អន្តរជាតិ
អ៊ីរ៉ង់ បោះដៃ​រក​សត្រូវ​សួ​ពូជ «​អា​រ៉ា​ប៊ី​សា​អូឌីត​» ក្រោយ​លោក ត្រាំ មាក់ងាយ​មហាក្សត្រ Salman
05, Oct 2018 , 9:19 pm        
រូបភាព
ប្រមុខការទូតអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
ប្រមុខការទូតអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
​អ៊ីរ៉ង់ សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បោះដៃ​ស្នើ​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា បន្ទាប់ពី​ស្ដេច​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយ​ឌឺដង​។ លោក ត្រាំ និយាយ​ដោយ​ចំហ​ថា ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត មិនអាច​កាន់អំណាច​បា​ន​លើសពី​ពីរ​សប្តាហ៍​ឡើយ បើ​គ្មាន​អាមេរិក​ជួយ​គាំទ្រ​ផ្នែក​សន្តិសុខ​នោះ​។ តាមរយៈ​រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់​ចង់​ចាប់ដៃ​អា​រ៉ា​ប៊ី​សា​អូឌីត​រួមគ្នា​ដើម្បី​ប្រែក្លាយ​មជ្ឈិមបូព៌ា​ទៅជា​តំបន់​រឹងមាំ​។​

 
«​តោះ​យើង​ស្ថាបនា​តំបន់​មួយ​ដែល​រឹងមាំ ហើយ​បញ្ឈប់​អំណួត​នេះ​។​» នេះ​ជា​សំណេរ​លើ​បណ្ដាញ​សង្គម Twitter របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ក្នុងន័យ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទើប​ត្រូវបាន​អាមេរិក​មាក់ងាយ​រួច​។ នេះ​ជា​រឿង​កម្រ​បំផុត​ដែល​អ៊ីរ៉ង់​បញ្ចេញ​អាកប្បកិរិយា​ទន់ភ្លន់​ដាក់​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​សត្រូវ​សួ​ពូជ និង​ជា​គូប្រជែង​នៅ​មជ្ឈិមបូព៌ា​។ 
 
​កាយវិការ​មិត្តភាព​ដ៏​កម្រ​មាន​របស់​ក្រុង​តេ​ហេ​រ៉ង់​ទៅកាន់​ក្រុង​រី​យ៉ា​ដ ធ្វើឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះ​ចៅ Salman ប្រហែល​ឈរជើង​មិនបាន​ពីរ​អាទិត្យ​ទេ បើ​គ្មាន​យោធា​អាមេរិក​ជួយ​ការពារ​នោះ​។ តាមរយៈ​បណ្ដាញ​សង្គម​ថ្ងៃទី​៤ ខែតុលា ប្រមុខ​ការទូត​អ៊ីរ៉ង់​ចាត់ទុក​សម្ដី​លោក ត្រាំ ជាការ​បំបាក់មុខ​ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជាការ​ទូទាត់​សម្រាប់​ការពឹង​ផ្អែកលើ​ការការពារ​ផ្នែក​សន្តិសុខ​ពី​កម្លាំង​ខាងក្រៅ​។​
 
 
​តាមពិតទៅ អាមេរិក​គ្មាន​មូលដ្ឋាន​យោធា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​អ្វី​ទេ តែ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​នៅ​ម​ជ្ឈិ​បូព៌ា និង​ជា​ម៉ូយ​ទិញ​អាវុធ​ធំ​មួយ​ផង​។ កន្លងមក លោក ត្រាំ ក៏​ធ្លាប់​ទាមទារ​ឲ្យ​ក្រុង​រី​យ៉ា​ដ និង​ប្រទេស​អ្នកមាន​ដទៃទៀត បញ្ចេញ​លុយ​ថ្លៃ​ការពារ​ឲ្យ​អាមេរិក​។ 
 
​គ្មាន​មូលដ្ឋានទ័ព​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មែន តែ​អាមេរិក​មាន​បន្ទាយ​យោធា និង​កងទ័ព​ជាច្រើន​នៅ​ប្រទេស​និកាយ​ស៊ូ​នី​ផ្សេង​ដូចជា​មូលដ្ឋាន​កង​នាវាចរណ៍​ទី​៥ នៅ​បា​រ៉ែ​ន មូលដ្ឋាន​ទ័ពអាកាស​នៅ​កាតា និង​កងទ័ព​នៅ​កូ​វ៉ែត និង​ហ្ស៊​កដា​នី​ផង​។ យោធា​ទាំងនេះ​ដើរតួនាទី​សំខាន់​ក្នុង​ប្រតិបត្តិការ​យោធា​អាម​រិ​កនៅ​មជ្ឈិមបូព៌ា​ដូចជា​សង្គ្រាម​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន ជម្លោះ​នៅ​ស៊ី​រី ព្រមទាំង​ជួយ​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរវ​ករ​ទៀតផង​។​
 
​ចំណែក​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ នរណា​ក៏​ដឹង​មួយ​ជា​ប្រេង ឯ​មួយទៀត​ជា​ទឹក​ដែល​មិនអាច​បញ្ចូល​គ្នា​បានទេ​។ ជាមួយនឹង​និកាយ​សាសនា​ខុសគ្នា មហាអំណាច​តំបន់​ទាំងពីរ​នេះ បាន​ប្រជែង​ឥទ្ធិពល​គ្នា​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​។ ជម្លោះ​នៅ​ស៊ី​រី និង​យេ​ម៉ែន និង​ស្ថានការណ៍​នយោបាយ​នៅ​លី​បង់ ជា​ឧទាហរណ៍​បង្ហាញ​ការ​ប្រេះឆា​រវាង​ប្រទេស​ទាំងពីរ ដោយ​ម្ខាងៗ​គាំទ្រ​ភាគី​ជម្លោះ​ផ្សេងគ្នា និង​ជួយ​គាំទ្រ​ក្នុងការ​ប្រយុទ្ធ​ដណ្ដើម​អំណាច​ផងដែរ​៕   
 

Tag:
 អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីទ​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com