អន្តរជាតិ
អ៊ីស្រាអែល​អួតថា ខែល​ការពារ​មី​ស៊ី​ល S-300 រុស្ស៊ី​មិនអាច​ទម្លាក់​យន្តហោះ​F-35 ខ្លួន​បានឡើយ​
05, Oct 2018 , 8:39 pm        
រូបភាព
ដោយ:
​មន្ត្រី​ជំនាញ​ផ្នែក​សន្តិសុខ​ជាតិ​អ៊ីស្រាអែល នៅ​ថ្ងៃទី​០៣ ខែតុលា​បាន​និយាយថា យន្តហោះ​បំបាំងកាយ​របស់​យោធា​អ៊ីស្រាអែល F-35 នឹង​អាច​គេច​ផុតពី​ការវាយប្រហារ​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី និង​អាច​បំផ្លាញ​ប្រព័ន្ធ​ទាំងនោះ​ទៀតផង​។

 
​កាលពី​ថ្ងៃទី​អង្គារ ទី​០២ ខែតុលា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu  បាន​និយាយថា ក្រុង​មូ​ស្កូ​បានចាប់ផ្តើម​បញ្ជូន​ខែល​ការពារ​មី​ស៊ី​ល S-300 ទៅ​ឲ្យ​កងទ័ព​ស៊ី​រី ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ប្រទេស​នោះ​។ 
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ​តំបន់​របស់​អ៊ីស្រាអែល Tzachi Hanegbi  ឆ្លើយតប​វិញ​ថ្ងៃទី ៣ ខែតុលា​ថា យន្តហោះ​ចម្បាំង​ខ្លួនគេ​រួច​ពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា ៖ «​អ្នកដឹង​ទេ​ថា យើង​មាន​យន្តហោះ​បំបាំងកាយ​ដែល​ល្អ​បំផុត​លើ​ពិភពលោក​។ ខែល​មី​ស៊ី​ល​ទាំងនោះ​ពុំមាន​សមត្ថភាព​តាម​ចាប់​ពួកវា​បាន​នោះទេ​»​។ លោក​និយាយ​បែបនេះ​គឺ​សំដៅទៅ​យន្តហោះ​ប្រយុទ្ធ F-35 ដែល​អ៊ីស្រាអែល​ទិញ​ពី​សហរដ្ឋអាមេរិក​។ 
 
​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​មិន​ពេញចិត្ត​ឡើយ ចំពោះ​ការបញ្ជូន​ប្រព័ន្ធ S-300 ទៅ​ឲ្យ​ស៊ី​រី ហើយ​រដ្ឋមន្ត្រី​នេះ​បាន​សង្កត់ធ្ងន់ថា សកម្មភាព​របស់​រុស្ស៊ី​នេះ​នឹង​មិនអាច​ទប់ស្កាត់​សកម្មភាព​យោធា​របស់ខ្លួន​នៅ​ស៊ី​រី​ឡើយ​។ 
 
​គួរ​រម្លឹក​ដែរ​ថា វិមាន​ក្រែ​ម​ឡាំង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា​កន្លងទៅ បានប្រកាសថា​ខ្លួន​នឹង​ផ្តល់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-300 ទៅ​ឲ្យ​ស៊ី​រី ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី​។ ការប្រកាស​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ហេតុការណ៍​មួយ ក្រោយពី​យន្តហោះ​យោធា​រុស្ស៊ី Il-20 មួយគ្រឿង​ត្រូវបាន​បាញ់​ធ្លាក់​ដោយ​កងទ័ព​ស៊ី​រី​ដោយ​អ​ចេតនា​។ ប៉ុន្តែ​ក្រុង​មូ​ស្កូ​បាន​ចោទប្រកាន់ អ៊ីស្រាអែល​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​៕
 

Tag:
 អ៊ីស្រាអែល​
  រុស្ស៊ី​
  ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-300
  យន្តហោះ F-35
© រក្សាសិទ្ធិដោយ thmeythmey.com