ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ផ្តល់​ថវិកា​៨​ម៉ឺន​ដុល្លារ​ដល់​សមត្ថកិច្ច ដែល​បង្ក្រាប​ក្រុម​ជួញដូរ​អាវុធ​
03, Oct 2018 , 10:33 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្តល់​ថវិកា​៨​ម៉ឺន​ដុល្លារ សម្រាប់​ជាការ​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល ដែល​បាន​ពេញ​ប្រតិបត្តិការ​ក្នុង​ការឃាត់​មនុស្ស​៩​នាក់ ក្រោម​ការសង្ស័យថា​ជួយ​ដូរ​អាវុធ​ខុសច្បាប់ នាពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។


 
​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​រឹបអូស​អាវុធ​៣០​ដើម រួមទាំង​ឧបករណ៍ និង​សម្ភារ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួនទៀត​។ ប្រតិបត្តិការ​ខាងលើ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ 
 
​ក្រោយ​ចាប់ខ្លួន មនុស្ស​ទាំង​៩​នាក់ ដោយ​ក្នុងនោះ មាន​ម្នាក់​ជា​មេខ្លោង ក៏​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ មកដល់ពេលនេះ សំណុំរឿង​របស់​ពួកគេ បាន​ទៅ​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ​។ 
 
​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​តាម​បណ្តាញ​តេ​ឡេ​ក្រាម​ថា អ្នក​ទាំងនោះ ត្រូវបាន​ចោទ​ចំនួន​ពីរ​បទល្មើស គឺ​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ  សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ​៕ 
 

Tag:
 ស ខេង​
  សន្តិសុខ​
  អាវុធ​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com