ជាតិ
ក្រសួងយុត្តិធម៌ កំពុង​ពិនិត្យមើល​លក្ខខណ្ឌ​លើកលែងទោស​ទណ្ឌិត​ជាង​៣០០​នាក់​
02, Oct 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ កំពុង​ពិនិត្យមើល​សំណើ​លើកលែងទោស​ទណ្ឌិត​ជាង​៣០០​ករណី ពី​ខាង​ពន្ធនាគារ ដើម្បី​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ប្រមុខ​រដ្ឋាភិបាល បានប្រកាសថា នឹង​ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស​ទណ្ឌិត​ទ្រង់ទ្រាយ​ធំ នៅក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​។​


 
​លោក ជិន ម៉ា​លីន បាន​និយាយថា ក្រសួង​បានទទួល​សំណើ​ពី​ខាង​ពន្ធនាគារ ក្នុងការ​ដាក់​ឲ្យ​ពិនិត្យ​លើ​លក្ខខណ្ឌ​របស់​អ្នកទោស​៣១៩​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​១៣៣​នាក់ សម្រាប់​ទទួលបាន​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។ ក្រសួង កំពុង​ពិចារណា​លើ​អ្នកទោស​ទាំងនេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បាន​បញ្ជាក់ថា​៖«​ការដោះលែង​នេះ ក្រសួង ត្រូវ​ពិនិត្យ និង​វាយតម្លៃ ទៅ​លក្ខខណ្ឌ និង​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​នៃ​ការលើកលែង​។ ដូច្នេះ​យើង​មិនទាន់​អាច​បញ្ជាក់ថា តើ​នឹងមាន​ការដោះលែង​ចំនួន​ប៉ុន្មាន​នោះទេ​។ ហើយ​យើង​នឹង​បន្ត​ពិនិត្យ​លើ​ប​ញ្ញ​តិ​ផ្សេងៗ​ទៀត លើ​ការដោះលែង​នេះ​»​។​
 
​ចំពោះ​អ្នកទោស ដែល​អាចមាន​អាទិភាព​ច្រើន ក្នុង​ទទួលបាន​ការលើកលែង​ទោស​នេះ គឺជា​ស្ត្រី​ពពោះ ស្ត្រី​ដែល​មានកូន​រស់នៅក្នុង​ពន្ធនាគារ ចាស់ជរា និង​អ្នក​ជាប់ពន្ធនាគារ ដែល​កំពុងមាន​ជំងឺ​ជាប់​ខ្លួន​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិន ម៉ា​លីន ដែល​បាន​បន្ថែមថា ការលើកលែងទោស​ទ្រង់ទ្រាយ​ធំ បែប​សម្បុ​រសធម៌​រប​ស់​រដ្ឋាភិបាល ។​
 
​កន្ល​មក​រដ្ឋាភិបាល តែងតែ​ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស​ទណ្ឌិត នៅក្នុង​បុណ្យអុំទូក បុណ្យពិសាខបូជា និង​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ការលើកលែងទោស​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​នេះ គឺជា​ការផ្ដល់​ឱកាស​ឲ្យ​ទណ្ឌិត បានទទួល​ការកែ​ប្រែខ្លួន​បន្ថែមទៀត​។ 
 
​ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ករណី​អ្នកទោស​ទាំងនេះ ដើម្បី​លើកលែងទោស​ឲ្យ​ពួកគេ អាច​ចេញមក​កែប្រែ​ខ្លួន នៅក្រៅ​ពន្ធនាគារ​មុន​ការកំណត់​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បន្ថែមថា ការលើកលែងទោស​ទ្រង់ទ្រាយ​ធំ​នេះ នឹង​អាច​កើត​មាននៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃ​រំឭក​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ធ្នូ​ផងដែរ​៕
​ 

Tag:
 ​ជិន ម៉ា​លីន​
  ហ៊ុន សែន​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com