ជាតិ
បុណ្យភ្ជុំបិណ្ឌ
មូលហេតុ​សំខាន់ៗ​៤​យ៉ាង ដែល​នាំ​ឲ្យ​អ្នកប្រាជ្ញ​ខ្មែរ បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​
09, Oct 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដទៃទៀត  ដែល​ប្រជាជន​ទូទាំងប្រទេស តែង​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​រយៈពេល​១៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃ​១​រោច រហូតដល់​ថៃ្ង​១៥​រោច ខែភទ្របទ​។ ហើយ​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ត្រូវ​នឹង​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​


 
​តើ​បុណ្យ​ភ្ជុំបិណ្ឌ កើតឡើង​តាំងពី​ពេលណា​? ហេតុអ្វី​បានជា​បុណ្យ​ភ្ជុំបិណ្ឌ មានតែ​រយៈពេល​តែ​១៥​ថ្ងៃ​? ម្យ៉ាងទៀត ហេតុអ្វី​បានជា​បុណ្យ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​រដូវ​ចូល​ព្រះវស្សា​យ៉ាង​ដូច្នេះ​?
 
​បុណ្យ​ភ្ជុំបិណ្ឌ ឬ​យើង​ហៅ​ពី​សម័យមុន​ថា បុណ្យ​សែនដូនតា គឺជា​បុណ្យប្រពៃណី​ខ្មែរ មិនមែនជា​បុណ្យ​ព្រះពុទ្ធសាសនា​ទេ​។ តែ​របៀប​នៃ​ពិធីបុណ្យ​នេះ ត្រូវបាន​ធ្វើឡើង​តាម​លំនាំ​ព្រះពុទ្ធសាសនា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលុប ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។​
 
​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​កើតមានឡើង​តាំងពី​បុរាណកាល ពោលគឺ​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ​។ បើ​ផ្អែក​តាម​គម្ពីរ ច្បាស់​ណាស់​ថា​មានរឿង​និទាន​ទាក់ទង​នឹង​ការកកើត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ 
 
​ប៉ុន្តែ ដោយសារតែ​រឿងនិទាន​នេះ​មានដំណើរ​ដើមទង​វែង​អន្លាយ និង​ស្មុគស្មាញ​ក្រៃពេក ហើយ​ហាក់ដូចជា​មិនសូវ​ឆ្លុះបញ្ចាំង​ពី​ភាពប្រាកដនិយម​សម្រាប់​ជីវិត​របស់​យើង​បច្ចុប្បន្ន សារព័ត៌មាន​ថ្មីៗ សូម​អនុញ្ញាត​មិន​រៀបរាប់​អំពី​រឿងនិទាន​នេះ​ទៅ​ចុះ​។ អ្វីដែល​សំខាន់ យើងខ្ញុំ សូម​លាតត្រដាង​នូវ​គំនិត​អ្នកប្រាជ្ញ​ខ្មែរ ទាក់ទង​នឹង​មូលហេតុ ដែល​នាំ​ឲ្យ​កើត​ពិធីបុណ្យ​នេះ ដើម្បី​ជាការ​យល់ដឹង​សម្រាប់​ជីវិត​រស់នៅ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​។​
 
​តាម​គំនិត​អ្នកប្រាជ្ញ​ខ្មែរ លោក​បាន​ពោល​ទុក​នូវ​មូលហេតុ​ចម្បងៗ​មួយចំនួន ដែល​នាំ​ឲ្យ​កម្ពុជា បង្កើត​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ មូលហេតុ​ទាំងនោះ​រួមមាន​៖
 
​ទី​១. មូលហេតុ​ដ៏​ធំ​បំផុត ដែល​នាំ​ឲ្យ​មានបុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ពិធីបុណ្យ​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ដោយសារ​ក្នុង​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ព្រះសង្ឃ តែងមាន​ការលំបាក ពេល​និមន្ត​បិណ្ឌបាត​។ ហេតុដូច្នេះ ទើប​អ្នកប្រាជ្ញ​ខ្មែរ នាំគ្នា​បង្កើត​ឲ្យ​មាន​ពិធីបុណ្យ​នេះ​រៀងរាល់ឆ្នាំ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ ពេល​ចូល​ព្រះវស្សា​។ 
 
​កាលពី​បុរាណសម័យ បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺមាន​រយៈពេល​៣​ខែ​ឯណោះ ទើប​ចប់ ពោលគឺ​ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​។ ប៉ុន្តែ សម័យ​ក្រោយៗ​មក អ្នកប្រាជ្ញ​ខ្មែរ ជាពិសេស​អ្នកប្រាជ្ញ​ទាំងឡាយ​ដែលជា​ព្រះសង្ឃ បាន​មើលឃើញ​ភាពលំបាក​យ៉ាងខ្លាំង​របស់​គ្រហស្ថ ដែល​ត្រូវ​ចំណាយ​រយៈពេល​៣​ខែ ជា​រយៈពេល​យ៉ាងយូរ​ក្នុងការ​ផ្គត់ផ្គង់​ព្រះសង្ឃ​។ ម្យ៉ាងទៀត វា ធ្វើ​ឲ្យ​គ្រហស្ថ ខាត​ពេលវេលា​ធ្វើស្រែ​ចម្ការ​ទៀតផង​។ 
 
​ដោយ​យល់ឃើញ​បែបនេះ អស់លោកអ្នក​ប្រាជ្ញ​ទាំងនោះ ក៏​ព្យាយាម​កែប្រែ​ពី​ការ​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ខែ មក​ត្រឹម​រយៈពេល​១៥​ថ្ងៃ រហូតដល់​បច្ចុប្បន្ន​។ ការធ្វើ​កាត់បន្ថយ​មក​ត្រឹមតែ​១៥​ថ្ងៃនេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជារាស្ត្រ​ក្នុងការ​ធ្វើស្រែ​ចម្ការ ដោយហេតុថា ព្រះសង្ឃ​ផ្ញើ​ជីវិត​នឹង​ប្រជាកសិករ ដូច្នេះ​បើ​ប្រជារាស្ត្រ​លំបាក និង​មាន​បញ្ហា​ជីវភាព នោះ​ជីវិត​ព្រះសង្ឃ​ក៏ត្រូវ​ជួបនឹង​បញ្ហា​ដូច​ប្រជាពលរដ្ឋ​ដែរ​។  
 
​ទី​២. ពិធីបុណ្យ​នេះ ធ្វើឡើង ដើម្បី​ឧទ្ទិស​បុណ្យ​កុសល ដល់​ពពួក​ញាតិ និង​ជីដូន​ជីតា​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅហើយ តាមរយៈ​អានុភាព​នៃ​ការ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ផ្សេងៗ ដល់​ព្រះសង្ឃ និង​អ្នកមាន​សីល ឬ​អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់​។ ស្ថានភាព​របស់​សត្វលោក​នាពេល​បច្ចុប្បន្ន បើទោះបី​មាន​ឬ​ក្រ ស្រួល​ឬ​លំបាក សុខ​ឬ​ទុក្ខ សើច​ឬ​យំ គឺ​យើង​អាច​មើល​ឃើញនឹងភ្នែក​ទាំងអស់ តែ​អ្វីដែល​យើង មិនអាច​វិនិច្ឆ័យ​បាន​នោះ គឺ​ក្រោយពេល​ជីវិត​ផុតរលត់​ទៅ ដោយ​យើង​មិនអាច​ដឹង​ច្បាស់​ថា តើ​ជីវិត​អ្នក​ដែល​បាត់បង់​ទៅ នឹង​កើតជា​អ្វី ឬ​កើត​ក្នុង​ស្ថាន​ណា​នោះឡើយ​។ 
 
​ហេតុ​ដូច្នេះហើយ ទើប​អ្នកប្រាជ្ញ​ខ្មែរ អប់រំ​ប្រជាជន ដែលជា​កូនចៅ​កំពុងតែ​មានជីវិត​រស់​នៅ ឲ្យ​ចេះ​ធ្វើ​ទាន រក្សាសីល ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ស្ថាន​ទៅហើយ ព្រោះ​ក្រែងលោ អស់លោកអ្នក​មានគុណ​ទាំងនោះ ភ្លាត់សតិ ទៅ​កើត​ក្នុង​ស្ថាន​មិន​សមគួរ​ណាមួយ តួយ៉ាង​ដូចជា កើតជា​សត្វ​ប្រេត ឬ​សត្វ​នរក​ជាដើម ដែលជា​សត្វ​ត្រូវ​រងទុក្ខវេទនា និង​រងកម្ម​ក្រហល់ក្រហាយ​យ៉ាង​ក្រៃលែង​។​
 
​ទី​៣. ក្រៅពី​ការធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន ពិ​ធិ​បុណ្យ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រជារាស្ត្រ​ទូទាំងប្រទេស អាចធ្វើ​បុណ្យ បំពេញ​កុសល សម្រាប់​សេចក្តីសុខ និង​សេចក្តី​ចម្រុងចម្រើន​សិរី​សួស្តី​ដល់​ខ្លួនឯង​នាល​បច្ចុប្បន្ន និង​សម្រាប់​ជា​ស្ពាន​ទៅកាន់​លោក​ខាងមុខ​ផងដែរ​។ អ្នកប្រាជ្ញ​ខ្មែរ តែង​ពោលថា​៖«​កើតមក គ្មានអ្វី​មក​តាម​ខ្លួន​នោះទេ ហើយ​ស្លាប់​ទៅវិញ ក៏​គ្មានអ្វី​ទៅតាម​ខ្លួន​ដែរ គឺ​មានតែ​បុណ្យ​និង​បាប​ប៉ុណ្ណោះ​។ បើ​ធ្វើបុណ្យ នោះ​បុណ្យ​និង​ទៅតាម​ខ្លួន តែបើ​ធ្វើបាប នោះ​បាប​នឹង​ទៅតាម​ខ្លួន​»​។​
 
​ទី​៤. បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ធ​ម្យោ​បាយ​ដ៏​ប្រសើរ​មួយ ដើម្បី​បង្កើត​សាមគ្គី​របស់​ខ្មែរ ចាប់តាំងពី​ថ្នាក់ភូមិ សហគមន៍ រហូតដល់​ប្រទេសជាតិ​ទាំងមូល​។ ដោយសារតែ​ប្រទេស​យើង ជា​ទឹកដី​ដែល​ពឹង​ផ្អែកលើ​កសិកម្ម ហេតុ​ដូច្នេះហើយ ប្រជាពលរដ្ឋ​ភាគច្រើន​រវល់​រាងៗ​ខ្លួន ក្នុងការ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត រហូតដល់​គ្មាន​ពេល​ជួបជុំគ្នា​ឡើយ​។ 
 
​ការ​មិនសូវ​ជួបជុំគ្នា គឺជា​ហេតុ​នាំ​ឲ្យ​យើង​មិន​ស្និទ្ធស្នាល និង​មិនសូវ​យល់ចិត្ត​គ្នា​។ ការមិនយល់​ចិត្ត​គ្នា ជាហេតុ​នាំ​ឲ្យ​យើង​មិន​ជឿទុកចិត្ត​គ្នា​។ ការមិនជឿ​ទុកចិត្ត​គ្នា ជាហេតុ​នាំ​ឲ្យ​យើង​បែកបាក់​សាមគ្គី​គ្នា​។ ការបែកបាក់​សាមគ្គី​គ្នា ជាហេតុ​នាំ​ឲ្យ​ប្រទេសជាតិ​វឹកវរ​។ ប្រទេសជាតិ​ជួប​ភាពវឹកវរ ជាហេតុ​នាំមក​នូវ​សេចក្តី​ទុក្ខ​ទាំងពួង ដល់​ប្រជារាស្ត្រ​គ្រប់រូប​។​
 
​មូលហេតុ​ចម្បងៗ​ទាំងនេះហើយ ដែល​នាំ​ឲ្យ​អ្នកប្រាជ្ញ​ខ្មែរ រួបរួមគ្នា​បង្កើត​ឲ្យ​មានបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង តាំងពី​សម័យអង្គរ រហូតដល់​ពេលបច្ចុប្បន្ន​៕
​ 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com