ជាតិ
សង្គមជាតិ
៩ខែ ក្រសួងការពារជាតិបង្ក្រាបបទល្មើសបានជាង៤ពាន់លើក នៅតាមព្រំដែន សម្តេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបការងាររបស់ក្រសួងការពារជាតិ។ រូបពីទំព័រហ្វេសបុកលោក ឈុំ សុជាត
× ភ្នំពេញ៖ គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ បានទប់ស្កាត់និងបង្ក្រាបបទល្មើស៤,២៣៣លើក នៅតាមបណ្តោយព្រំដែន ដោយក្នុងនោះ នៅតាមព្រំដែនកម្ពុជា-ថៃ មាន២,០៥៤លើក នៅតាមព្រំដែនកម្ពុជា-វៀតណាម មាន១,០០៨លើក និងព្រំដែនកម្ពុជា-ឡាវ មាន១,១៧១លើក។ នេះបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
លោក ឈុំ សុជាតិ បានផ្តល់ព័ត៌មាននេះ នៅក្រោយបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបូកសរុបលទ្ធផលការងាររបស់ក្រសួងការពារជាតិ។ លោក បានសរសេរសារលើទំព័រហ្វេសបុកថា រយៈពេល៩ខែនេះ កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយក្រុមហ៊ុនរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានវៀតណាមចំនួន៥៦៦ធាតុផងដែរ។
អ្នកនាំពាក្យរូបនេះ បានបន្តថា កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងទី៤ របស់រដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធិផលការងារធំៗជាបន្តបន្ទាប់។ លោក បញ្ជាក់បែបនេះថា៖«ក្នុងការអនុវត្តភារកិច្ចការពារប្រជាធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានពង្រឹងការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំ ដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ ទៅចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់....»៕
© រក្សាសិទ្ធិដោយ thmeythmey.com