បទយកការណ៍ / បទសម្ភាសន៍
អ្នកលក់​ផ្កា​ក្នុង​រដូវ​ភ្ជុំ​ឆ្នាំនេះ​ពិបាក​រក​ចំណូល​ព្រោះ​មិនសូវមាន​អ្នកទិញ​
08, Oct 2018 , 9:39 am        
រូបភាព
​ភ្នំពេញ​៖  អ្នកលក់​ផ្កាឈូក​និង​ផ្កាម្លិះ នៅ​បរិវេណ​វត្ត​សន្សំ​កុសល ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ ហាក់​រក​ចំណូល​មិនសូវ​បាន​ដូច​ឆ្នាំមុនៗ​ឡើយ​។ រក​ចំណូល​មិនសូវ​បាន​ដោយសារតែ​មិនសូវមាន​ពុទ្ធបរិស័ទ​ទៅ​វត្ត ហើយ​អ្នក​ដែល​ទៅ​ក៏​មិនសូវ​ទិញ​ទៀត​។​


​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​នៅ​ខ្លោងទ្វារ​ក្នុង​បរិវេណ​វត្ត​ស​ន្យំ​កុសល អ្នកលក់​ផ្កាឈូក និង​ផ្កាម្លិះ​ជាច្រើនរូប​បានដាក់​ផ្កា​របស់ខ្លួន​ក្នុង​ធុង​ទឹក​តម្រៀប​គ្នា​ជា​ជួរ ដែលមាន​ផ្កា​ព័ណ៌​ស ព័ណ៌​ក្រហម និង​ព័ណ៌​ផ្កាឈូក​។ អ្នកលក់​ភាគច្រើន​បាន​រត់តាម​ម៉ូតូ ឡាន និង​ម៉ូតូ​កង់​បី ដើម្បី​ហៅភ្ញៀវ​ឱ្យ​ទិញ​ផ្កា​របស់ខ្លួន តាំងពី យានជំនិះ​ទាំងនោះ មិនទាន់​ចូលដល់​ខ្លោងទ្វារវត្ត​ស្រួលបួល​ម្ល៉េះ​។ ក្រុម​អ្នកលក់​ផ្កា​ហាក់​សប្បាយ​ចិត្តច្រើន នៅពេល​ឃើញ​ម៉ូតូ​កង់​បី​ដឹង​មនុស្ស​ចូល​វត្ត ជៀស​ជាង​ឃើញ​ឡាន ឬ​ម៉ូតូ​ធម្មតា​។ ការណ៍​នេះ​ទំនងជា​អ្នកជិះ​លើ​ម៉ូតូ​កង់​បី​តែងតែ​ទិញ​ផ្កា​របស់​ពួកគេ​ច្រើន​ហើយ​មើលទៅ​។ តែ​ពេលខ្លះ​ពួកគេ​ទាំងនោះ​ជួន​លក់បាន​ច្រើន ហើយ​ពេលខ្លះ​ក៏​លក់​មិន​ដាច់​សោះ​ដែរ​។​


 
​ត្រូវ​បត់​ផ្កាឈូក​ធ្វើ​ម៉ូដ​ផង ហើយ​ពេលខ្លះ​ត្រូវរ​ត់ទៅ​លក់​ផ្កា​ផង អ្នកស្រី ឈិន កែវ ដែល​ប្រកប​របរ​លក់​ផ្កាឈូក​តាំងពី​ឆ្នាំ​២០១៣​មក ឱ្យដឹងថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ អ្នកស្រី​លក់​ផ្កាឈូក​ដាច់​ច្រើនតែ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ​។ ត្រូវ​លក់​ទាំង​ប្ដី​ប្រពន្ធ​និង​កូន​ផង ដោយ​ត្រូវ​បែងចែក​គ្នា​ទៅ​វត្ត​ផ្សេងៗ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ​១០​ម៉ឺន​រៀល​។ ផ្កាឈូក​ដែល​កាច់​ពី​ទំនប់​កប់​ស្រូវ​ទាំងនេះ ឈ្មួញកណ្ដាល បាន​យកមក​លក់​បន្ត​នៅមុខ​ព្រះបរមរាជវាំង ដោយ​បែងចែក​តម្លៃ​ជា​បី​ប្រភេទ​។ ផ្កាឈូក​១០០​ស្រទាប​តម្លៃ​៥០,០០០​រៀល​ក្នុង​មួយរយ​ដើម ផ្កា​១០០​ស្រទាប​ដដែល​តែ​ប្រភេទ​តូច​តម្លៃ​៣០,០០០​រៀល និង​ផ្កាឈូក​ខ្មែរ តម្លៃ​២៥,០០០​រៀល​ក្នុង​មួយរយ​ដើម​។ ចំណែក​តម្លៃ​លក់​ចេញ​វិញ ជា​មធ្យម​អ្នកស្រី កែវ លក់​បី​ទង​២៥០០​រៀល​។ ធ្លាប់មាន​ពិសោធន៍​លក់​ផ្កាឈូក​យូរ​ឆ្នាំ អាជីវករ​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ ថា​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ លក់​មិនសូវ​ដាក់​ដូច​ឆ្នាំមុនៗ​ឡើយ ហើយ​អ្នកស្រី​ក៏​មិន​បានដឹង​ពី​មូលហេតុ​ដែរ​។ អ្នកស្រី កែវ បញ្ជាក់បន្ថែម​៖ «​ខ្ញុំ​លក់​យូរ​ឆ្នាំ​ហើយ​។ ឆ្នាំនេះ​លក់ដាច់​តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ព្រោះ​មាន​មនុស្ស​ច្រើន​។ លក់​បីនាក់ ប្ដី​ហើយនឹង​កូន​ទៅ​លក់​នៅ​វត្ត​ផ្សេងៗ​ទៀត​។ ឆ្នាំនេះ​មិនទាន់​ហ៊ាន​ថា​ចំណេញ​បាន​ប៉ុន្មាន​ទេ​»​។ 
 
​ចំណែក​អ្នកស្រី នាង ស៊ី​ណាត វិញ ជា​អ្នកលក់​ផ្កាម្លិះ​ក្នុង​រដូវ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ក៏បាន​ត្អូញត្អែរ​ពី​បញ្ហា​លក់​ផ្កា​មិនសូវ​ដាច់​នេះដែរ​។ តាមពិតទៅ​រាល់​ឆ្នាំ​អ្នកស្រី ស៊ី​ណាត លក់​ផ្កា​បោះ​ដុំ​ឱ្យ​ឈ្មួញកណ្ដាល នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្នាំនេះ​ឈ្មួញកណ្ដាល​ទិញ​ផ្កា​របស់​អ្នកស្រី​មិន​អស់​ឡើយ ជាហេតុ​នាំឱ្យ​ស្ត្រី​រូបនេះ​ត្រូវយក​ផ្កា​ទាំងនោះ មក​លក់​នៅ​វត្ត​ដោយ​ខ្លួនឯង​។ មិនសូវមាន​ពិសោធ​លក់​ផ្កា​ទៅ​អតិថិជន​ផ្ទាល់ អ្នកស្រី ស៊ី​ណាត ហាក់ដូចជា​នៅ​អៀន​បន្តិច​ពេលដែល​ស្រែកហៅ​គេ​ឱ្យ​ទិញ​ផ្កា​របស់ខ្លួន​ម្ដងៗ​។​


 
​ខណៈពេលដែល​អ្នកលក់​ដទៃទៀត ទាំង​ក្មេង​ទាំងចាស់ បាន​រត់ទៅរក​អតិថិជន​របស់ខ្លួន​យ៉ាង​ញាប់ជើង និង​និយាយ​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​ទិញ​ផ្កា​របស់ខ្លួន​រៀងៗ​ខ្លួន អ្នកស្រី ស៊ី​ណាត បានត្រឹមតែ​ឈរ​នៅ​មួយកន្លែង​សម្លឹង​មើលទៅ​អ្នកលក់​ទាំងនោះ​តែប៉ុណ្ណោះ​។ ស្ត្រី​ដែលមាន​ដើម​ផ្កាម្លិះ មកពី​ភូមិ​កោះក្របី រូបនេះ ថា​ខ្លួន​ត្រូវ​លក់​ផ្កា​បោះ​ដំ​ផង លក់រាយ​ផង និង​ត្រូវ​ត្រឡប់​ទៅ​បេះ​ផ្កា​សម្រាប់​លក់​នៅ​ថ្ងៃស្អែក​បន្ត​ផង​។ កាលពី​ឆ្នាំមុន ក្នុង​មួយ​រដូវ​ភ្ជុំ​អ្នកស្រី ស៊ី​ណាត អាច​លក់​ផ្កា​បាន​ប្រមាណ​ជាង​មួយ​លាន​រៀល តែ​ឆ្នាំនេះ​អ្នកស្រី​មិនទាន់​អាច​ប៉ាន់ប្រមាណ​បាន​នៅឡើយ​ទេ​។ ក្រៅពី​លក់​ផ្កា​ក្នុង​ពិធីបុណ្យ​ធំៗ​បែបនេះ អ្នកស្រី ស៊ី​ណាត ក៏​លក់​ផ្កាម្លិះ​នៅ​ថ្ងៃសីល​ផងដែរ​។ «​ខ្ញុំ​មិនសូវ​មក​លក់​ផ្ទាល់​ទេ ខ្ញុំ​ច្រើន​លក់​បោះ​ដុំ​ឱ្យគេ​នៅតាម​ខេត្ត​។ ឆ្នាំនេះ​គេ​យក​ផ្កា​មិន​អស់ ខ្ញុំ​មក​លក់​នៅ​វត្ត​ខ្លះ​ហើយ​បោះ​ឱ្យ​អ្នកលក់​នៅទីនេះ​ខ្លះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ស៊ី​ណាត​។​
 
​កំពុងតែ​ឈរ​រអ៊ូ​ជាមួយ​អ្នកលក់​ដទៃទៀត ព្រោះតែ​ការលក់​មិន​ដាច់ ម៉ោង​ជិត​១០​ព្រឹក​ទៅហើយនោះ​អ្នកស្រី គឹម ពុ​ម្ភ ទើបតែ​លក់​ផ្កាម្លិះ​បាន​ប្រាក់​ប្រមាណ​៥,០០០​រៀល​តែប៉ុណ្ណោះ​។ ស្ត្រី​សម្បុរ​ស្រអែម វ័យ​ប្រមាណ​៥០​ឆ្នាំ​រូបនេះ ទិញ​ផ្កា​ពី​ឈ្មួញ​តម្លៃ​១,០០០​រៀល​ទៅ​២,០០០​រៀល ប្រភេទ​ផ្កា​ភួង ចំណែក​ផ្កា​ដោត​ធម្មតា​តម្លៃ​២០០​រៀល ឬ ៥០០​រៀល​។ តម្លៃ​លក់​ចេញ​វិញ អ្នកស្រី ពុ​ម្ភ យកចំណេញ​ប្រមាណ​៥០០​រៀល​ទៅ​១,០០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​ភួង​។ ស្ត្រី ដែល​មកពី​ស្រុក​កៀនស្វាយ​រូបនេះ អះអាងថា​កាលពី​ឆ្នាំមុន អ្នកស្រី​លក់​ផ្កា​ដាច់​ច្រើន តែ​ឆ្នាំនេះ​មិនសូវ​ដាច់​ឡើយ​។ មិនមែន​មកពី​មិនសូវមាន​មនុស្ស​ទៅ​វត្ត​ឡើង តែ​អ្នកស្រី ពុ​ម្ភ សង្កេតឃើញថា អ្នក​ដែល​មក​វត្ត​គឺ​មិនសូវ​ទិញ​ផ្កា​តែម្ដង​។ បើសិនជា​លក់​មិន​ដាច់​រាល់ថ្ងៃ ផ្កា​ដែល​អ្នកស្រី ពុ​ម្ភ លើក​ពី​ឈ្មួញ​មកនេះ មានតែ​ផ្លូវ​បោះចោល​តែប៉ុណ្ណោះ ព្រោះ​ផ្កា​ប្រភេទ​នេះ​មិនអាច​ទុក​បាន​យូរថ្ងៃ ព្រមទាំង​ត្រូវ​ត្រាំ​ទឹកកក​ជាប្រចាំ​ផង​។ អ្នកស្រី ពុ​ម្ភ បន្ថែម​៖ «​គេ​លក់ដាច់ ក្មេងៗ​គេ​រត់ ហើយ​យើង​ចាស់​ហើយ​រត់​ដូច​គេ​ម៉េច​កើត​។ ឆ្នាំមុន​លក់ដាច់​ណាស់ ឆ្នាំនេះ​លក់​មិន​ដាច់​មិនដឹង​មូលហេតុ​អី​។ គេ​មក​វត្ត​ដែរ តែ​គេ​អត់​ទិញ​។​ផ្កា​នេះ​តែ​ទុក​យូរ​ចោល​ហើយ​»​។​



Tag:
 កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​
  ផ្កាឈូក​
  ផ្កាម្លិះ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com