ជាតិ
សង្គមជាតិ
សាលារាជធានី ស្នើឲ្យពលរដ្ឋ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ពេលភ្ជុំបិណ្ឌ រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋទាំងអស់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធានាសោភណ្ឌភាពទីក្រុង-ខេត្តឲ្យមានសណ្តាប់ធ្នាប់។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ផ្ទះ ម្ចាស់រមណីយដ្ឋាន រួមទាំងអ្នកដំណើរកម្សាន្ត ចូលរួមទុកដាក់សំរាម និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ជាបណ្តោះអាសន្នសិន មុននឹងមានការប្រមូលសំរាមពីក្រុមកម្មករក្រោយត្រឡប់ពីស្រុកកំណើតវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ លោក ម៉េត មាសភក្តី បញ្ជាក់ថា៖ «សូមសាធារណជនរក្សាទុក សំរាមឲ្យត្រឹមត្រូវជាមុនសិន ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួច យើងនឹងចេញប្រតិបត្តិការប្រមូលសំរាមឲ្យបានស្អាតល្អឡើងវិញ»។
អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា អាជ្ញាធរ ក៏បានគិតគូរដល់ការពង្រាយកម្លាំងសមត្ថកិច្ចឲ្យបានតឹងរឹងផងដែរ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត និងត្រៀមរៀបចំអ្នកយាមល្បាតនៅតាមគេហដ្ឋានរបស់ពលរដ្ឋ ដើម្បីធានាបានសុខសុវត្ថិភាព និងសុខសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នាសាលារាជធានី ក៏រៀបចំកម្លាំងបោសសំអាតឲ្យកាន់តែលឿនទៀតផង ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួច។
បើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅឆ្នាំ២០១៧កន្លងទៅនេះ ក្នុងប្រទេសកម្ពុជាមានសំរាមប្រមាណ ៣,៦៥ លានតោនក្នុងមួយឆ្នាំ ឬក្នុងមួយថ្ងៃមានជិត១ម៉ឺនតោន ដែលក្នុងនោះរាជធានីភ្នំពេញមានសំរាមជិត ៣ពាន់ តោនក្នុងមួយថ្ងៃ៕
Tag:
ភ្នំពេញ
ភ្ជុំបិណ្ឌ
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com