កីឡាជាតិ
ជាតិ
ឈុន សុធា​រ័ត្ន​, ខៀវ វិបុល និង Masahiro ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​
02, Oct 2018 , 9:59 pm        
រូបភាព
កីឡាករ ខៀវ វិបុល, ឈុន សុធារ័ត្ន និង Masahiro Fukasawa (ពីឆ្វេងទៅស្តាំ)
កីឡាករ ខៀវ វិបុល, ឈុន សុធារ័ត្ន និង Masahiro Fukasawa (ពីឆ្វេងទៅស្តាំ)
ដោយ:
​កីឡាករ​បរទេស​និង​កម្ពុជា​ចំនួន​៣​រូប ដែល​លេង​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ទោះបី​បញ្ចប់​អាជីព​ជា​កីឡាករ តែ​កីឡាករ​របស់​បឹងកេត​ពីររូប​រួមមាន​ខ្សែបម្រើ ឈុន សុធា​រ័ត្ន និង​ខ្សែការពារ ខៀវ វិបុល នៅ​បន្ត​អាជីព​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដដែល ដោយ​ពួកគេ​ធ្វើជា​គ្រូ​ជំនួយ និង​គ្រូ​យុវជន​ថ្នាល​។

 
​ក្រោយ​ចប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៨ យ៉ាងហោចណាស់​មាន​កីឡាករ​៣​រូប ដែល​លេង​ក្នុង​ក្របខណ្ឌ​នេះ បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​។ កីឡាករ​ទាំងនោះ​រួមមាន ប្រធាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ Masahiro Fukasawa, ខ្សែបម្រើ ឈុន សុធា​រ័ត្ន និង​ខ្សែការពារ ខៀវ វិបុល របស់​ក្លិប​បឹងកេត​។​
 
​ខ្សែបម្រើ​ជប៉ុន Masahiro Fukasawa បានមក​ប្រកប​អាជីព​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​តាំងពី​ឆ្នាំ​២០១៣​។ មុន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ចន្លោះ​ពី​ឆ្នាំ​២០១៦-២០១៨ កីឡាករ​វ័យ​៤១​ឆ្នាំ​រូបនេះ ធ្លាប់​រួមរស់​ជាមួយ​ណ​ហ្គា​វើ​ល​រយៈពេល​៣​ឆ្នាំ​ពី ២០១៣-២០១៦​។ ក្រោយ​ចំណាយពេល​ពីរ​ឆ្នាំ​រួមរស់​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​ខ្សែបម្រើ​រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន​៣១​លើក​។ មុន​មក​ប្រកប​អាជីព​នៅ​កម្ពុជា​កីឡាករ​ដែល​ជោគជាំ​ដោយ​បទពិសោធ​លេង​បាល់ទាត់​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​នៅ​ជប៉ុន​, កាណាដា​, ថៃ​, ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី​។  
 
​សម្រាប់​កីឡាករ ឈុន សុធា​រ័ត្ន និង​ខ្សែការពារ ខៀវ វិបុល របស់​បឹងកេត ទោះបី​ពួកគេ​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​ក៏ដោយ តែ​ពួកគេ​ទៅ​មិន​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​ឡើយ​។ ខ្សែបម្រើ ឈុន សុធា​រ័ត្ន ដែល​ផ្ទេរ​ពី​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​មក​រួមរស់​ជាមួយ​បឹងកេត​តាំងពី​ឆ្នាំ​២០១៣ នឹង​ធ្វើជា​គ្រួ​ជំនួយ ខណៈ ខៀវ វិបុល ដែល​លេង​ឲ្យ​បឹងកេត​តាំងពី​នៅ​លី​គ​ទី​២​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​នៅ​ក្លិប​បឹងកេត​ដូចគ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​។​
 
​ចំពោះ​លោក ហៅ សុជាតិ ការវិវត្ត​ខ្លួន​ពី​កីឡាករ​មក​ធ្វើជា​គ្រូបង្វឹក​របស់​កីឡាករ​ទាំង​ពីររូប​ខាងលើ វា​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ពួកគេ​និង​វិស័យ​កីឡាបាល់ទាត់​។ «​វា​ជា​ចំណុច​ល្អ​មួយ​សម្រាប់​គាត់ ដោយសារ​បច្ចុប្បន្ន​ពួកគាត់​មាន​អាយុ​ច្រើន​។ ជាក់ស្តែង​ដូចជា វិបុល គាត់​មាន​ជំងឺ​ជង្គង់ ដ៏​ពិបាក​ព្យាបាល បើ​គាត់​វះកាត់​ត្រូវ​ចំណាយពេល​ច្រើន​ក្នុងការ​សម្រាក​ព្យាបាល ព្រោះ​គាត់​មាន​អាយុ​ច្រើន​។ ដូច្នេះ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ពួកគាត់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ចាប់​អាជីព​ជា​គ្រូបង្វឹក​ទៅ​ថ្ងៃ​អនាគត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ហៅ សុជាតិ​៕  
 

Tag:
 បាល់ទាត់​
  ខៀវ វិបុល​
  ឈុន សុធា​រ័ត្ន​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com