អន្តរជាតិ
អាមេរិក​ព្រមាន​អ៊ីរ៉ង់ ក្រោយ​បារាំង​បាន​ចោទថា រៀប​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ារីស​
03, Oct 2018 , 10:39 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ចាប់ដៃសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង (រូបភាព AFP)
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ចាប់ដៃសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង (រូបភាព AFP)
សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២ ខែតុលា បាន​ផ្ញើ​សារ​ព្រមាន​អ៊ីរ៉ង់ បន្ទាប់​បារាំង​បាន​ចោទ​ទីភ្នាក់ងារ​ចារកម្ម​អ៊ីរ៉ង់​ថា នៅ​ពីក្រោយ​ផែនការ​វាយប្រហារ​គ្រាប់បែក​ក្នុង​រដ្ឋធានី​ប៉ារីស​កាលពី​បី​ខែ​មុន​។ អាមេរិក ដែល​កំពុង​បង្កើន​ការគាបសង្កត់​លើ​អ៊ីរ៉ង់​កាន់តែខ្លាំង​នោះ ប្រាប់​អ៊ីរ៉ង់​ថា សកម្មភាព​បែបនេះ​នឹងមិន​ត្រូវបាន​លើកលែង​ឡើយ​។ ក្រុង​តេ​ហេ​រ៉ង់​បាន​បដិសេធ​ភ្លាមៗ​ចំពោះ​ករណីនេះ ហើយ​បើកទ្វារ​ជជែក​ជាមួយ​បារាំង ដើម្បី​ជម្រះ​មន្ទិល​។​

 
​អាជ្ញាធរ​បារាំង នៅ​ថ្ងៃទី​២ ខែតុលា បាន​ផ្អឹប​ទ្រព្យសម្បត្តិ​ជនជាតិ​អ៊ីរ៉ង់​ពីរ​នាក់ ដែល​ត្រូវ​សង្ស័យថា ជា​ភ្នាក់ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ជុំវិញ​ករណី​គម្រោង​បំផ្ទុះ​គ្រាប់បែក​ក្នុងការ​ជួបជុំ​កាលពី​បី​ខែ​មុន​។ ការជួបជុំ​នេះ រៀបចំ​ឡើយ​ដោយ​ក្រុម​សកម្មជន​ប្រដាប់អាវុធ​មួយក្រុម​ឈ្មោះ People's Mujahedin of Iran (MEK) ដែល​អ៊ីរ៉ង់​ចាត់ទុកជា​ក្រុម​ភេរ​វករ តែ​មហាអំណាច​លោកខាងលិច​បាន​លុបឈ្មោះ​ក្រុម​នេះ​ចេញពី​បញ្ជី​ក្រុម​ភេរវកម្ម​ទៅវិញ​។​
 
​អាមេរិក​ឯណោះ​វិញ ក៏​នៅ​មិន​ស្ងៀម​ដែរ​ចំពោះ​ហេតុការណ៍​នេះ ខណៈ​កំពុងតែ​ដាក់​សម្ពាធ​លើ​ក្រុង​តេ​ហេ​រ៉ង់​ផង​នោះ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ចំណុះ​សេត​វិមាន​បាន​សរសេរ​តាម​បណ្ដាញ Twitter នៅ​ថ្ងៃទី​២ ខែតុលា ថា បារាំង​បាន​ចាត់វិធានការ​ខ្លាំង​ប្រឆាំង​ផែនការ​បរាជ័យ​នៅ​ប៉ារីស ហើយ​តេ​ហេ​រ៉ង់​ត្រូវ​ដឹងថា សកម្មភាព​ហួសហេតុ​នេះ នឹង​មិនអាច​រួចខ្លួន​។ ឯ​ក្រសួងការបរទេស​អាមេរិក​បាន​ហៅ​ករណី​ចាប់​ជនសង្ស័យ​នេះ​ថា ជា​ភស្តុតាង​បង្ហាញថា អ៊ីរ៉ង់​ជា​ប្រទេស​គាំទ្រ​ភេរវកម្ម​ដ៏​ធំ​។​
 
​ក្រោយ​មានរ​កណី​ចាប់ខ្លួន​ខាងលើ ក្រុង​តេ​ហេ​រ៉ង់​ក៏​ស្នើ​ទៅកាន់​ក្រុងប៉ារីស​ដើម្បី​ជួប​ជជែក​គ្នា ដោះស្រាយ​ការសង្ស័យ​។ ជាមួយនឹង​ការបដិសេធ​ពាក់ព័ន្ធ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ Bahram Ghasemi បាន​ប្រាប់ AFP ថា បើសិន​មានការ​យល់ច្រឡំ​ដោយសារ​បញ្ហា​ដែល​មិនបាន​កើតឡើង ដែលជា​ផែនការ​អាក្រក់​របស់​អ្នកណាម្នាក់ ឬ​ដោយសារ​កំហុស​ក្ដី អ៊ីរ៉ង់ និង​បារាំង​អាច​អង្គុយ​ចុះ ហើយ​ពិភាក្សាគ្នា​បាន​។ 
 
​ជុំវិញ​ផែនការ​បំផ្ទុះ​ដដែល​នេះ មន្ត្រី​អ៊ីរ៉ង់​ខាងលើ​ចាត់ទុកជា​គម្រោង​ការដែល​សំដៅ​បំផ្លាញ​ទំនាក់ទំនង​វិជ្ជមាន​រវាង​អ៊ីរ៉ង់ និង​បារាំង ព្រមទាំង​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេងទៀត​។ លោក Ghasemi ក៏បាន​ចង្អុល​ទៅកាន់​នយោបាយ​បង្កហេតុ​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់​ដែល​បង្កើតជា​ផែនការ​នេះ​ឡើង សំដៅ​បណ្ដុះ​ភាព​បែកបាក់រ​វា​អ៊ីរ៉ង់ និង​អឺរ៉ុប​។ 
 
​បញ្ហា​នេះ​ទំនងជា​ត្រូវ​អាមេរិក​ប្រើ​ដើម្បី​ដាក់​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​លើ​អ៊ីរ៉ង់ ក្រៅពី​សំណុំរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​ដើរចេញ​ឆ្នាំ​២០១៨ ។ អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ និង​ប្រទេស​ដែល​ហ៊ាន​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ជាពិសេស​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់​តែម្ដង​។ អឺរ៉ុប​ដែល​ជម្នះ​ការ​គំរាម​របស់​អាមេរិក​នោះ កំពង់​រក​ផ្លូវ​ដើម្បី​គេច​ពី​ទណ្ឌកម្ម​របស់​អាមេរិក និង​ការពារ​ក្រុមហ៊ុន​ខ្លួន​ដែល​នៅតែ​ប្រកប​របរ​នៅ​អ៊ីរ៉ង់​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com