ជាតិ
លោក សម រង្ស៊ី ថា ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​អាហារ​គីមី តែ​រដ្ឋាភិបាល ចាត់ទុកជា​ព័ត៌មាន​បំភ្លៃ​ការពិត​
03, Oct 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល លើ​បញ្ហា​អសមត្ថភាព​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ ដែល​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ ដោយសារ​បញ្ហា​គីមី​។ រដ្ឋាភិបាល ចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ថា ជាការ​បំភ្លៃ​ព័ត៌មាន ដើម្បី​កេងចំណេញ​ផ្នែក​នយោបាយ​។​

 
«​ចំណីអាហារ​នៅ​ប្រទេស​កម្ពុជា ដូចជា​បន្លែ ផ្លែឈើ សាច់ ត្រី ច្រើនតែ​បង្កប់​ដោយ​ជាតិគីមី ប្រកបដោយ​គ្រោះថ្នាក់ ដូច្នេះ​យើង​ត្រូវ​សម្គាល់​ជាតិគីមី​ទាំងអស់នោះ នៅក្នុង​ទំនិញ អីវ៉ាន់​ហូបចុក ដែល​លក់​នៅតាម​ទីផ្សារ​។ សំនួរ​គឺ នរណា​ត្រូវ​ធានា​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​ពលរ​ដ្ឋ ហើយ​ត្រូវ​ធានា​យ៉ាងដូចម្ដេច​?»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​ចង់​សំដៅ​ទៅលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​ការខ្វះ​សមត្ថភាព ទប់ស្កាត់​ការនាំ​ចូល​បន្លែ និង​ចំណីអាហារ​មាន​សារ​ធាតុគីមី ចូលមក​កម្ពុជា​។​
 
​អម​ជាមួយ​ការរិះគន់​នេះ លោក សម រង្សី ក៏បាន​បង្ហោះ​ឃ្លី​ប​វីដេអូ ដែល​សម្ដេច ហ៊ុន សែន ធ្លាប់​និយាយ​ឲ្យ​ពលរដ្ឋ​ពហិកា​ចំពោះ​បន្លែ និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី​ហាមឃាត់ និង​ជំរុញ​ឲ្យ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន និង​ចេះ​ជ្រើសរើស ឬ​មើល​ផលិតផល​ទំនិញ​ម្ហូបអាហារ ឲ្យ​បាន​សមស្រប​ផងដែរ​។ ក្នុងន័យនេះ​លោក សម រង្ស៊ី បាន​បន្ត​រិះគន់​ប្រមុខ​រដ្ឋាភិបាល​ថា ខ្វះ​ការទទួលខុសត្រូវ និង​ការយល់ដឹង​ពី​ការដឹកនាំ ក្នុងការ​ចាត់វិធានកា​រលើ​បញ្ហា​ទប់ស្កាត់​ចំណីអាហារ​គីមី​នេះ​។ សម្រាប់​លោក សម រង្ស៊ី រដ្ឋាភិបាល​ត្រូវមាន​ការរៀបចំ​ក្រសួង ស្ថាប័ន វិទ្យាស្ថាន យន្តការ និង​មន្ទី​ពិសោធន៍ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
 
​តាមរយៈ​វីដេអូ​ឃ្លី​ប ដែលមាន​រយៈពេល​ជិត​២០​នាទី​នោះ លោក សម រង្ស៊ី បាន​យក​របៀប​គ្រប់គ្រង​របស់​ប្រទេស​ដទៃ មក​ធៀប​នឹង​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន និយាយ​បែបនេះ អំពី​សុវត្ថិភាព​ចំណីអាហារ អំពី​ហានិភ័យ​សម្រាប់​ប្រជា​ជល​រដ្ឋ ដែលជា​អ្នកប្រើប្រាស់ បង្ហា​ឲ្យ​ឃើញថា គាត់​អត់​យល់​អ្វី​ទាល់តែសោះ គាត់​មិនមាន​ស្មារតី​ទទួលខុសត្រូវ​ទេ គាត់​គួរ​ណាស់​សិក្សា​អំពី​បទពិសោធន៍ នៃ​ប្រទេស​ជឿនលឿន មិនមែន​តែ​នៅ​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប​ទេ​។ សូម្បី​ប្រទេសជិតខាង​កម្ពុជា ដូចជា​ប្រទេស​ឥណ្ឌា ប្រទេស​ហ្វីលីពីន ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គេ​មាន​អ្នកដឹកនាំ មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ដែលមាន​ស្មារតី​ទទួលខុសត្រូវ ហើយ​គេ​ចាត់វិធានការ​រៀបចំ​ឲ្យ​មាន​ស្ថាប័ន ឲ្យ​មាន​ក្រសួង  ឲ្យ​មាន​វិទ្យាស្ថាន ឲ្យ​មាន​យន្តការ ឲ្យ​មាន​មន្ទី​ពិសោធន៍ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ប្រទេស​របស់គេ​»​។​
 
​ថ្លែង​បែបនេះហើយ អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទៀតផង​។​
 
​ទាក់ទង​នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ខាងលើនេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ក៏បាន​ចេញមុខ​ប្រតិបត្តិ​តប​ថា រដ្ឋាភិបាល បាន​ខិតខំ​ទប់ស្កាត់​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ជា​យូរ​មកហើយ​។ ក្រសួង ក៏​រិះគន់​តប​ថា ការលើកឡើង​របស់​អតីត​បក្សប្រឆាំង​រូបនេះ គ្រាន់តែ​បំភ្លៃ​ព័ត៌មាន ទាំង​មិន​យល់​ពី​ស្ថាន​ការ​កម្ពុជា ក្នុង​គោលបំណង​កេងចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​។ 
 
​លិខិត​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​និង​សុវត្ថិភាព​ម្ហូបចំណី​អាហារ រដ្ឋាភិបាល បានរៀបចំ​គ្រប់គ្រាន់ និង​ច្បាស់លាស់​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដើម្បី​ធានា​សុ​វត្ថ​ភាព សុខភាព​ព្រមទាំង​ផ្ដល់​ឲ្យ​បាន​ពេញលេញ​នូវ​អាហារ​មានគុណ​ភាព​ជូន​ប្រជាពលរដ្ឋ​»​។​
 
​បន្ថែម​ពីនេះ​ក្រសួងពាណិជ្ជកម្ម ក៏បាន​លើកយក​យន្តការ​មួយចំនួន ដែល​ក្រសួង​បាន​អនុវត្ត​កន្លងមក មក​បកស្រាយ​ថា រដ្ឋាភិបាល បានរៀបចំ​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ពាក់ព័ន្ធ ស្ដង់ដារ​ទំនិញ យន្តការ​សម្រាប់​ការអនុវត្ត​នានា ដោយ​រាប់ទាំង​ការគ្រប់គ្រង ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ម្ហូបអាហារ បន្លែ ត្រី សាច់ នាំចូល​ទំនិញ​លក់​ក្នុង​ទីផ្សារ​។ ស្ថាប័ន ក្រសួង អង្គភាព​ទទួលខុសត្រូវ​ច្បាស់លាស់ លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​។ រដ្ឋាភិបាល បានរៀបចំ​មន្ទី​ពិសោធន៍​ខ្នាត​ធំ និង​ខ្នាតតូច នៅតាម​ច្រកព្រំដែន ដែល​ក្នុងនោះ​មាន​ឧបករណ៍​សម្រាប់​មន្ត្រី​កាំកុងត្រូល ប្រើប្រាស់​វិភាគ​នៅនឹងកន្លែង​។ រដ្ឋាភិបាល បាន​សហការ​ជាមួយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ នៃ​បណ្ដា​ប្រទេស​នានា លើ​ពិភពលោក ដើម្បី​ទទួលបាន​ព័ត៌មាន និង​វិធាន​ការទាក់ទង ក្នុងការ​ទប់ស្កាត់​បញ្ហា​ចំណីអាហារ​គីមី រួមទាំង​ការផ្សព្វផ្សាយ​អប់រំ ពលរដ្ឋ​ឲ្យ​បានដឹង​ពី​បញ្ហា​នេះ​ផងដែរ​។​
 
«​ចំពោះ​ការលើក​បង្ហាញ​ពី​ការធ្វើការ​របស់​មន្ត្រី​ពិសោធន៍​នៅ​ស្រុក​គេ ក៏​គ្រាន់តែ​ចង់​សម្ញែង​អួតអាង បំភ្លៃ​ការពិត​ថា មានតែ​ស្រុក​អាមេរិក ឬ​ប្រទេស​នេះ ប្រទេស​នោះ ហើយ​មក​បង្អាប់បង្អោន​ជាតិ​សាសន៍​យើង​ប៉ុណ្ណោះ ហើយ​ដែល​ជាក់ស្ដែង​កម្ពុជា មាន​មន្ទី​ពិសោធន៍​ម្ហូបអាហារ ដែលមាន​សមត្ថភាព​វិភាគ​ឃើញ​សារ​ធាតុគីមី មេរោគ​ចម្លង កត្តា​គ្រោះថ្នាក់​ជា​រូបវន្ត​ផ្សេងៗ មិន​ចាញ់​ប្រទេស​ជឿនលឿន ទាំង​លើ​ឧបករណ៍​យកមក​បំពាក់​ប្រើប្រាស់​នៅ​មន្ទី​ពិសោធន៍ និង​មន្ត្រី​ជំនាញ សុទ្ធតែ​បាន​ឆ្លងកាត់​ការរៀនសូត្រ មានបទពិសោធន៍​ពី​ក្នុង និង​ក្រៅប្រទេស​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក សម រង្ស៊ី​។​
 
​កន្លងមក​មន្ត្រី​ជំនាញ​ក្រសួង ក៏​ធ្លាប់​ចាប់​ជនខិលខូច​មួយចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​រឿង​អង្ករ​ប្លា​ស្ទិ​ក ប្រេងឆា​គីមី និង​ស៊ុប​គីមី​ជាដើម ក្រោយ​រក​មិនឃើញ​ពី​ករណីនេះ​។​
 
 
​កម្ពុជា​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ពី​២០០​តោន ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃ សម្រាប់​យកមក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ មូល​ហេតុដែល​នាំចូល​នេះ ដោយសារតែ​តម្លៃ​កសិផល​របស់​ប្រទេសជិតខាង​នេះ មានតម្លៃ​ថោក​។ សម្រាប់​ការនាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​នេះ កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋា​ភិ​បាល​។​
 
​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៨​នេះ មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទូទាំងប្រទេស​ជាង ៥២​តោន ។​ទំនិញ​ខូចគុណភាព​ទាំងនោះ ភាគច្រើន​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់ ហើយ​មាន​សារធាតុ​គីមី​។ នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​ផ្នែក​ស្ថិតិ​នៃ​នាយកដ្ឋាន​កាំកុងត្រូល លោក ឃួន សាវុធ​៕
​ 

Tag:
 សម រង្ស៊ី​
  ពាណិជ្ជកម្ម​
  គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com