ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ពៅ តស៊ូ​លក់​ត្រប៉ែ​ជាង​២០​ឆ្នាំ​នៅ​ភ្នំពេញ ដើម្បី​ការសិក្សា​របស់​កូន​នៅឯ​ស្រុក​
02, Oct 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ការសិក្សា​របស់​កូនៗ​នៅឯ​ស្រុកកំណើត អ្នកស្រី ពៅ បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម មក​ប្រកប​របរ​លក់​ត្រប៉ែ​នៅ​រាជធានី​ភ្នំពេញ​។ ជាង​២០​ឆ្នាំ​ហើយ ដែល​ស្ត្រី​វ័យ​៤៥​ឆ្នាំ​រូបនេះ លក់​ត្រប៉ែ យក​ថវិកា​ផ្ដ​ត់​ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កូន​ទាំង​៣​នាក់​។ ក្នុង​មួយថ្ងៃ​អ្នកស្រី ពៅ អាច​រកប្រាក់​ចំណេញ​បានតែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ពី​ការលក់​បង្អែម​មួយ​ប្រភេទ​នេះ​។​


​រៀងរាល់​ម៉ោង​៨​ព្រឹក​អ្នកស្រី ពៅ អូស​កង់​ចាស់​មួយគ្រឿង​ចេញពី​ផ្ទះជួល​នៅក្បែរ​ផ្លូវ​រទេះភ្លើង​ម្តុំ​ផ្សារ​ដី​ហុយ​ដែល​អ្នកស្រី​ស្នាក់នៅ​ជាមួយនឹង​អ្នកលក់​ត្រប៉ែ​ផ្សេងទៀត ដើម្បី​ដឹក​ត្រប៉ែ​លក់​។ ពលរដ្ឋ​ដែល​រស់​នៅតាម​ភូមិ​ម្តុំ​ផ្សារ​ដី​ហុយ ដែល​ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភាគច្រើន​ជា​អតិថិជន​របស់​អ្នកស្រី ពៅ​។ ត្រប៉ែដំណើបខ្មៅ​មួយ​គីឡូក្រាម​អ្នកស្រី ពៅ លក់​ក្នុងតម្លៃ ៨​ពាន់​រៀល ចំណែកឯ​ត្រប៉ែដំណើបស មួយ​ដុំ​មាន​ត្លៃ ៥០០​រៀល​ប៉ុណ្ណោះ​។​



​ជីវិត​ជាង​២០​ឆ្នាំ​នៃ​ការប្រកប​របរ​លក់​ប​ង្អែ​ម​ត្រប៉ែ​នេះ​នៅ​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ និង​ផ្ត​ត់​ផ្គង់​ការសិក្សា​របស់​កូន​ទាំងបី​នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ឯ​ស្រុកកំណើត​។ ស្រី្ត​វ័យ​៤៥​ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ស្រី​សន្ធរ ខេត្តកំពង់ចាម​រូបនេះ​បញ្ជាក់ថា​៖ «​លុយ​ដែល​រកបាន គឺ​ផ្ញើ​ឲ្យ​កូន​រៀន​នៅ​ស្រុក​។ ហើយ​មួយថ្ងៃ​រកបាន​តែ ៦​ម៉ឺន​រៀល ដែល​ចំណេញ​តែ ២​ម៉ឺន​រៀល​ទេ​»​។ ប្រាក់ចំណេញ​នេះ​អ្នកស្រី​មិនទាន់​ដក​ចំណាយ​ថ្លៃ​បង់​ទឹក​ភ្លើង និង​ជួល​ផ្ទះ​ស្នាក់នៅ​ផង​។​



​បើទោះជា របរ​លក់​ត្រប៉ែ​នេះ​ចំណេញ​បានត្រឹមតែ ២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ក៏ដោយ ក៏​ស្ត្រី​ដែល​ប្រឹង​ជម្នះ​នឹង​ភាពលំបាក​ដើម្បី​អនាគត​កូនៗ​រូបនេះ នៅតែ​ប្រក​បរបរ​មួយ​នេះ​ដដែល ដោយ​អ្នកស្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​យ៉ាងម៉េច​បើ​យើង​មិនចេះ​អ្វី​ក្រៅពី​ធ្វើ​ត្រប៉ែ​នេះ​។ អ៊ីចឹង​មានតែ​បន្តធ្វើ​ត្រប៉ែ​លក់​ដដែល​ទៅ​»​។​



​ក្រៅពី​ប្រកប​របរ​លក់​ត្រប៉ែ​នេះ អ្នកស្រី ពៅ ឆ្លៀតពេល​ទៅ​ជួយ​ធ្វើស្រែ​នៅឯ​ស្រុកកំណើត​ជាមួយនឹង​ស្វាមី ដែល​កំពុង​រស់នៅ​ជាមួយ​កូនៗ​ផងដែរ​។ 

​ដើម្បី​ទទួលបាន ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, មុខរបរ​ប្រពៃណី​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 



Tag:
 ត្រប៉ែ
  មុខរបរប្រពៃណី
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com