ការបំពុលខ្យល់ក្លាយជាបញ្ហាចោទមួយសម្រាប់ប្រទេសចិន។ បើគ្មានដំណោះស្រាយត្រឹមត្រូវ បញ្ហាបំពេញនេះអាចនឹងសម្លាប់មនុស្សអស់ជា ១លាននាក់ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចអស់ ៣៨ ពាន់លានដុល្លារក្នុងមួយឆ្នាំដែរ។
របាយការណ៍ថ្មីមួយដែលចងក្រងឡើងដោយសាកលវិទ្យាល័យចិនហុងកុង (CUHK) បង្ហាញថា ការបំពុលខ្យល់អាកាសនៅស្រុកចិនអាចឆក់យកជីវិតមនុស្ស ១,១លាននាក់ក្នុងមួយឆ្នាំ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៣៨ ពាន់លានដុល្លារមួយឆ្នាំៗ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ក្នុងចំណោមមនុស្ស ១,១ លាននាក់ដែលអាចស្លាប់ជាមធ្យមដោយសារការបំពុលបរិយាកាសនេះមានមនុស្សប្រហែល ១០០០នាក់នៅហុងកុងដែរ។ វាក៏ធ្វើឲ្យខូចខាតចំណីអាហារដូចជា ស្រូវ ពោត សណ្តែក និងស្រូវសាឡី ចំនួន ២០លានតោនផងដែរ។
ដោយសារផលប៉ះពាល់លើសុខភាពសាធារណៈ ការបង្កើនការចំណាយលើសេវាសុខាភិបាល និងមានការបាត់បង់ស្បៀងអាហារនោះធ្វើឲ្យចិនខាតបង់សេដ្ឋកិច្ចជារួមជាមធ្យម ៣៨ពាន់លានដុល្លារឬប្រហាក់ប្រហែលនឹង ០,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។
«វាជារបាយការណ៍ដែលបង្ហាញថា ការខូចខាតនៃសេដ្ឋកិច្ចនោះវាស្មើនឹងទំហំ ០,៧ នៃផលិតផលក្នុងសរុបរបស់ចិនទាំងមូល»។ នេះជាការបញ្ជារបស់អ្នកស្រាវជ្រាវ Steve Yim Hung-lam ដែលជំនួយការសាស្ត្រាចារ្យដេប៉ាតឺម៉ង់ផ្នែកភូមិវិទ្យា និងការគ្រប់គ្រងធនធាននៃសាកលវិទ្យាល័យចិនហុងកុង។
របាយករណ៍ដដែលនោះក៏រកឃើញថា កត្តាធំៗដែលបណ្តាលឲ្យមានការបំពុលខ្យល់មានរោងចក្រឧស្សាហកម្មធំៗ, រោងចក្រផលិតថាមពលអគ្គិសនីដែលប្រើប្រេងឥន្ធនៈ និងធ្យូងថ្ម, កំណើនមធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ វិស័យកសិកម្ម និងសំណល់ ឬឧស្ម័នពុលចេញពីលំដ្ឋានប្រជាពលរដ្ឋ។
ឧស្សាហកម្មជាកត្តាធំផុតគេដែលបង្កើតឲ្យមានការបំពុលបរិយាកាសនេះ។ ចំណែកការបំផុតចេញពីលំនៅដ្ឋាន និងទីតាំងពាណិជ្ជកម្មផ្សេងទៀតនោះជាកត្តាធំលេខរៀងទីពីរ។ ចំណែកនៅក្នុងទីក្រុងធំៗ ការបំពុលធំបំផុតគឺមានប្រភពចេញពីមធ្យោបាយធ្វើដំណើរតាមដងផ្លូវដូចជាម៉ូតូនិងឡាន៕