អន្តរជាតិ
ឌូទើតេ ប្រកាសថា លោកនឹងលាពីតំណែង បើលទ្ធផលបង្ហាញថា លោកកើតជំងឺមហារីកមែន
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចោទសំណួរពីបញ្ហាសុខភាពផ្ទាល់ខ្លួន ពេលថ្លែងសុន្ទរកថាជាសាធារណៈ នៅថ្ងៃទី០៤ ខែតុលា។ មេដឹកនាំរូបនេះបានសារភាពថាលោកបានទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យរកជំងឺមហារីក មួយថ្ងៃក្រោយពីលោកបានបាត់មុខនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ចំពោះបញ្ហានេះ គេបានចោទសំណួរថា តើមេដឹកនាំរូបនេះ កំពុងត្រៀមខ្លួនលាលែងពីតំណែងឬយ៉ាងណា?
ថ្លែងទៅកាន់សមាជិកនៃសមាគមអតីតបណ្ឌិត្យសភាយោធាហ្វីលីពីនក្នុងក្រុង Malacañang លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ពីស្ថានភាពសុខភាពរបស់លោកនៅឡើយទេ ប៉ុន្តែលោកនឹងផ្តល់ដំណឹងជូនដល់ប្រជាជាតិ ប្រសិនបើលោកមានជំងឺមហារីកមែន។
«ខ្ញុំមិនច្បាស់ទេថា ពេលនេះខ្ញុំមានសុខភាពល្អឬយ៉ាងណា ប៉ុន្តែខ្ញុំត្រូវរង់ចាំលទ្ធផលពិនិត្យជំងឺរបស់មន្ទីរពេទ្យសិន។ ហើយខ្ញុំនឹងប្រាប់អ្នក ប្រសិនបើវាជាជំងឺមហារីក»។ នេះជាការបញ្ជាក់របស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ ត្រង់នេះប្រមុខរដ្ឋាភិបាលហ្វីលីពីនរូបនេះបានបន្តទៀតថា ប្រសិនបើលោកមានជំងឺមហារីកក្នុងតំណាក់កាលទី៣នោះ លោកនឹងមិនទទួលយកការព្យាបាលនោះឡើយ ហើយលោកនឹងចាកចេញពីតំណែងជាប្រធានាធិបតីតែម្តង។
លោក ឌូទើតេធ្លាប់បាត់មុខពីសាធារណៈរយៈពេលមួយសប្តាហ៍កាលពីឆ្នាំ២០១៧។ ចំពោះហេតុការណ៍នេះ គេបានសង្ស័យថា លោកកំពុងមានជំងឺ។ ជុំវិញរឿងនេះរដ្ឋាភិបាលក្រុងម៉ានីលបានអះអាងថា ការសង្ស័យនេះគឺគ្មានមូលដ្ឋានច្បាស់លាសនោះឡើយ។ ប៉ុន្តែការប្រកាសថ្មីនេះជាលើកទីមួយហើយ ដែលលោកប្រធានាធិបតីហ្វីលីពីនរូបនេះបានចេញមុខបញ្ជាក់ថា លោកប្រហែលជាមានបញ្ហាសុខភាព។
យោងតាមរដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន ប្រធានាធិបតី ត្រូវបង្ហាញជាសាធារណៈ ប្រសិនបើលោកមានជំងឺធ្ងន់ធ្ងរណាមួយ ហើយអនុប្រធានាធិបតីនឹងឡើងកាន់តំណែងជំនួសវិញ ប្រសិនបើលោកសម្រេចចិត្តចុះចេញពីតំណែង។
លោក ឌូទើតេ ដែលអាណត្តិ៦ឆ្នាំរបស់លោកនឹងត្រូវបញ្ចប់នាឆ្នាំ២០២២ ក៏បាននិយាយដែរថា លោកគិតថា លោកស្រី Leni Robredo ដែលសព្វថ្ងៃកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីន ពុំមានសមត្ថភាពគ្រប់គ្រាន់នឹងកាន់តំណែងប្រធានាធិបតីនេះទេ។
«ខ្ញុំមិនមែនបំណងនិយាយប៉ះពាល់ដល់លោកស្រីនោះទេ។ លោកស្រីជាមនុស្សល្អ និងសុភាព ប៉ុន្តែលោកស្រីពិតជាទន់ខ្សោយណាស់។ លោកស្រីមានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកចំណេះដឹងនិងបញ្ញា ដ្បិតថាលោកស្រីជាមេធាវី ប៉ុន្តែអ្វីដែលជាភាពខ្សោយរបស់លោកស្រីនោះគឺខាងផ្នែកយុទ្ធសាស្ត្រទៅវិញទេ»។ លោក ឌូទើតេ និយាយបែបនេះ៕
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com