ជាតិ
សេដ្ឋកិច្ច
IMF៖ កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុន​ដែល​ពូន​ផ្ដុំ​ក្នុង​អចលនទ្រព្យ​
04, Oct 2018 , 9:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សកម្មភាព​សេដ្ឋកិច្ចកម្ពុជា នៅតែ​រក្សា​ភាពរឹងមាំ​ក្នុង​ឆ្នាំ​២០១៨​នេះ ជាមួយ​ការព្យាករណ៍​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​។ នេះ​ជាការ​មើលឃើញ​របស់​ម​ន្ត្រី​ជំនាញ​របស់​មូលនិធិ​រូបិយ​បណ្ណ​អន្តរជាតិ IMF ដែល​នឹងត្រូវ​ផ្ញើ​របាយការណ៍​អំពី​ស្ថានភាព​នេះ​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​។

 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់ IMF នៅ​ថ្ងៃទី​២​ខែតុលា បាន​ឲ្យ​ដឹងថា ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​នេះ ត្រូវបាន​គាំទ្រ​ដោយ​តម្រូវការ​ខ្លាំងក្លា​ពី​ក្រៅប្រទេស និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ត្រូវបាន​ពង្រីក ខណៈ​អតិផរណា​ស្ថិតនៅក្រោម ២,៥​ភាគរយ​។  
 
«​កម្ពុជា​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយសារ​កំណែទម្រង់ និង​កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ចំណូល​ប្រជាជន​បាន​កើនឡើង​លឿន អត្រា​ក្រីក្រ​បាន​ថយចុះ ហើយ​សេដ្ឋកិច្ច​ចាប់ផ្ដើម​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្ដងៗ​»​។ នេះ​ការអះអាង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​។​
 
​ប៉ុន្តែ​ទន្ទឹមនឹងនេះ IMF បាន​ទាញ​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​លំហូរ​ទុន ដែល​បាន​ពូន​ផ្ដុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។ IMF ឲ្យ​ដឹងថា ឥណទាន​ក្នុង​វិស័យ​ធនាគារ បាន​ប្រមូលផ្ដុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​ត្រូវបាន​ព្យាករ​កំណើន​ក្នុង​រង្វង់ ២០​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ 
 
IMF បាន​ពន្យល់​ដូច្នេះ​ថា​៖«​កង្វល់​ជុំវិញ​គុណភាព​ឥណទាន ការពឹងផ្អែក​មូលនិធិ​ក្រៅប្រទេស ការ​ពូន​ផ្ដុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការ​ឲ្យ​ខ្ចី​ក្រៅច្បាប់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច​»​។ 
 
IMF ជំរុញ​ឲ្យ​កម្ពុជា​ដាក់ចេញ​វិធានការ​មួយចំនួន​បន្ថែមទៀត បើទោះបី កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា បាន​រឹតបន្តឹង​មួយចំនួន​រួចមកហើយ​។ អ្នកជំនាញ IMF ណែនាំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការត្រួតពិនិត្យ​ចំពោះ​ការផ្ដល់​កម្ចី សម្រាប់​វិស័យ​អចលនទ្រព្យ​៕

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com