អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី និង​ស៊ូណាមិ​កើន​លើស ១២០០​នាក់​
02, Oct 2018 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​អង្គារ​ទី ២ ខែតុលា អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ និង​រលក​យក្ស​ស៊ូណាមិ​នៅ​ក្រុង Palu កើន​ដល់​លើស ១២០០​នាក់​ហើយ​។


​តុល្យការ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិរ​ញ្ជួ​យ​ដី និង​ស៊ូណាមិ​គិត​ចាប់​ពីថ្ងៃ​សុក្រ​ទី ២៨ ខែកញ្ញា ដល់​ថ្ងៃ​អង្គារ​ទី ២ តុលា នៅ​កោះ Sulawesi បាន​កើន​ដល់​លើស ១២០០​នាក់​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC ដែល​ស្រង់​សម្តី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
 
​អាជា្ញធរ​បាន​បន្ថែម​ផងដែរ​ថា ក្រៅពី​អ្នកស្លាប់​កើន​ឡើងដល់​រាប់ពាន់នាក់​នេះ ប្រជាជន​កាន់តែច្រើន​ដែល​រងគ្រោះ និង​បាត់បង់​ជម្រក​ក៏​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ ទឹកស្អាត ប្រេងឥន្ធនៈ និង​ថ្នាំសង្កូវ​ជាដើម​។​
 
​ប្រជាជន​កាន់តែច្រើន​ទន្ទឹងរង់ចាំ​ជំនួយ​សង្គ្រោះ​នៅ​ព្រលានយន្តហោះ ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​យន្តហោះ​យោធា​ដឹក​ជំនួយ​មនុស្សធម៌​មិនអាច​ចុះចត​នៅ​ព្រលាន​នោះ​កើត​ព្រោះ​ចំនួន​មនុស្ស​ច្រើនពេក​។​
 
​រឿង​ដែល​គួរ​ឲ្យ​សង្វេគ​នោះ​គឺ ជនរងគ្រោះ​ដែល​បាត់បង់​លំនៅដ្ឋាន និង​ប្រឈម​កង្វះខាត​ស្បៀងអាហារ​នោះបាន​បង្ខំចិត្ត​នាំគ្នា​ចូល​លួច​ចំណីអាហារ ទឹក និង​ប្រេង​តាម​ហាង ខណៈដែល​ប៉ូ​លិសបាន​ត្រឹម​សំឡឹងមើល និង​មិន​ដាច់ចិត្ត​ចូលទៅ​ហាមឃាត់ ឬ​អន្តរាគមន៍​ឡើយ​​ចំណែក អាជ្ញាធរ​ក៏​កំពុង​ព្យាយាម​កប់​សាកសព​ជនរងគ្រោះ​ដែល​ស្លាប់​រាប់រយ​រាប់ពាន់នាក់​ដែរ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ជំងឺ​រាតត្បាត​ដែល​នឹង​អាច​កើតឡើង​។ ក្រុម​សង្គ្រោះ​ក៏​កំពុង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ផងដែរ​ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​ដែល​កំពុង​ជាប់​ក្រោម​បំណែក​អាគារ​ដែល​បែកបាក់​ក្រោយរ​ញ្ជួ​ដី​នោះ​។   
 
​ខាង​កាកបាទក្រហម​ឥណ្ឌូណេស៊ី បាន​ប្រាប់​អ្នកសារព័ត៌មាន​ផងដែរ​ថា នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​ក្មេងៗ​សិស្សសាលា​ចំនួន ៣៤​នាក់ នៅក្រោម​បំណែក​សំណង់​វិហារ​គ្រឹ​ស្ត​ដែល​ជាម​ជ្ឈ​ម​ណ្ឌ​ហ្វឹកហ្វឺន​។  ពួកគេ​ស្ថិតក្នុង​ចំណោម​សិស្ស ៨៦​នាក់​ដែល​ស្ថិតក្នុង​វិហារ និង​បាន​បាត់​ខ្លួន​ក្រោយ​រញ្ជួយ​ដី​។ គេ​ក៏​នៅ​មិនទាន់​ដឹង​ដែរ​ថា សិស្ស ៥២​នាក់​ផ្សេងទៀត​ដែល​បាត់​ខ្លួន​នោះ​កំពុងស្ថិត​នៅទីណា​ដែរ​។​
 
​ដោយឡែក បន្ទាប់ពី​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​កើតឡើង​នៅ​ថ្ងៃ​សុក្រ​នៅ​កោះ Sulawesi នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត ករណី​រញ្ជួយ​ដី​ពីរបាន​វាយប្រហារ​កោះ Suma ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ៧៥​ម៉ឺន​នាក់​។ រលក​រញ្ជួយ​ទីមួយ កម្រិត​ត្រឹម ៥,៩​រ៉ិ​ច​ទ័​រ ហើយ​ទី​ពីរ​មាន​កម្រិត ៦,០ រ៉ិ​ច​ទ័​រ​។ កោះ​Sumba នេះ​ស្ថិ​ន​តៅ​ចម្ងាយ​ប្រហែល ១៦០០​គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​កោះ Sulawesi ។ 
 

Tag:
 ឥណ្ឌូណេស៊ី​
  Palu
  រញ្ជួយ​ដី​
  ស៊ូណាមិ​
  Sulawesi
© រក្សាសិទ្ធិដោយ thmeythmey.com