ជាតិ
ក្រសួងពាណិជ្ជកម្ម​ប្រាប់​ពី​មូលហេតុ​នៃ​ការ​កើន​ថ្លៃ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​
04, Oct 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្មីៗ​នេះ តម្លៃ​ប្រេង​ឥន្ទ​នៈល​ក់រាយ​នៅ​កម្ពុជា បាន​កើន​ថ្លៃ​ជា​បន្តបន្ទាប់​។ ការ​កើន​ថ្លៃ​នេះ  ដោយសារតែ​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ពី​ការប្រែប្រួល​តម្លៃ​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អន្តរជាតិ ដែលមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ទៅតាម​បរិបទ​នយោបាយ​ពិភពលោក​។ នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​៣​តុលា​។​

 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៨​មក ប្រេងសាំង ១​បារ៉ែល​(​ចំណុះ​១៥៩​លីត្រ​) ដែល​កម្ពុជា​នាំចូល បាន​កើន​ថ្លៃ​ពី​៨៦.៩៨ ដល់​៨៩.៥២​ដុល្លារ​អាមេរិក និង​ប្រេងម៉ាស៊ូត បាន​ឡើងថ្លៃ​ពី​៩២.១៧ ដល់​៩៦.៦៨​ដុល្លារ​អាមេរិក​។  នេះ​ជាត​ម្លៃ​មិនទាន់បាន​បូក​បញ្ចូល​ពន្ធ​នៅឡើយ​។ តម្លៃ​ប្រេង​ទាំងនេះ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​បញ្ចុះ ១៦០​រៀល​(៤​សេន​) ក្នុង​មួយ​លីត្រ នៅពេល​លក់រាយ​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។  
 
​ក្រសួងពាណិជ្ជកម្ម ក៏បាន​អះអាងថា តម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា គឺ​ក្រសួង​មិនមែនជា​អ្នកកំណត់​ទេ​។ ក្រសួង​គ្រាន់​តែមាន​ភារកិច្ច​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​ឥន្ទ​នៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ យកមក​គណនា តាម​ប្រកាស​អន្តរក្រសួង ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា ដែល​បាន​ចុះ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា មានតម្លៃ​លើសពី​៤០០០​រៀល​ក្នុង​មួយ​លីត្រ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ក្នុងនោះ​ប្រេងសាំង​សុ​ប​ពែរ​តម្លៃ​៤៥០០​រៀល ទៅ​៤៦០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​៤៤០០​រៀល​ក្នុង​មួយ​លីត្រ​៕
 

Tag:
 សេដ្ឋកិច្ច​
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com