ជាតិ
បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
អ្នកធ្វើ​នំ​ខ្មែរ បារម្ភ​នៅពេល​ពលរដ្ឋ​ខ្មែរ​ហាក់​និយម​នំ​បរទេស​ជាង​
07, Oct 2018 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន នំ​ខ្មែរ​ខ្លះ​ស្ទើរតែ​គ្មាន​វត្តមាន​នៅតាម​បណ្តា​ហាង​អាហារ ឬ​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​ដូច​នំ​បរទេស​ដែលមាន​កន្លែង​តាំង​លក់​សមរម្យ​នោះឡើយ​។ ប៉ុន្តែ នំ​ខ្មែរ​ដែលមាន​ដូចជា នំអន្សម​គ្រប់​ប្រភេទ នំគម នំ​បត់ នំចាំង នំផ្លែអាយ នំ​ត្រៀ​បាយ​ជាដើម​នោះ វា​បែរជា​មាន​លក់​តែ​នៅតាម​ផ្សារ តាម​រទេះរុញ រទេះ​កង់​-​ម៉ូតូ ឬ​ដាក់ថា​សទូ​លក់​តាម​ដង​ផ្លូវ​សាធារណៈ​ជាដើម​។​

  
 
​រូបភាព​នេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​នំ​ខ្មែរ ហាក់​ថមថយ​ការពេញនិយម​បន្ដិច​ម្តងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពួកគាត់​បាន​បែរ​ទៅ​និយម​ប្រទេស​នំ​បរទេស ហើយ​វា​បាន​ក្លាយជា​កង្វល់​របស់​ពលរដ្ឋ​មួយចំនួន រួមទាំង​អ្នក​វេច​នំ​ខ្មែរ​ផង ថា​ខ្លាច​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​។​


 
​អ្នកស្រី យ៉ុង ច​ន្ធី ជា​អ្នកធ្វើ​នំ​ខ្មែរ​លក់ និង​ជា​បុគ្គលិក​របស់​សិប្បកម្ម​ផលិត​នំ​ខ្មែរ​«​នាឡិ​»​ផង បានបង្ហាញ​ក្តីបារម្ភ​របស់ខ្លួន ទៅលើ​ការធ្វើ​នំ និង​ការនិយម​នំ​ខ្មែរ​របស់​យុ​វ័យ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ស្ត្រី​រូបនេះ សង្កេតឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅពេល​អ្នកស្រី​វេច​នំ​នៅផ្ទះ​ក្នុង​រដូវ​បុណ្យទាន  មិនសូវ​ឃើញ​មាន​យុវជន ចង់​ចេះ​ធ្វើ ឬ​វេច​នំ​ខ្មែរ​នោះទេ​។ ការណ៍​នេះ ធ្វើ​ឲ្យ​អ្នកស្រី យ៉ុង ច​ន្ធី កើតក្តី​ព្រួយបារម្ភ​ថា​នំ​ខ្មែរ​មួយចំនួន​នឹង​បាត់បង់ ឬ​គ្មាន​មាន​វត្តមាន​សម្រាប់​អ្នកជំនាន់ក្រោយ​ទៀតឡើយ​។ 
 
​អ្នកស្រី មឿ​ន វណ្ណ​នី ដែលជា​អ្នកស្រុក​កោះធំ ខេត្តកណ្តាល ក៏មាន​កង្វល់​នេះ​ដូចគ្នា​ដែរ​។ មាន​វ័យ​៣៩​ឆ្នាំ អ្នកស្រី វណ្ណ​នី លើកឡើង​ដូច្នេះ​៖«​នៅ​ជំនាន់​ខ្ញុំ មិនសូវមាន​អ្នកចេះ​វេច ឬ​ធ្វើ​នំ​ខ្មែរ​ទៅហើយ​។ ខ្ញុំ​ខ្លាច​តែ​មនុស្ស​ជំនាន់​ក្រោយ មិនចេះ​វេច​នំ​ខ្មែរ​ទេ ព្រោះ​មាន​នំ​បរទេស​ចូល​ស្រុក​ច្រើន​បែបនេះ​»​។ 
 
​ហេតុដូច្នេះ​ហើយ​បានជា​អ្នកស្រី មឿ​ន វណ្ណ​នី បានមក​រៀន​វេច​នំ​ខ្មែរ នៅ​សិប្បកម្ម​«​នាឡិ​»​។ ទើបតែ​រៀន​ចេះ​វេច​នំ​ខ្មែរ​ដូចជា​នំអន្សមជ្រូក​តូច នំអន្សមចេក និង​នំ​មៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ  អ្នកស្រី មឿ​ន វណ្ណ​នី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គាត់​រៀន​វេច​នំ​ខ្មែរ ព្រោះ​ចង់​រួមចំណែក​ថែរក្សា​នំ​ខ្មែរ​កុំ​ឲ្យ​បាត់បង់ ទៅតាម​លទ្ធភាព​អាចធ្វើ​បាន តាមរយៈ​ការធ្វើ​នំ​ខ្មែរ  លក់​នៅ​ស្រុកកំណើត​របស់ខ្លួន​។​
 
​យុវជន​មួយរូប​ទៀត គឺ​លោក ស៊ុន ភា​រុន ក៏​បារម្ភ​ខ្លាច​បាត់បង់​នំ​ខ្មែរ​ដែរ​។ មាន​វ័យ​១៧​ឆ្នាំ​លោក ភា​រុន បានមក​រៀន​នៅ​សិប្បកម្ម​នាឡិ និង​ថែមទាំង​បានស្នើ​ឲ្យ​យុវវ័យ​ឲ្យ​ជួយ​ថែ​អត្តសញ្ញាណ​នំ​ខ្មែរ​ឲ្យ​បាន​គង់វង្ស តាមរយៈ​ការគាំទ្រ​នំ​ខ្មែរ​។​
 
​ការស្រឡាញ់​នំ​ខ្មែរ ដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ និង​ការមើលឃើញ​ជីដូន​របស់ខ្លួន​វេច និង​ធ្វើ​នំ​ជាប្រចាំ បានធ្វើ​ឲ្យ​កុមារី ស៊ុន ស្រី​ម៉ី អាយុ​១៤​ឆ្នាំ មានគំនិត​ចង់​រក្សា​វត្តមាន​នំ​ខ្មែរ​។ លើសពីនេះ ស្រី​ម៉ី អះអាងថា រូបគេ​មាន​មោទនភាព​ដែល​ខ្លួន​ចេះ​នំ​ប្រពៃណី​ខ្មែរ បង្ហាញ​ជនបរទេស​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​។​


 
​កុមារី​ស្រី​ម៉ី បាន​បន្សល់​នូវ​ទស្សនៈ​របស់ខ្លួន​ចំពោះ​នំ​ខ្មែរ​ដូច្នេះ​ថា​៖«​យើង​ជា​អ្នកជំនាន់ក្រោយ គួរតែ​ចេះ​វេច​នំ​ខ្មែរ ដែលជា​ដូនតា​របស់​យើង​បន្សល់ទុក​»៕
 
 



























Tag:
 នំ​ខ្មែរ​
  នាឡិ​
  អន្សម​
  ប្រពៃណី​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com