ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃគ្រប់វត្តអារាម តែងតែនិមន្តសូត្របទបរាភវសូត្រ នៅលើព្រះវិហារ ឬសាលាឆាន់ នាពេលទៀបភ្លឺ ក្រោយពីបញ្ចប់ការចាក់បទទំនួញប្រេត និងបន្ទាប់ពីបោះបាយបិណ្ឌរួច។
បរាភវសូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យនៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រី ត្រូវចៀសវាង។ នៅពេលបានយល់ថា អ្វីជាសេចក្តីវិនាស និងអ្វីជាហេតុនាំឲ្យវិនាសហើយ ជនានុជនគ្រប់រូប គួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុឬអំពើដែលនាំឲ្យវិនាសទាំងនោះ។
តាមអត្ថន័យនៃបរាភវសូត្រនេះ សេចក្តីវិនាសនោះ គឺមាន១២ប្រការ គឺ ១. ទ្រុស្តធម៌ ឬស្អប់ធម៌, ២. សេពគប់នឹងជនអសប្បុរស, ៣. ដេកច្រើន និយាយច្រើនឥតប្រយោជន៍ ខ្ជិលច្រអូស និងខឹងច្រើន, ៤. មិនចិញ្ចឹមមាតាបិតា, ៥. កុហកបោកបញ្ឆោតអ្នកដទៃ, ៦. លាក់អាហារឆ្ងាញ់ៗ និងធនធាន ដោយមិនចេះចែករំលែកដល់អ្នកផងទាំងពួង, ៧. ប្រកាន់ជាតិ ប្រកាន់ត្រកូល ប្រកាន់ឋានៈ និងមិនរាប់រកសាច់ញាតិ, ៨. ប្រព្រឹត្តល្បែងស្រី ល្បែងស្រា និងល្បែភ្នាល់ស៊ីសង, ៩. មិនត្រេកអរនឹងភរិយា ឬស្វាមីខ្លួន, ១០. ខ្លួនចាស់ តែយកបុរសឬស្ត្រីក្មេង ធ្វើជាស្វាមីឬភរិយា, ១១. យកស្ត្រីឬបុរសដែលខ្ជះខ្ជាយធ្វើជាគូកំណាន់, ១២. កើតក្នុងត្រកូលក្សត្រ ហើយចង់ធ្វើជាស្តេច ដោយគ្មានចំណេះវិទ្យា។
តាមពិតទៅ ការសូត្របទនេះ អាចសូត្រនៅពេលណាក៏បានដែរ។ តែដោយហេតុថា នៅម៉ោង៤ ឬ ៥ ជិតភ្លឺ គឺជាពេលដ៏ល្អបំផុតសម្រាប់ដាស់សតិ និងអប់រំមនុស្ស។
ទី១. ពេលនេះ ជាពេលដែលជនប្រុសស្រីភ្ញាក់ពីដំណេក រៀបចំខ្លួនមកវត្តជុំគ្នា ដើម្បីបោះបាយបិណ្ឌ សមាទានសីល និង រៀបចំបាយទឹក នំចំណីប្រគេនព្រះសង្ឃ។ ដូច្នេះ ពេលនេះ ជាឱកាសដែលប្រជាជន អាចស្តាប់ឮ ព្រះសង្ឃសូត្របរាភវសូត្រច្រើនជាងពេលណាទាំងអស់។
ទី២. ពេលនេះ ជាពេលដែលមនុស្សយើងមានអារម្មណ៍ស្រស់ថ្លាល្អ មិនសូវស្មុគស្មាញ ឬជាប់ជំពាក់នឹងបញ្ហាជីវិតដែលកើតមាន ដែលជាហេតុនាំឲ្យបរិស័ទ អាចឆាប់យល់ពីអន្ថន័យនៃបរាភវសូត្រនេះ។
ទី៣. ដោយសារតែក្នុងចំណោមសេចក្តីវិនាសទាំង១២កង នៃបរាភវសូត្រ មានសេចក្តីវិនាស១ គឺសេចក្តីវិនាសទី៣ ដែលសម្តែងពីសេចក្តីវិនាស ដែលកើតឡើងពីការដេកច្រើន និងសេចក្តីខ្ជិលច្រអូស។ អន្ថន័យនេះ ពិតជាប់គាប់ជួននឹងការដាស់សតិប្រជាពុទ្ធបរិស័ទឲ្យក្រោកពីព្រលឹម ដើម្បីបំពេញភារកិច្ច។ ហេតុដូច្នេះ ត្រង់នេះ ហាក់ដូចជាការណែនាំប្រជាជនឲ្យអនុវត្តផ្ទាល់តែម្តង កុំឲ្យដេកទ្រមក់នាំឲ្យវិនាស។
ទី៤. គ្មានពេលណាអំណោយផលល្អ ដូចពេលជិតភ្លឺនោះទេ។ ពេលព្រឹកបរិស័ទច្បាស់ជាជាប់ដៃជាប់ជើងនឹងកិច្ចការផ្សេងៗ។ ដល់ពេលថ្ងៃជាប់រវល់នឹងការរកស៊ី។ ហើយពេលល្ងាចហត់នឿយនឹងការងារ ច្បាស់ជាស្តាប់ធម៌មិនចូល។ ចំណែក ពេលព្រលប់ត្រូវការសម្រក់ព្រោះអស់កម្លាំង។ ដូច្នេះពេលដែលល្អបំផុតគឺជាពេលជិតភ្លឺនេះឯង។
បន្ទាប់ពីសេចក្តីអត្ថាធិប្បាយមកខាងលើនេះ យើងឃើញថា បរាភវសូត្រ ពិតមានអន្ថន័យជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងការអប់រំមនុស្សឲ្យយល់ពីអ្វីដែលហៅថា សេចក្តីវិនាស និងអ្វីដែលជាហេតុនាំឲ្យវិនាសអន្តរាយដល់ជីវិត។
បើយើងទាំងអស់គ្នា អាចយល់ និងអាចចៀសបាននូវសេចក្តីវិនាសទាំង១២ប្រការនេះ ជីវិតយើងហាក់ដូចជាមិនមានសេចក្តីវិនាសណាផ្សេងទៀតឡើយ។ ហើយពេលដែលប្រសើរបំផុតដើម្បីឲ្យឱវាទនេះ ចូលក្នុងសតិអារម្មណ៍របស់ជនានុជននោះ គឺមានតែការសូត្រនៅម៉ោង ៤ ឬ៥ ទៀបភ្លឺនេះឯង៕