អន្តរជាតិ
បារាំង​បើក​ការស៊ើបអង្កេត ក្រោយ​បាត់​មេ​ប៉ូលិស​អន្តរជាតិ​នៅ​ចិន
06, Oct 2018 , 2:17 pm        
រូបភាព
លោក ម៉ឹង ហុងវៃ ប្រធាន Interpol ដែលបាត់ខ្លួន (រូបភាព AFP)
លោក ម៉ឹង ហុងវៃ ប្រធាន Interpol ដែលបាត់ខ្លួន (រូបភាព AFP)
​ប៉ូលិស​បារាំង កំពុងបើក​ការស៊ើបអង្កេត​ករណី​បាត់​ខ្លួន​មេ​ប៉ូលិស​អន្តរជាតិ (Interpol) ដែលជា​ជនជាតិ​ចិន ម៉ឹង ហុង​វៃ (Meng Hongwei) ។ លោក ម៉ឹង ត្រូវបាន​រាយការណ៍​ថា បាន​បាត់​ខ្លួន​បន្ទាប់ពី​ធ្វើដំណើរ​ពី​បារាំង​ទៅកាន់​ដឹក​ដី​កំណើត​របស់ខ្លួន​នៅ​ចុងខែ​កញ្ញា​។ សារព័ត៌មាន​ហុងកុង​ផ្សាយ​ថា លោក ម៉ឹង ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​បាត់ទៅហើយ​។​

 
​លោក ម៉ឹង ហុង​វៃ ជា​ជន​ជាតិចិន​ទីមួយ ដែល​កាន់តំណែង​ប្រធាន​ប៉ូលិស​អន្តរជាតិ​។ ភរិយា​របស់លោក​បាន​ទាក់ទង​ទៅកាន់​ប៉ូលិស​នៅ​ទីក្រុង​លី​យ៉ុង ដែលជា​ទីស្នាក់ការ​រប​ស់ Interpol បន្ទាប់ពី​បាត់​ដំណឹង​ពី​ស្វាមី​របស់ខ្លួន​តាំងពី​ថ្ងៃទី​២៩ ខែកញ្ញា​មក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​ដែល​ពាក់ព័ន្ធ​ការស៊ើបអង្កេត​នេះ​អះអាងថា តាម​ការសន្និដ្ឋាន​បឋម​របស់​អ្នកស៊ើប​អង្កេត​លោកខាងលិច គឺ​លោក ម៉ឹង ទំនងជា​ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន​ទាស់ចិត្ត ទើបត្រូវ​ឃាត់ខ្លួន​តែម្ដង​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​មន្ត្រីជាន់ខ្ពស់​ចិន​បាត់​ដំណឹង​សូន្យឈឹង​បែបនេះ រហូតដល់​ពេល​លើស​មួយ​សប្ដាហ៍ ឬ​រាប់​ខែ​ក៏មាន​។ ព័ត៌មាន​ពាក់ព័ន្ធ​ការឃាត់ខ្លួន ច្រើន​ត្រូវបាន​អាជ្ញាធរ​ចិន​បញ្ចេញ​ក្រោយ​ការស៊ើបអង្កេត​របស់ខ្លួន ហើយ​ច្រើន​ទាក់ទង​អំពើពុករលួយ​។ ករណីនេះ ទំនងជា​អាច​កើត​ឡើងលើ​លោក ម៉ឹង ផងដែរ​។​
 
​សារព័ត៌មាន​ហុងកុង South China Morning Post ដែល​បាន​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ផ្សាយ​ថា លោក ម៉ឹង ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​របស់​ក្រុង​ប៉េកាំង​ផង​នោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ​ចិន ពេលទៅដល់​ចិន​ភ្លាមៗ​។ ប្រភពព័ត៌មាន​ដដែល មិនបាន​បញ្ជាក់​ទេ​ថា លោក ម៉ឹង ត្រូវបាន​ស៊ើបអង្កេត​លើ​សំណុំរឿង​អ្វី ឬ​ត្រូវបាន​ឃុំខ្លួន​នៅទីណា​ឡើយ ឯ​មន្ត្រី​ចិន​ក៏​មិន​និយាយ​អ្វី​ពី​បញ្ហា​នេះ​នៅឡើយ​ដែរ​។​
 
​ពាក់ព័ន្ធ​ការបាត់​ខ្លួន​នេះ Interpol ដែលជា​ស្ថាប័ន​មាន​សមាជិក​១៩២​ប្រទេស​និយាយថា ខ្លួន​ទទួលបាន​ព័ត៌មាន​ពី​ការបាត់​ខ្លួន​របស់លោក ម៉ឹង នេះហើយ​។ ប៉ុន្តែ Interpol ក៏​បញ្ជាក់ដែរថា នេះ​ជា​បញ្ហា​រវាង​អាជ្ញាធរ​បារាំង និង​ចិន​។ 
 
​សូម​បញ្ជាក់ដែរថា Intepol គឺជា​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ ដែលជា​ធម្មតា​ការងារ​របស់​អង្គការ​នេះ​ផ្ដោតលើ​ការស្វែងរក​មនុស្ស​បាត់​ខ្លួន ឬ​ការ​តាម​ចាប់​ជនល្មើស​។ ប៉ុន្តែ​អង្គការ​នេះ មិនមាន​អំណាច​ផ្ទាល់​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន ហើយ​ពឹង​ផ្អែកលើ​ប្រទេស​សមាជិក​វិញ​។ លោក ម៉ឹង ដែលជា​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​របស់​ចិន បាន​ក្លាយជា​ប្រធាន Interpol នៅ​កាលពី​ឆ្នាំ​២០១៦ ដែល​កាលនោះ​ក៏​បង្កើតជា​ពាក្យរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​៕
 

Tag:
 ​បារាំង​
  ចិន​
  Interpol
  Meng Hongwei
© រក្សាសិទ្ធិដោយ thmeythmey.com