ជាតិ
សង្គមជាតិ
កុមារ​កម្ពុជា​៧​រូប ឈ្នះ​មេដាយប្រាក់ និង​សំរិទ្ធ ពី​ការប្រកួតប្រជែង​គណិត និង​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន​
04, Oct 2018 , 9:49 am        
រូបភាព
ភ្នំពេញ​៖ កុមារ​៧​រូប​ក្នុងចំណោម​កុមារ​កម្ពុជា​ទាំង​២៤​រូប ដែល​ក្រសួង​អប់រំ​បាន​បញ្ជូនទៅ ប្រកួតប្រជែង​គណិត និង​វិទ្យាសាស្ត្រ​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​លើក​ទី​១៥  នៅ​ទី​ខេត្ត​Zhejiang ប្រទេស​ចិន បានទទួល​មេដាយប្រាក់​២​រូប និង​មេដាយសំរិទ្ធ​៥​រូប​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​៣​តុលា​។​

 
​កុមារ​ទាំង​៧​រូបនោះ មាន​៤​រូប ដែល​ឈ្នះ​លើ​ផ្នែក​គណិតវិទ្យា ដោយមាន​សិស្ស យុទ្ធ មុនី​ឧ​ត្ត​ម ទទួលបាន​មេដាយប្រាក់ រួមទាំង សិស្ស ឡាយ សម្បត្តិ ព្រេ​ម ណូ​យ៉ាន និង​ស៊ឹម គ្រីស្ទី​ណូ ទទួលបាន​មេដាយសំរិទ្ធ​។ 
 
​ដោយឡែក សិស្ស​៣​ទៀត ដែល​ឈ្នះ​ការប្រកួតប្រជែង​ផ្នែក​វិទ្យាសាស្ត្រ  មាន ឆៃលី តុង​ហេង ទទួលបាន​មេដាយប្រាក់​។  សិស្ស​ឈ្មោះ តែ អេ​មី​លី  និង​វឌ្ឍន៍ រ័ត្ន​រេ​ណា ទទួលបាន​មេដាយសំរិទ្ធ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការប្រកួតប្រជែង​ខាងលើនេះ គឺ​សម្រាប់តែ​សិស្ស​មាន​អាយុ​ពី​១១ ទៅ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ ការប្រកួតប្រជែង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​សិស្ស​កម្រិត​បឋមសិក្សា បាន​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ស្វែងយល់​ពី​វប្បធម៌​ទៅវិញទៅមក​។ 
 
​សូម​រម្លឹកថា ការប្រកួតប្រជែង​នេះ បាន​ប្រព្រឹត្តិ​ឡើង ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨៕  
 

Tag:
 អប់រំ​
  ប្រឡង​
 ​គណិត​
 ​វិទ្យាសាស្ត្រ​
 ​មេដាយ​
© រក្សាសិទ្ធិដោយ thmeythmey.com