភិបាល​និង​តុលាការ បាន​ធ្វើជា​ដែន​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា និង​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។ 
 
​ជាពិសេស នាពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា និង​សមិទ្ធផល​នានា ដែល​សម្រេចបាន​៕             
 

Tag:
 ផៃ ស៊ី​ផាន​
  សុខ ត​សាន​
  អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com