ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវ​ភ្ជុំ​ជា​ឱកាស​សម្រាប់​អ្នក​គ្មាន​មុខរបរ​អាច​រកប្រាក់​ចំណូល​បន្ថែម​
08, Oct 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​១៥​ថ្ងៃ​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ណា​ដែល​ចង់រក​ប្រាក់ចំណូល​បន្ថែ​ម ឬ​អ្នក​ដែល​មិនមាន​មុ​របរ​ច្បាស់លាស់ អាច​ឆ្លៀតពេល​រកប្រាក់​តាមរបៀប​របស់ខ្លួន​។ របរ​ទិញ​ប្រាក់រៀល​ថ្មីៗ​ដើម្បី​ទុក​ដូរ​ឱ្យ​អ្នក​ទៅ​វត្ត ការដាក់​កន្លែង​មើល​ស្បែកជើង​ឱ្យ​ពុទ្ធបរិស័ទ​ចូលក្នុង​សាលាឆាន់ និង​ការ​ចាំ​ដក​ជើងធូប​ឱ្យ​ទូលាយ ដើម្បី​កុំឱ្យ​រលា​កដៃ​អ្នក​ដោត​ធូប គឺ​សុទ្ធតែជា​វិធីសាស្ត្រ​រកប្រាក់​ក្នុង​រដូវ​ភ្ជុំ​របស់​ជន​មួយចំនួន​។


​ដើម្បី​ជ្រាប់​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

**audio2**

 
​នៅ​ខ្លោងទ្វារ​ក៏ដូចជា​នៅក្នុង​បរិវេណ​វត្ត មាន​បុរស​និង​ស្ត្រី​វ័យ​កណ្ដាល​ជាច្រើន​នាក់  ក្នុង​ដៃ​កាន់​ក្រដាស់ប្រាក់​៥០០​រៀល​និង​១០០​រៀល​ជាច្រើន​ដុំ សម្រាប់​ទុក​ដូរ​ឱ្យ​អ្នក​ដែល​ចង់​ទទួល​សេវា​នេះ​។ 
 
​ជា​អ្នក​ដូរ​ក្រដាស់​ប្រាក់រៀល ដើម្បីឱ្យ​ពុទ្ធបរិស័ទ​ដែល​ចូល​វត្ត​ក្នុង​រដូវ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ លោក សុខ សាវន់ ខំ​ស្កាត់​ពី​ខេត្តព្រៃវែង មក​ភ្នំពេញ​ដើម្បី​ប្រក​បរបរ​នេះ​។ កាយវិការ​រៀង​ចម្លែក​ចិត្ត​បន្តិច ពេលដែល​ឃើញ​ខ្ញុំ​ចូលទៅ​សួរ​ពីរ​ការដូរ​ប្រាក់​របស់គាត់​លោក សាវន់   ឆ្លើយតប​ទាំង​សម្ដី​មួយៗ​ថា លោក​ចាប់​អាជីព​នេះ​យូរ​ឆ្នាំ​មកហើយ​។ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម ពី​របរ​កសិកម្ម​រប​ស់​ខ្លួន បុរស​មកពី​ស្រុក​កំពង់ត្របែក​រូបនេះ បាន​ប្រក​បរបរ​ប្ដូរ​ប្រាក់រៀល ដែល​ក្នុង​៨,០០០​រៀល លោក​យកចំណេញ​២,០០០​រៀល​។ របរ​តាម​រដូវ​នេះ​មិនអាច​រកចំណូលបាន​ទៀង​នោះទេ បានន័យថា​បើ​មាន​អ្នក​ទៅ​វត្ត​ច្រើន​ហើយ​គេ​ទទួល​សេវា​នេះ​ច្រើន​ទៀត​នោះ ក៏​អាច​រកប្រាក់​បាន​ច្រើន​ដែរ​។​


 
​មកពី​ស្រុកកំណើត​ជាមួយ​ប្រពន្ធ និង​អ្នកភូមិ​ជាមួយគ្នា​៨​នាក់​ផ្សេងទៀត​លោក សាវន់ អាច​រកចំណូលបាន​ប្រមាណ​២​ម៉ឺន​រៀល​នៅ​ថ្ងៃ​ធម្មតា ហើយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​បាន​ប្រមាណ​៦០,០០០​រៀល​ក្នុង​មួយថ្ងៃ​។ កម្ពស់​ប្រមាណ​ជិត​២​ម៉ែត្រ សម្បុរ​ស្រអែម អ្នក​មកពី​ខេត្តព្រៃវែង​រូបនេះ ត្អូញត្អែរថា រដូវ​កាន់បិណ្ឌ​ភ្ជុំ​បិ​ណ្យ​ឆ្នាំនេះ លោក​រក​ចំណូល​មិនសូវ​បាន​ដូច​ឆ្នាំមុនៗ​ឡើយ​។ ព្រោះតែ​រក​ចំណូល​មិនសូវ​បាន​នេះហើយ ទើប​លោក​ត្រូវ​បង្ខំចិត្ត​ទៅ​ស្រុក​វិញ​មុន​ថ្ងៃ​កំណត់ ទោះ​តែ​បាន​ប្រាក់​ប្រមាណ​៤០​ម៉ឺន​រៀល​ក្ដី​។ «​មក​តែ​រដូវ​ភ្ជុំ​ទេ មួយឆ្នាំ​មក​ម្ដង​។ ថ្ងៃ​ណា​ដាច់ៗ ម្សិលមិញ​បានតែ​២០​ម៉ឺន​អី​វិ​ន ថ្ងៃ​សៅរ៍​អាទិត្យ​បាន ៥០​ម៉ឺន ចំណេញ​បាន​៦​ម៉ឺន​។ បានតែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដែរ​ហ្នឹង​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់លោក សាវន់​។​
 
​ងាក​មក​អ្នកយាម​ស្បែកជើង​នៅតាម​ជណ្ដើរ​សាលាឆាន់​វិញ​ម្ដង​។ នៅ​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ ពី​កន្លែង​ផ្ញើ​ស្បែកជើង មាន​ក្មេងៗ​វ័យ​ប្រមាណ​៩​ទៅ​១០​ឆ្នាំ បាន​ដើរ​ស្វែងរក​អ្នក​ដែលមាន​បំណង​ចូល​សាលាឆាន់ ហើយ​បញ្ចុះបញ្ចូល​អ្នក​ទាំងនោះ ឱ្យ​ផ្ញើ​ស្បែកជើង​កន្លែង​របស់គេ​។ យ៉ាង​យោ​ចណាស់ កន្លែង​ផ្ញើ​ស្បែកជើង​នៅខាងមុខ​សាលាឆាន់​ក្នុង​វត្ត​សន្សំ​កុសល មាន​ជាង​១០​កន្លែង​។ ម្ចាស់​កន្ទេល ឬ​ទៃ ដែល​ដាក់​សម្ភា​ល់​កន្លែង​ផ្ញើ​ស្បែកជើង​របស់ខ្លួន​ទាំងនោះ មាន​ចាប់ពី​អាយុ​៩​ឆ្នាំ​ដល់​ជាង​៥០​ឆ្នាំ​។ 
 
​ខុសពី​នៅ​ស្រុកស្រែ​ជនបទ ដែល​ពុទ្ធបរិស័ទ ទៅ​វត្ត​ទុក​ស្បែកជើង​ចោល​គ្មាន​អ្នកមើល ប៉ុន្តែ​វត្ត​នៅ​ភ្នំពេញ​ភាគច្រើន មាន​កន្លែង​ទទួល​ផ្ញើ​ស្បែកជើង​ជាច្រើន​កន្លែង​។ គ្រាន់តែ​ដើរ​ដល់​កាំជណ្ដើរ​សាលាឆាន់​ភ្លាម សំឡេង​ហៅ​ឱ្យ​ផ្ញើ​ស្បែកជើង​របស់​ក្រុម​អ្នកមើល​ស្បែកជើង លាន់​យ៉ាង​ទ្រហឹង​។​


 
​ទីតាំង​ដាក់​ស្បែកជើង​ដែលមាន​ទៃ​ព័ណ៌​ស​ទំហំ​ប្រមាណ​១​ម៉ែត្រ​បួន​ជ្រុង គឺជា​កម្ម​សិទ្ធ​របស់​អ្នកស្រី គង់ សម្រិត​។ ត្រូវ​ឈរ​នៅ​ចំ​កណ្ដាល​ថ្ងៃ​ក្ដៅ ក្នុង​ផ្ទៃមុខ​ខ្មៅ​និង​ក្រហម​ផង​នោះ ម៉ោង​ប្រមាណ​១០​ព្រឹក អ្នកស្រី​សម្រិត ព្យាយាម​ហៅ​គេ​ឱ្យ​ផ្ញើ​ស្បែកជើង​នៅ​កន្លែង​របស់ខ្លួន ដោយ​សម្ដីពីរោះ​។ គ្រាន់តែ​ភ្ញៀវ​ដាក់​ជើង​លើ​កម្រាល​របស់ខ្លួន​ក្នុង​បំណង​ផ្ញើ ស្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ យកដៃ​ទៅកាន់​ស្បែកជើង ទាំង​ដែល​គេ​មិនទាន់​ដោះ​រួច​។ ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ ២០,០០០​រៀល​ទៅ​៣០,០០០ រៀល អាស្រ័យ​លើ​អ្នក​ផ្ញើ​ច្រើន អ្នកស្រី គង់ សម្រិត មិនបាន​ទាមទារ​ប្រាក់​ពី​អ្នក​ផ្ញើ​ឡើយ បានន័យថា​គេ​ឱ្យ​តាម​សទ្ធា​។ អ្នកស្រី សម្រិត បញ្ជាក់បន្ថែម​៖« ជួន​បាន​ច្រើន​ជួន​បាន​តិច អាស្រ័យ​តែ​គេ​ឱ្យ​ដែរ​ហ្នឹង​។ ថ្ងៃ​ធម្មតា​ខ្ញុំ​លៀងចាន​តាម​រោងការ​និង​រោងបុណ្យ​»​។​
 
​ចំណែក​វិធី​រកប្រាក់​មួយបែប​ទៀត​នោះ​គឺ ការ​ចាំ​ដក​ធូប​ដែល​ពេញ​ក្រាស់​ពេក ចេញពី​ផើង ដើម្បី​កុំឱ្យ​អ្នក​ដោត​ពិបាក​ឬ​រលា​កដៃ​។ កន្លែង​ដោត​ធូប​ប្រមាណ​ជា​៦​កន្លែង​នៅ​ជុំវិញ​សាលាឆាន់ ក្នុង​វត្ត​សន្សំ​កុសល ក្នុង​មួយកន្លែង​យ៉ាង​ហោ​ត​ណាស់​មាន​ក្មេង​៣​នាក់​ចាំ​ដក​ជើងធូប​។​
 
​ក្នុង​ដៃ​កាន់​ឈើ​ប្រវែង​ជាង​កន្លះ​ម៉ែត្រ ដើម្បី​ឈរ​រង់ចាំ​អ្នក​មក​ដោត​ធូប​ក្នុង​ផើង​របស់ខ្លួន កុមារា ទេព វណ្ឌី ត្រូវយក​ឈើ​របស់គេ​ទៅ​កៀស​ឬ​គោះ​ធូប ដើម្បីឱ្យ​ជ្រុះ​កម្ទេចផេះ បង្ការ​រលា​កដៃ​អ្នក​ដោត​ធូប​។ ព្រោះតែ​ឃើញ​ក្មេងៗ​វ័យ​ស្របាល​គ្នា​ធ្វើបែបនេះ​បាន​ប្រាក់ ហើយ​ខ្លួន​ចង់បាន​ដែរ វណ្ឌី ក៏​ចាប់ផ្ដើម​ធ្វើបែបនេះ​កាលពី​ឆ្នាំមុន​។ 


 
​ក្នុង​មួយ​ព្រឹក​កុមារា​រូបនេះ ទទួលបាន​ប្រាក់​ពី​ការ​កៀស​ធូប​ប្រមាណ ៤,០០០​ទៅ​១០,០០០ រៀល​។ ពេលខ្លះ​បាន​១០០​រៀល ឬ ៥០០​រៀល ហើយ​ពេលខ្លះ ក៏​គេ​មិនបាន​ឱ្យប្រាក់​ទៅ​វណ្ឌី​ដែរ ក្រោម​ហេតុផល​ថា​គ្មាន​ប្រាក់​។ ក្រោយ​ម៉ោង​១១​ព្រឹក ក្មេងប្រុស​អាយុ​៩​ឆ្នាំ​ដែល​មកពី​ខេត្តកំពត និង​មាន​ម្ដាយ​ជា​អ្នក​រើស​អេតចាយ​រូបនេះ ក៏បាន​យក​បាយ​និង​ម្ហូប​ដែល​សល់​ពី​ចង្ហាន់​ព្រះសង្ឃ យកទៅ​ផ្ទះ​ផងដែរ​។ នេះ​ជា​សម្ដី​របស់ វណ្ឌី​៖« ខ្លះ​គេ​អត់ឱ្យ​ខ្លះ​គេ​ឱ្យ​។​ខ្លះ​គេ​ឱ្យ​២០០ ខ្លះ​៥០០ ខ្លះ​ឱ្យ​១,០០០​ចែកគ្នា​។ មួយថ្ងៃ​បាន​៥,០០០​ទៅ​១០,០០០​អីហ្នឹង តែ​ត្រូវ​នៅ​ដល់​ម៉ោង​១២​។ ថ្ងៃ​ខ្ញុំ​យក​ម្ហូប​បាយ​ទៅ​ហូប​នៅផ្ទះ​»៕

Tag:
 ភ្ជុំបិណ្ឌ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com