ជាតិ
សង្គមជាតិ
មនុស្ស​៩​នាក់ ត្រូវបាន​ឃុំខ្លួន ដោយ​សង្ស័យថា លួច​ជួញដូរ​អាវុធ និង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​
04, Oct 2018 , 1:00 pm        
រូបភាព
កាំភ្លើងប្រមាណ៣០ដើម ដែលសមត្ថកិច្ច រឹបអូសពីមនុស្សទាំង៩នាក់។ រូបពីអគ្គស្នងការនគរបាលជាតិ
កាំភ្លើងប្រមាណ៣០ដើម ដែលសមត្ថកិច្ច រឹបអូសពីមនុស្សទាំង៩នាក់។ រូបពីអគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ យ៉ាងហោចណាស់ មាន​មនុស្ស​៩​នាក់ (​ស្រី្ត​ម្នាក់​) ត្រូវបាន​ចាប់ខ្លួន ដោយសារ​លួច​ជួញដូរ​អាវុធ​ជាច្រើន​ដើម​។ សមត្ថកិច្ច ថែមទាំង​សង្ស័យថា អ្នក​ទាំងនោះ ក៏មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​


 
​បុរស​ម្នាក់ ឈ្មោះ ប៊ុន ប្រសើរ អាយុ​៤២​ឆ្នាំ ដែល​សមត្ថកិច្ច អះអាងថា​ជា​មេខ្លោង​ជួញដូរ​អាវុធ​ខុសច្បាប់ និង​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ខ្លួន នៅ​ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​។ ក្រោយ​ចាប់ខ្លួន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បញ្ជា​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ​ជា​បណ្តោះអាសន្ន​។ 
 
​ចំណែក បក្សពួក​៨​នាក់​ទៀត​របស់​បុរស​នោះ ត្រូវបាន​ចាប់ខ្លួន កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ​ជា​បណ្តោះអាសន្ន​ដូចគ្នា ដើម្បី​រង់ចាំ​ចំណាត់​ការបន្ត​ពី​តុលាការ​។ សមត្ថកិច្ច សង្ស័យថា អ្នក​ទាំង​៩​នាក់ គឺជា​សមាជិក​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស និង​មាន​លោក សម សេរី ជា​ប្រធាន​។ 
 
​ក្រោយ​រង​ការចោទប្រកាន់​បែបនេះ រណសិរ្ស​រំដោះជាតិ​ខ្មែរ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បដិសេធ​។ បើតាម​សេចក្តីថ្លែងការណ៍ រណសិរ្ស​រំដោះជាតិ​ខ្មែរ បាន​អះអាងថា គ្មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នោះទេ ហើយ​មនុ​ស្សទាំង​៩​នាក់ ក៏​មិនមែនជា​សមាជិក​របស់​ខ្លួន​ដែរ​។
  
​ចលនា​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ការចោទប្រកាន់​មកលើ​ក្រុម​រណសិរ្ស​រំដោះជាតិ​ខ្មែរ សូម​សមត្ថកិច្ច ពិចារណា និង​ស្រាវជ្រាវ ឲ្យ​បានច្បាស់លាស់​។ រណសិរ្ស​រំដោះជាតិ​ខ្មែរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ប្រើ​កម្លាំងប្រដាប់អាវុធ បង្កចលាចល​ដល់​សង្គម​ឡើយ​»​។ 
 
​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​រឹបអូស​អាវុធ​ប្រមាណ​៣០​ដើម និង​គ្រឿងផ្ទុះ​ជាច្រើន​ទៀត ពី​មនុ​ស្សទាំង​៩​នាក់​។ សម្តេច  ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឧបត្ថម្ភ​ថវិកា​៨​ម៉ឺន​ដុល្លារ ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​កម្លាំង​សមត្ថកិច្ច ដែល​បាន​បង្ក្រាប​ក្រុម​ជួញដូរ​អាវុធ​ខាងលើ​៕  
  

Tag:
 សន្តិសុខ​
  ជួញដូរ​អាវុធ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com