ជាតិ
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
តើ​ពិធី​ពូន​ភ្នំខ្សាច់ ធ្វើឡើង​​​ដើម្បី​អ្វី ហើយ​ធ្វើ​​បាន​នៅ​ពេល​ណាខ្លះ​?​​
07, Oct 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិធី​ពូន​ភ្នំខ្សាច់​នេះ មិនមែន​ធ្វើឡើង​តែ​ក្នុង​រដូវ​បុណ្យ​ភ្នុំ​បិណ្ឌ​នោះទេ​។ តាម​ទំនៀមទម្លាប់​ខ្មែរ ការ​ពូន​ភ្នំខ្សាច់​នេះ អាច​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​អ្វី​ក៏បាន​ដែរ មានដូចជា បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ បុណ្យមាឃបូជា បុណ្យ​វិសាខបូជា និង​បុណ្យបច្ច័យបួន ជាដើម​។​


 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 

 
 
​ការពិត ពិធី​ពូន​ភ្នំខ្សាច់ កើតមានឡើង​តាំងពី​ជាង​២៥០០​ឆ្នាំមុន​មកម្ល៉េះ ពោលគឺ​កាលពី​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ធរមាន​។ អ្វីមួយ​កើតមានឡើង អ្វី​នោះ​តែងតែមាន​រឿងនិទានរ​ប​ស់វា​។ ប៉ុន្តែ ដោយហេតុថា រឿងនិទាន​នោះ វែង​អន្លាយ និង​ស្មុគស្មាញ​ពេក ហើយ​ហាក់ដូចជា​មិនសូវ​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​បច្ចុប្បន្ន​ថែមទៀត ដូច្នេះ​ខ្ញុំ​សូម​មិន​រៀបរាប់​ទៅ​ចុះ​។ អ្វីដែល​នឹង​លាតត្រដាង​នោះ គឺ​ខ្លឹមសារ និង​អត្ថន័យ​នៃ​ពិធី​នេះ ដែល​អាច​នាំមក​នូ​វប្រ​យោជន៍​សម្រាប់​ជីវិត​បច្ចុប្បន្ន​ទើប​ជាការ​ប្រសើរ​។ 
 
​ភ្នំខ្សាច់​នេះ ឬ​ចេតិយ​ខ្សាច់ ហៅ​តាម​ភាសាបាលី​ថា វាលុកចេតិយ​។ ចេតិយ​ខ្សាច់ គឺជា​គំនរ​ខ្សាច់​ដែល​ត្រូវបាន​គេ​ពូន​ជា​រាង​ចេតិយ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ចូឡា​មុនី​ចេតិយ របស់​ព្រះ​ពុទ្ធអង្គ​។ ចូឡាមណី​ចេតិយ៍ គឺជា​ចេតិយ​ដែល​តម្កល់​នូវ ព្រះកេសា និង​ព្រះ​ចង្កូម​កែវ របស់​ព្រះពុទ្ធ ដែល​ស្ថិត​នៅឯ​ស្ថាន​តាវត្តិង្ស​ឯណោះ​។ ស្ថាន​តាវត្តិង្ស គឺជា​ស្ថានសួគ៌​មួយ ក្នុងចំណោម​ស្ថាន​ទេវលោក​ជាច្រើន​ទៀត ដែល​គ្រប់គ្រង​ដោយ ព្រះ​ឥ​ទ្ធ​។ 
 
​កាលពី​ព្រះ​ពុទ្ធអង្គ ចេញ​សាង​ព្រះ​ផ្នួស​នៅ​ព្រះជន្ម​២៩​វស្សា ព្រះអង្គ​ក៏បាន​កាត់​ព្រះកេសា​ដោយ​ខ្លួនឯង ហើយ​ព្រះកេសា​នោះ ត្រូវបាន​ទេវតា នាំយកទៅ​តម្កល់ទុក​នៅឯ​ចូឡាមណី​ចេតិយ​។ ចំណែក ព្រះ​ចង្កូម​កែវ ត្រូវបាន​ទេវតា​បាន​នាំទៅ​តម្កល់ទុក​ក្នុង​ចេតិយ​នេះ​ដូចគ្នា គឺ​នៅពេលដែល ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន ហើយ​ព្រះ​សព​ត្រូវបាន​រំលាយ​ដោយ​ព្រះ​អគ្គី​។ ដូច្នេះ ភ្នំខ្សាច់​ដែល​ត្រូវបាន​ធ្វើឡើង គឺ​តំណាង​ឲ្យ​ព្រះ​ចេតិយ ដែល​បញ្ចុះ​នូវ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះសម្មាសម្ពុទ្ធ​នេះឯង​។​
 
​ការ​ពូន​ភ្នំខ្សាច់​នេះ បុរាណ​បណ្ឌិត​យើង បាន​ពន្យល់ថា គឺជា​ការ​រំឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ​។ ការ​រឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ គឺជា​ការ​រឭក​ដល់​ព្រះកេសា និង​ព្រះ​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ​។ ការ​រំឭក​ដល់​ព្រះ​សារីរិកធាតុ គឺ​ដូច​ជាការ​រំឭក​ដល់ តួអង្គ​ផ្ទាល់​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​មានគុណ​ជា​អនេកប្បការ​ចំពោះ​សត្វលោក ពោលគឺ​គុណ​ទាំងបី រួមមាន បញ្ញា​គុណ ករុណា​គុណ និង វិសុទ្ធ​គុណ​។ ការ​រំឭក​ដល់​គុណព្រះពុទ្ធ​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​កើត​ចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះអង្គ ដែលជា​ហេតុ​នាំ​ឲ្យ​កើត​កុសលផល​បុណ្យ​។​
 
​ម្យ៉ាងទៀត ដោយ​អំណាច​នៃ​ការ​ពូន​ភ្នំខ្សាច់ ឧបកិច្ច​ដល់​ព្រះ​ចូឡាមណី​ចេតិយ​នេះ ក៏​អាច​ឲ្យ​អ្នក​ទាំងឡាយ ដែល​ចូលរួម​ពូន​នោះ សុំ​អធ្យាស្រ័យ​ដល់​ពពួកសត្វ និង​មនុស្ស ព្រមទាំង​ទេវតា​ទាំងពួង ក្នុង​ចក្រ​វា​ឡ​ទាំងមូល ឲ្យ​លើកលែង និង​អហោ​សកម្ម​ដល់​ខ្លួន ដែល​ធ្លាប់​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល ដល់​សត្វលោក​ទាំងនោះ ក្នុង​អតីតជាតិ ដោយ​អ​ចេតនា​ណាមួយ​។
 
​ប៉ុន្តែ​បើ​បាបកម្ម ដែល​យើង​ធ្លាប់ធ្វើ​លើ​អ្នកដទៃ​ឲ្យ​រង​ការឈឺចាប់​ដោយ​ចេតនា និង​ចិត្តឫស្យា នោះ យើង​ពុំ​អាច​សុំ​ឲ្យ​ដាច់​កម្ម​ពៀរ ឬ​បាបកម្ម ដោយ​គ្រាន់តែ​គោរព​ចំពោះ​ភ្នំខ្សាច់​នោះទេ​។ បើ​យើង​ធ្វើបាប​គេ​ដោយ​ចេតនា ហើយ​យើង​អាច​សុំ​លាងជម្រះ​បាបកម្ម ឬ​កម្ម​ពៀរ​ទាំងនោះ ដោយ​គ្រាន់តែ​បូជា​ចំពោះ​ភ្នំខ្សាច់​ប៉ុណ្ណឹង អ៊ីចឹង វា​ដូចជា​អយុត្តិធម៌​ពេក​ហើយ​។ ច្បាប់ធម្មជាតិ​មិន​តម្រូវ​ឲ្យ យើង​មាន​សិទ្ធិ​អស្ចារ្យ​ដូច្នេះ​ឡើយ​។
 
​ជាងនេះទៀត ដោយ​អានុភាព​នៃ​សទ្ធា​ជ្រះ​ថ្នា​ក្នុងការ​ពូន​ភ្នំខ្សាច់ រំឭក​ដល់​ព្រះ​ពុទ្ធអង្គ យើង​ក៏​អាច​ប្រាថ្នា​សុំ​នូវ​សិរី​សួស្តី​ទាំងឡាយ​ឲ្យ​កើតមាន​ដល់​ក្រុមគ្រួសារ និង​សហគមន៍​ផងដែរ​។ ប៉ុន្តែ បើទោះបីជា​យើង​ផ្សង​ដូច្នេះ​ក៏ពិតមែន តែ​យើង​ក៏​ត្រូវតែ​ខិតខំ​បំពេញ​កិច្ច​ទាំងឡាយណា ដែល​នាំ​ឲ្យ​រីកចម្រើន​ដែរ មិនមែន​តាំង​សេចក្តីប្រាថ្នា​ឡើង ហើយក៏​ដេក​រង់ចាំ​លទ្ធផល​នោះទេ​។​
 
​ចាស់​បុរាណ​តែង​ពោល​ទុក​មក​ថា បើ​យើង​បាន​ពូន​ភ្នំខ្សាច់ គឺ​ដូចជា​យើង​ហ្នឹង​បាន​ចូលរួម​សាងសង់​ព្រះ​ចេតិយ ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ផ្ទាល់​អ៊ីចឹង​ដែរ​។ ហើយ​ការ​រំឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ ក៏ដូចជា​ការបូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ផ្ទាល់​ដូចគ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com