អន្តរជាតិ
សិង្ហ​បុរី​៖ អាស៊ាន​ស្នើ​មី​យ៉ាន់​ម៉ា​រកមុខ​អ្នកទទួលខុសត្រូវ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
04, Oct 2018 , 8:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ (រូបភាព AFP)
​ប្រមុខ​ការទូត​នៃ​រដ្ឋ​សមាជិក​អាស៊ាន​នៅពេល​ថ្មីៗ​នេះ បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​រកមុខ​អ្នក​ទទួលខុស​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដើម្បី​កាត់ទោស​តាមច្បាប់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ នៅ​ថ្ងៃទី​២ ខែតុលា​។ ជាមួយនឹង​ក្ដីបារម្ភ​ចំពោះ​ស្ថានភាព​យ៉ាប់យ៉ឺន​របស់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា អាស៊ាន​កំពុង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​វិញ​ម្ដង ព្រោះ​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​ការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​។​

 
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​២៩ ខែកញ្ញា បាន​បើក​កិច្ចប្រជុំ​មិន​ផ្លូវការ​នៅក្រៅ​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​៧៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ហើយ​វិបត្តិ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា ត្រូវបាន​លើកយក​មក​ពិភាក្សា​។ ប្រមុខ​ការទូត​សិង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ និយាយថា ប្រមុខ​ការទូត​អាស៊ាន​ក៏​ស្នើ​មី​យ៉ាន់​ម៉ា​ឲ្យ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​អំពើហិង្សា​នៅ​រដ្ឋ Rakhine ដើម្បី​ទទួលខុសត្រូវ​ពេញលេញ​ចំពោះ​ទង្វើ​ដែល​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​រង​ប្រតិកម្ម​ពេញ​ពិភពលោក​។​
 
​ថ្លែង​ទៅកាន់​សភា​សិង្ហ​បុរី​នៅ​ថ្ងៃទី​២ ខែតុលា លោក វី​វៀន រំឭក​ពី​កិច្ចប្រជុំ​នៅ​អាមេរិក​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិតជា​បារម្ភ​ជា​ពន់ពេក​ចំពោះ​សកម្មភាព​ហិង្សា​នៅ​រដ្ឋ Rakhine ដែលជា​វិបត្តិ​បង្កើត​មនុស្ស​ផ្ទាល់​។ លោក​បន្តថា ដំណោះស្រាយ​ស្ថិត​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផ្ទាល់ ហើយ​នេះ​ជាការ​ទទួលខុសត្រូវ​ដែល​អាស៊ាន​នឹង​ឲ្យ​មី​យ៉ាន់​ម៉ា​បំពេញ​ឲ្យ​បាន ហើយ​ក្រុង​ណៃ​ពិដោ​ចាំបាច់​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ គ្មាន​កំហុស និង​គ្មាន​រនាំង​ការពារ​ខ្លួន​នោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo លោក វី​វៀន អះអាងថា អាស៊ាន​កំពុង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​របស់​គណៈកម្មកា​រ​ឯករាជ្យ​នៃ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជាពិសេស​រង់ចាំ​ពិនិត្យ​របាយការណ៍​រប​ស់​សមាជិក​ពីរ​នាក់​ដែលជា​ជន​ជប៉ុន និង​ហ្វីលីពីន​។ ទោះជា​តែងតាំង​ដោយ​រដ្ឋាភិបាល​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី មែន ប្រមុខ​ការទូត​សិង្ហ​បុរី​ចង់​ឲ្យ​គណៈកម្មការ​នេះ​មានអំណាច​ពេញលេញ​ដើម្បី​ស៊ើបអង្កេត និង​វែកមុខ​អ្នកទទួលខុសត្រូវ​។​
 
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ បាន​បដិសេធ​លទ្ធផល​ស៊ើបអង្កេត​របស់​បេសកកម្ម​ឯករាជ្យ​ដែល​បង្កើត​ដោយ​អង្គការសហប្រជាជាតិ ហើយ​ដែល​រកឃើញ​កំហុស​របស់​ក្រុម​យោធា​លើ​ប្រតិបត្តិការ​ដ៏​ហិង្សា​នៅ​រដ្ឋ Rakhine ។ អ្នកស៊ើប​អង្កេត​អន្តរជាតិ​មួយក្រុម​នេះ​ចោទ​យោធា​មី​យ៉ាន់​ម៉ា​ថា មាន​ចេតនា​ប្រល័យពូជសាសន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា និង​បានស្នើ​ឲ្យ​កាត់ទោស​មេទ័ព​សំខាន់ៗ​៦​នាក់ រាប់ទាំង​អគ្គមេបញ្ជាការ​កងទ័ព មីន អ៊ុង​ឡាំង ផង​។​
 
​សម្រាប់​ដំណោះស្រាយ​វិញ លោក វី​វៀន បញ្ជាក់ថា អ្វីដែល​ត្រូវការ​ពេលនេះ គឺ​ដំណោះ​ស្រា​រយៈពេល​វែង ហើយ​អាស៊ាន​ក៏​ប្រាប់​មី​យ៉ាន់​ម៉ា​រួច​ហើយពី​ការធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រចិត្ត​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​ជំរំ​នៅ​បង់​ក្លា​ដែ​ស​។ ជាមួយគ្នានេះ អាស៊ាន​ក៏​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​តាមតែ​អាចជួយ​ទៅបាន​៕ 

Tag:
 អាស៊ាន​
  មី​យ៉ាន់​ម៉ា​
  Vivian Balakhrishan
© រក្សាសិទ្ធិដោយ thmeythmey.com