ជាតិ
សង្គមជាតិ
ល្បែង​ធ្វើ​ពុត​ដួល​ស្លាប់​ផ្កាប់មុខ កំពុង​វាយលុក​ពេញ​បណ្តាញ​សង្គម​
03, Oct 2018 , 8:29 am        
រូបភាព
ដោយ: រួបរួម
​គ្មាន​ឡើយ ល្បែង​ប្រជាប្រិយ​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ យុវជន​កម្ពុជា​មួយចំនួន​បាន​នាំចូល​ល្បែង​មួយ​ដែលមាន​ឈ្មោះថា Falling Stars Challenge មក អនុវត្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Instagram​។ ទោះបីជា​យ៉ាងណាក៏ដោយ ល្បែង​នេះ​ទំនងជា​សាបរលាប​វិញ​យ៉ាង​ឆាប់រហ័ស ដោយសារតែ​រលក​នៃ​ការរិះគន់​។​



Falling Stars Challenge? វា​ជា​ប្រភេទ​ល្បែង​ថ្មី​មួយ​នៅលើ​បណ្តាញ​សង្គម ដោយ​អ្នកលេង​ត្រូវ​បង្ហោះ​រូបថត​ខ្លួន​ក្នុង​កាយវិការ​ធ្វើ​ពុត​ជា​ដួល​ដេកស្លាប់​ផ្កាប់មុខ​នៅក្បែរ​សម្ភារៈ និង​វត្ថុ​មានតម្លៃ​។ កន្លងមក​ល្បែង​ចាក់​ទឹកកក Ice Bucket Challenge ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​អ្នកជំងឺ ALS ប៉ុន្តែ​សម្រាប់​ល្បែង​ដួល​ស្លាប់​ផ្កាប់មុខ​នេះ ផ្តួចផ្តើមឡើង​ដើម្បី​តែ​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ​។​

​តាម​សារព័ត៌មាន​បរទេស បណ្តា​កូនមហាសេដ្ឋី​នៅ​រុស្ស៊ី ជា​ប្រភព​ដែល​បង្កើត​ល្បែង​នេះឡើង​។ ពួកគេ​នាំគ្នា​ធ្វើ​ពុត​ជា​ទាក់​ជើង​ដួល​ពេល​ចេញពី​រថយន្ត កប៉ាល់​ទំនើបៗ​របស់ខ្លួន​។ អ្នកខ្លះ​ធ្វើជា​ទាក់​ជើង​នឹង​កៅអី ជណ្តើរ ឬ​គ្រែ​ជាដើម​។ ក្នុង​ជំហរ​ដួល​ផ្កាប់មុខ អ្នកលេង​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សម្ភារ និង​វត្ថុ​មានតម្លៃ​ផ្សេងៗ​ទៀត ហើយ​រូបថត​ខ្លះ មានការ​កាត់ត Photoshop បន្ថែម​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ​។​

​សម្រាប់​អ្នក​ដែល​បង្ហោះ​រូបថត និង​សកម្មភាព​របស់ខ្លួន​រួចហើយ ពួកគេ​អាច​ចាត់​ឲ្យ​មិត្តភក្តិ​ផ្សេងទៀត ធ្វើតាម​ខ្លួន​ជា​បន្តបន្ទាប់​។ រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ល្បែង Falling Stars Challenge ក្លាយជា​ទំនោរ (Trend) ដ៏​ពេញនិយម​នៅលើ​បណ្តាញ​សង្គម​ពេញ​ប្រទេស​រុស្ស៊ី ហើយ​រាលដាល​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត ជាពិសេស​ស្លូ​វេ​នី និង​អ៊ុយ​ក្រែ​ន​។​

​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី ជាពិសេស​ថៃ ចម្លង​តាម​ល្បែង​នេះ​យ៉ាង​ឆាប់រហ័ស​។ ចំណែក​នៅ​កម្ពុជា យុវជន​មួយចំនួន​ក៏​ទទួលរង​ឥទ្ធិពល​ផងដែរ ដោយ​អ្នកខ្លះ​ទទួលស្គាល់ថា ជា​ការថត​លេងសើច ខណៈ​អ្នក​ខ្លះទៀត បាន​រិះគន់​កប់ៗ​មាត់ ដោយ​ចាត់ទុកថា ជាការ​ចម្លង​តាម​វប្បធម៌​បរទេស​ដ៏​ឆ្កួត​លីលា​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ បាន​សរសេរ​បែប​កំប្លែង​ថា តាមពិត Falling Stars Challenge មាន​ប្រភពពី​កម្ពុជា តាមរយៈ​ការលើកឡើង​ពី​ករណី​មន្ត្រីប៉ូលិស​ម្នា​ក់នៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែល​បានធ្វើ​ពុត​ជា​ដួល​នៅមុខ​រថយន្ត​មួយគ្រឿង កាលពី​ប្រមាណ​២​ឆ្នាំមុន​។​

​ពាណិជ្ជកម្ម​! ពាណិជ្ជកម្ម​! យុវជន​ម្នាក់​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង បាន​ឆ្លៀត​បង្ហោះ​រូបថត​របស់ខ្លួន ដោយ​សរសេរថា ជីវិត​មនុស្ស​មិន​ទៀង​ឡើយ ដូច្នេះ​ពួកគេ​គួរ​ទិញ​បណ្ណ​ធានារ៉ាប់រង ដើម្បី​អនាគត​កូនចៅ​របស់ខ្លួន​៕






Tag:
 Trending
 
© រក្សាសិទ្ធិដោយ thmeythmey.com