ជាតិ
សេដ្ឋកិច្ច
World Bank៖ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរឹងមាំក្នុងពេលយូរទៀត កម្ពុជាត្រូវពឹងទុនក្នុងស្រុក
× ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើន ៧ភាគរយនៅឆ្នាំ២០១៨នេះ ដែលជំរុញមួយផ្នែកធំដោយសារការនាំចេញផលិតផលកាត់ដេរ។ ប៉ុន្តែដើម្បីរក្សាកំណើនរឹងមាំក្នុងរយៈពេលមធ្យម កម្ពុជាត្រូវពឹងផ្អែកការសន្សំ និងវិនិយោគក្នុងស្រុក។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៤ខែតុលា។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានព្យាករនេះ មានអត្រាខ្ពស់ជាងឆ្នាំ២០១៧ បន្តិចដែលមានត្រឹម ៦,៩ភាគរយ។ ភាពស្វាហាប់នៃកំណើននេះ ត្រូវបានទ្រទ្រង់មួយផ្នែកធំដោយការនាំចេញដែលមានភាពប្រសើរជាងការរំពឹងទុក។ ក្នុងឆមាសទី១ឆ្នាំ២០១៨ ការនាំចេញផលិតផលកាត់ដេរសម្រេចបានកំណើនខ្ពស់ដល់ទៅ ១៦,២ភាគរយ។ ជាមួយគ្នានេះ កំណើនទេសចរមានអត្រា ១៣,៦ភាគរយ រហូតដល់ចំនួន ៣លាននាក់ ក្រោមសន្ទុះខ្លាំងនៃការមកដល់របស់ភ្ញៀវចិន។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានប្រមាណឃើញថាមានកំណើន ១៤,៣ភាគរយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨។ ហើយជាងពាក់កណ្ដាលនៃលំហូរទុនវិនិយោគនេះ គឺបានពីប្រទេសចិន ដែលតម្រង់ទិសទៅលើការអភិវឌ្ឍសំណង់អគារពាណិជ្ជកម្ម និងអគារស្នាក់នៅ ព្រមទាំងមានចំណុចគោលដៅទាក់ទាញខ្លាំងនៅខេត្តព្រះសីហនុ។
តែអត្រាអតិផរណាកើនដល់ ២,៩ភាគរយ ក្នុងខែមិថុនាឆ្នាំនេះ ធៀបនឹង ២,២ភាគរយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។
ទោះយ៉ាងណារបាយការណ៍នេះ បានព្រមានពីហានិភ័យដែលកើតចេញពីនយោបាយគាំពារនិយម និងការសើរើដែលអាចកើតមានចំពោះភាពអនុគ្រោះពន្ធដល់កម្ពុជា។ ការដំឡើងពន្ធនៅប្រទេសសេដ្ឋកិច្ចធំៗនឹងជះឥទ្ធិពលលើកម្ពុជាដោយប្រយោល។ ការធ្លាក់ចុះណាមួយនៃសេដ្ឋកិច្ចចិន អាចនឹងរំខានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលប៉ះពាល់ដល់លំហូរទេសចរ និងការវិនិយោគ។
បន្ទាប់ពីព្រមានពីឥទ្ធិពលពីខាងក្រៅ ពិសេសភាពមិនច្បាស់លាស់នៃការពឹងផ្អែកលើវិនិយោគចិនខ្លាំងពេក World Bank បានផ្ដល់អនុសាសន៍ថា៖«ដើម្បីរក្សាកំណើនរឹងមាំក្នុងរយៈពេលមធ្យម និងបន្ថយការពឹងពាក់ខ្លាំងហួសហេតុទៅលើមូលធនក្រៅប្រទេស កម្ពុជាចាំបាច់ត្រូវកៀរគរការសន្សំក្នុងស្រុក និងបង្កើនការវិនិយោគក្នុងស្រុក រាប់ទាំងការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារបំណុល និងពង្រឹងកាគ្រប់គ្រងលើការវិនិយោគសាធារណៈថែមទៀត»៕
Tag:
សន្សំ
កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com