អន្តរជាតិ
មេអង្គការ WTO មិនដែលជួបលោក ត្រាំ ប៉ុន្តែទទួលស្គាល់ថា ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិត្រូវកែទម្រង់
× ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) Roberto Azevedo បានបញ្ជាក់ថា លោកមិនធ្លាប់បានជជែកពិភាក្សាជាមួយប្រធានាធិបតីអាមេរិកឡើយជុំវិញបញ្ហាដែលអាចបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តឆាបឆេះក្តី។ ប៉ុន្តែលោកទទួលស្គាល់ថា ប្រព័ន្ធពាណិជ្ជពិភពលោកពិតជាត្រូវការកំណែទម្រង់ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃពិភពលោក។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Freakonomics ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៤ ខែតុលា អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកលោក Roberto Azevedo បានលើកឡើងថា លោកធ្លាប់ជជែកពិភាក្សាជាមួយមេដឹកនាំប្រទេសមហាអំណាចដូចជាបារាំង អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេសជាញឹកញាប់ ប៉ុន្តែលោកមិនដែលជួបជជែកជាមួយលោក ដូណាល់ ត្រាំឡើយ។
ប៉ុន្តែប្រធានស្ថាប័នពាណិជ្ជកម្មអន្តរជាតិរូបនេះព្រមានថា បញ្ហាដែលកើតឡើងបច្ចុប្បន្នដែលជាការប្រយុទ្ធគ្នាដោយប្រើប្រាស់ពន្ធរវាងប្រទេសមហាអំណាចនោះនឹងបង្កើតផលប៉ះពាល់កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងនោះ បើគ្មានដំណោះស្រាយទេ។
តាមពិតទៅ លោក ដូណាល់ ដែលបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មដោយដំឡើងពន្ធប្រឆាំងប្រទេសដទៃជាពិសេសចិននោះបានរិះគន់ និងចោទប្រកាន់អង្គការពាណិជ្ជកម្មពិភពលោកមានភាពលម្អៀងខ្លាំងដែលប៉ះពាល់ដល់ខ្លួន។ អាមេរិកក៏បានសម្រេចប្រើសិទ្ធិហាមឃាត់ស្ថាប័ននេះបង្កើតគណៈកម្មការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសសមាជិកទៀត។
លោក Azevedo ពន្យល់ថា សកម្មភាពរបស់មហាអំណាចដូចជា អាមេរិកនឹងបង្កើតផលប៉ះពាល់គ្រប់ទីកន្លែងលើពិភពលោក ហើយលោកបន្ថែមទៀតថា ហេតុផលដែលអាមេរិកសម្អាងដើម្បីអនុវត្តនយោបាយគាំពារនិយម និងផ្តើមសង្គ្រាមពាណិជ្ជកម្មនេះមិនសមស្របទេ។ អាមេរិកអះអាថា ខ្លួនការពារប្រជាជនខ្លួនដែលបាត់បង់ការងារ ប៉ុន្តែការបាត់បង់ការងារនេះមិនមែនដោយសារការនាំចូលឡើយ ប៉ុន្តែវាបណ្តាលមកពីបច្ចេកវិទ្យា។
យ៉ាងណាមិញលោក Azevedo បានទទួលស្គាល់ថា ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិនៅពេលបច្ចុប្បន្ននេះពិតជាត្រូវការកែទម្រង់មែន ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងការប្រែប្រួលរបស់ពិភពលោក។
«យើងត្រូវជួសជុលស្ថានការណ៍នេះឲ្យបានឆាប់តាមដែលអាចធ្វើបាន បើមិនដូច្នោះទេ ប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនឹងដួលរលំមិនខាន»។ លោក Azevedo បាននិយាយដូច្នេះ។
Tag:
WTO
Roberto Azevedo
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com