ជាតិ
សង្គមជាតិ
ពលរដ្ឋ​៤​នាក់​នៅ​ព្រះសីហនុ ត្រូវ​ជាប់ពន្ធនាគារ​១​ឆ្នាំ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​
04, Oct 2018 , 9:19 pm        
រូបភាព
ប្រជាពលរដ្ឋ នាំគ្នាទៅមុខតុលាការខេត្តព្រះសីហនុ ខណៈចៅក្រម កំពុង បើកសវនាការកាត់ទោសតំណាងទាំង៤នាក់របស់ពួកគាត់។ មានអ្នកខ្លះ អង្គុយសំពះ ដោយកាន់រូបថតសម្តេច ហ៊ុន សែន ជាមួយផង ដើម្បីសុំឲ្យចៅក្រមដោះលែងតំណាងទាំង៤នាក់នោះ
ប្រជាពលរដ្ឋ នាំគ្នាទៅមុខតុលាការខេត្តព្រះសីហនុ ខណៈចៅក្រម កំពុង បើកសវនាការកាត់ទោសតំណាងទាំង៤នាក់របស់ពួកគាត់។ មានអ្នកខ្លះ អង្គុយសំពះ ដោយកាន់រូបថតសម្តេច ហ៊ុន សែន ជាមួយផង ដើម្បីសុំឲ្យចៅក្រមដោះលែងតំណាងទាំង៤នាក់នោះ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​សវនាការ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ចៅក្រម​នៃ​តុលាការខេត្ត​ព្រះសីហនុ បានសម្រេច​ផ្តន្ទាទោស​តំណាង​សហគមន៍​៤​នាក់ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ក្រោម​បទ​ចោទ «​ប្រើប្រាស់​ហិង្សា​រលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ដែលមាន​ឧកញ៉ា  តាន់ តាក់ និង​ឧកញ៉ា ឡុ​ញ វណ្ណ​: ជា​អ្នកប្តឹង​។


 
​រយៈពេល​១​ឆ្នាំនេះ ចៅក្រម កំណត់​ឲ្យ​តំណាង​សហគមន៍​ទាំង​៤​នាក់ ជាប់ពន្ធនាគារ​៧​ខែ ហើយ​៥​ខែ​ទៀត ត្រូវ​ព្យួរ​។ ប៉ុន្តែ បើ​គិត​ទៅ តំណាង​សហគមន៍​ទាំងនោះ ត្រូវ​ជាប់ពន្ធនាគារ​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​ដោះលែង​វិញ​ហើយ ដោយសារតែ​ពួកគេ ត្រូវបាន​ចាប់ខ្លួន និង​ជាប់ឃុំ​ជិត​៥​ខែ​រួចមកហើយ​។ 
 
​ក្រៅពី​កំណត់​ឲ្យ​ជាប់ពន្ធនាគារ ចៅក្រម នៅ​តម្រូវ​ឲ្យ​តំណាង​សហគមន៍​ទាំង​៤​នាក់ បង់ប្រាក់​១០​លាន​រៀល ក្នុង​ម្នាក់ៗ ថែមទៀត ដើម្បី​យកទៅ​ឲ្យ​ឧកញ៉ា​ទាំង​២ ទុក​ជាការ​សងជំងឺចិត្ត​។ តំណាង​សហគមន៍​ទាំង​៤​នាក់ រួមមាន  លោក ញ៉ា​ញ់ ជាតិ លោក មែន ខេន លោក កៅ ហេង និង លោកស្រី ឡុ​ច ទូច​។ ជម្លោះដីធ្លី​នេះ កើតឡើង​នៅ​សហគមន៍​អូរ​ខ្សាច់ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
 
​ពេល​សមត្ថកិច្ច នាំខ្លួន​ចេញពី​សវនាការ ទៅកាន់​រថយន្ត ដើម្បី​ដឹក​ទៅ​ពន្ធនាគារ លោកស្រី ឡុ​ច ទូច បាន​ស្រែក​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​តុលាការ​នេះ ពុករលួយ តុលាការ​នេះ អយុត្តិធម៌​។ គេ អ្នក​ខុស​សោះ មិន​យក​គេ ដាក់គុក​ទេ តែ​មក​យក​ម្ចាស់​ដី ដាក់គុក​។ សូម​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​។  សហគមន៍​យើង​ទាំងអស់ នាំគ្នា​ដង្ហែ​ល​ទៅ​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​។ មានតែ​សម្តេច​ទេ [​ដែល​អាចជួយ​បាន​]»​។    
 
​មាន​ប្រជាពលរដ្ឋ មិនតិចជាង​១០០​នាក់​នោះទេ ដែល​មកពី​បណ្តា​សហគមន៍​នានា បាន​ទៅ​ស្រែក​តវ៉ា នៅមុខ​តុលាការខេត្ត​ព្រះសីហនុ ខណៈ​ចៅក្រម កំពុងបើក​សវនាការ​កាត់ទោស​អ្នក​ទាំង​៤​។ ប្រជាពលរដ្ឋ​ទាំងនោះ សម្តែង​ការ​សោក​ស្តា​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ស្រែក​ទ្រហោយំ ក្រោយ​ទទួលដំណឹង​ថា អ្នក​ទាំង​៤ ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ និង​តម្រូវ​ឲ្យ​បង់ប្រាក់​ជួន​ឧកញ៉ា​ទាំង​២​។   
 
​លោក ស៊ុយ ឈុន​ហាក់ មេធាវី​ការពារ​ក្តី​ឲ្យ​តំណាង​សហគមន៍​ទាំង​៤​នាក់ មិនទាន់​អាច​សម្រេចចិត្ត​ឲ្យ​ច្បាស់​នោះទេ ថា​លោក នឹង​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ឬ​យ៉ាងណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោក ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​កូនក្តី ជាមុនសិន​។ ប៉ុន្តែ លោក ហ៊ាន​សន្និដ្ឋានថា កូនក្តី​របស់លោក អាច​នឹង​ស​ម្រេ​ចិត្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដោយសារតែ​ពួកគេ មិន​សុខ​ចិត្តនឹង​ការសម្រេច​របស់​តុលាការខេត្ត​ព្រះសីហនុ​នោះទេ​។ 
 
​មេធាវី​រូបនេះ រៀបរាប់ថា ប្រជាពលរដ្ឋ ដោយ​រួ​មមាន​ទាំង​កូនក្តី​របស់លោក​ផង បាននាំគ្នា​ទៅ​រស់នៅ​លើដី​ធ្លី​នោះ តាំង​១៩៩២​មកម្ល៉េះ​។ លោក បន្តថា ក្រោយមក តំបន់​នោះ ក៏​ក្លាយទៅជា​ដី​រដ្ឋ មិនមែនជា​ដីឯកជន​ទេ​។ 
 
​លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​បើ​ដី​រដ្ឋ ត្រូវ​ឲ្យ​រដ្ឋ​ជា​អ្នកប្តឹង មិនមែន​បុគ្គល​ណាមួយ មកប្តឹង​ទេ​។ ខ្ញុំ សូមបញ្ជាក់ថា អ្នកប្តឹង​នោះ គ្មាន​គុណសម្បត្តិ​គ្រប់គ្រាន់ មក​ធ្វើជា​ដើមបណ្តឹង​ទេ​»៕ 
​ 

Tag:
 ដីធ្លី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com