កីឡាអន្តរជាតិ
អន្តរជាតិ
ករណី​រំលោភ​៖ កិច្ចសន្យា​រាប់ពាន់​លាន​ដុល្លារ​របស់ Ronaldo ជាមួយ Nike អាច​រង​ផលប៉ះពាល់​
05, Oct 2018 , 4:39 pm        
រូបភាព
រឿង​ក្តីក្តាំ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​អាមេរិក​ម្នាក់​របស់ Cristiano Ronaldo បាននិងកំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​សម្លៀកបំពាក់ Nike ដែល​បាន​ចុះកិច្ចសន្យា ស្ព​ន​ស័​រ​ដល់​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ក្នុង​រង្វង់​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​។


 
​ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​យក្ស​របស់​អាមេរិក Nike ដែលមាន​កិច្ចសន្យា​ក្នុងតម្លៃ ១​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Juventus កំពុង​បន្ត​តាមដាន​ស្ថានការណ៍​ឲ្យ​បាន​ស៊ីជម្រៅ និង​ច្បាស់លាស់​ជុំវិញ​ការចោទប្រកាន់​ពីបទ​រំលោភ​របស់ Ronaldo​។​
 
​នាង Kathryn Mayorga បាន​ចោទ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid វ័យ​៣៣​ឆ្នាំ ថា​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០៩​។​
 
​ក្នុង​ឆ្នាំ ២០១០ ស្ត្រី​ដែលមាន​វ័យ​៣៤​ឆ្នាំ​ខាងលើ​ត្រូវបាន​គេ​ផ្សាយ​ថា​បាន​ឈានដល់​ការដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ Ronaldo ដោយមាន​ការបង់ប្រាក់​ចំនួន ៣៧៥,០០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការយល់ព្រម​មិន​បញ្ចេញ​រឿងនេះ​ជា​សារ​ធារ​ណៈ​។​
  
 
​ជុំវិញ​ការចោទប្រកាន់​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ត្រៀម​ឲ្យ​មេធាវី​ខ្លួន​ប្តឹង​វាយបក​ទៅ​ទស្សនា​វ​ដ្តី Der Spiegel របស់​អាល្លឺម៉ង់​វិញ ដែលជា​អ្នកចេញ​ផ្សាយ​ព័ត៌មាន​អាស្រូវ​នេះ​ដំបូង​គេ​។​
 
​ដោយសារតែ​មានរឿង​អា​ស្រូវ​សេពសន្ថវៈ​លើ​ស្ត្រី​អតីត​គ្រូបង្រៀន​អាមេរិក​នេះ ខាង​ភាគី​ក្រុមហ៊ុន Nike និង​ក្រុមហ៊ុន​វីដេអូ​ហ្គេម EA Sports ដែលមាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក ហើយ​កំពុងមាន​កិច្ចសន្យា​ក្នុង​រង្វង់​ទឹកប្រាក់​ដ៏​ច្រើន​ជាមួយ Ronaldo នោះ ហាក់​ថ្នាំងថ្នាក់​នឹង​បញ្ហា​ខាងលើនេះ​។ តែ​យ៉ាង​ក្រុមហ៊ុន​ទាំងពីរ​ក៏​កំពុង​តាមដាន​រឿងនេះ ដោយ​សង្ឃឹមថា Ronaldo នឹងមិន​ប្រព្រឹត្តិ​អ្វី​ដូចដែល​គេ​បាន​ចោទ​នោះ​។​
 
​បើតាម​ទស្សនា​វ​ដ្តី Forbes ម្ចាស់​ពាន Ballon d'Or ៥​សម័យ ជា​អត្ត​ព​លិ​ក​ម្នាក់​ក្នុងចំណោម ៣​នាក់​ប៉ុណ្ណោះ ដែលមាន​កិច្ចសន្យា​រយៈពេល​ពេញ​មួយជីវិត​ជាមួយ Nike ក្នុងនោះ​មាន​កីឡាករ​បាល់បោះ NBA របស់​អាមេរិក LeBron James និង Michael Jordan៕
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Nike
  EA Sports
  រំលោភ​
© រក្សាសិទ្ធិដោយ thmeythmey.com