ជាតិ
បុណ្យភ្ជុំបិណ្ឌ
សិល្បះ
លោក អ៊ិត សំហេង ហាម​បទ «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» ដែល ម៉ៅ ហា​ជី ច្រៀង​កាលពី​ពីរ​ឆ្នាំមុន​
03, Oct 2018 , 8:57 pm        
រូបភាព
ដោយ:
ក្រោម​ហេតុផល​ថា មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គោលនយោបាយ​រដ្ឋាភិបាល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សរសេរ​លិខិត​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ផ្អាក​ការប្រើប្រាស់ និង​ការផ្សព្វផ្សាយ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» របស់​តារាចម្រៀង ម៉ៅ ហា​ជី ដែល​បានចេញ​ផ្សាយ​តាំងពី​ឆ្នាំ​២០១៦ ។ បទ​ចម្រៀង​នេះ លើកឡើង​ពី​ការ​ត្អូញត្អែរ​របស់​កម្មករ ដែល​គ្មាន​លុយ​ទៅលេង​ស្រុក ដោយសារ​អត់​បាន​បើកប្រាក់​ខែរ​។​




ក្នុងលិខិត​ចុះថ្ងៃទី៣ ខែតុលា លោក អ៊ិត សំហេង បានប្រាប់មូលហេតុទៅកាន់រដ្ឋមន្ត្រី​ពីររូបទៀតថា ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» មាន​ឃ្លា​មួយ​ច្រៀង​ថា «​កម្មករ​និ​យោក​ជិត​មិនទាន់​បើកប្រាក់​ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​មិនបាន​ទៅ​ស្រុកកំណើត​ទៅលេង​ម៉ែ​-​ពុក​បានត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរ​សព្ទ​ប្រាប់​ម៉ែ ពុក​បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ​បាន​អាច​ទៅលេង​ស្រុកកំណើត​»​។ ត្រង់​អត្ថន័យ​នេះហើយ បានជា​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ យល់ថា ខុសឆ្គង ដោយ​ផ្ទុយ​ពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​កំពុង​យកចិត្តទុកដាក់​លើ​កម្ម​ករ​និយោជិត​។

លោក អ៊ិត សំហេង បាន​ក្រើនរំលឹក​ដល់​ម្ចាស់​ផលិតកម្ម និង​អ្នកនិពន្ធ ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​តែង​និពន្ធ ឬ​ការសម្តែង​ណា​ដែល​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​តម្រូវ​ឲ្យ​ស្ថានីយទូរទស្សន៍ ឬ​បណ្តាញ​ផ្សព្វផ្សាយ បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» នេះ​ជាបន្ទាន់​៕


© រក្សាសិទ្ធិដោយ thmeythmey.com