សៀមរាប៖ ប្រជាពលរដ្ឋខ្មែរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌធំនៅថ្ងៃទី៩ ខែតុលា តែយ៉ាងណា ការឈប់សម្រាកសម្រាប់បុណ្យជាតិនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា។ ក្រៅពីស្រុកកំណើត ប្រជាពលរដ្ឋខ្មែរក៏មានដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅក្នុងស្រុកផងដែរ។ រាល់បុណ្យទានផ្សេងៗគេតែងឮការរអ៊ូរទាំពីការដំឡើងថ្លៃ ដូចជាផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន។ល។ នៅខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ដូចជាសណ្ឋាគារធំៗ បានបង្ហាញគោលជំហរមួយពីសេវាកម្មពួកគេ ក្នុងនោះមិនដំឡើងថ្លៃបន្ទប់ឡើយ ផ្ទុយទៅវិញពួកគេបានបញ្ចុះតម្លៃពិសេសសម្រាប់ស្វាគមន៍ទេសចរជាតិផងដែរ។ ពួកគេថា គ្មានគោលការណ៍ដំឡើងថ្លៃ ដើម្បីកេងចំណេញរយៈពេលខ្លីឡើយ។
ព័ត៌មានលម្អិតសូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
នៅរាល់ពិធីបុណ្យទានធំៗម្ដងៗ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរតែងធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារញាតិមិត្តបងប្អូន ដែលកន្លងមកពួកគេរវល់ធ្វើការ និងរកស៊ីរៀងៗខ្លួន។ ពិធីភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីមួយដ៏ធំសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយពលរដ្ឋតែងធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីធ្វើបុណ្យ និងរីករាយជាមួយក្រុមគ្រួសារពួកគេ។ សំឡេងអ៊ូអរនៅតាមគ្រួសារមួយៗ មានសភាពខុសពីធម្មតា។
ក្រៅពីការជួបជុំគ្នានៅស្រុកកំណើតហើយនោះ ប្រជាពលរដ្ឋខ្មែរខ្លះក៏បានធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅនានាផងដែរ។ ជាទូទៅ រាល់ពេលបុណ្យទានម្ដងៗ គេតែងឮការរអ៊ូពីការដំឡើងថ្លៃសេវាកម្ម ដូចជាតម្លៃម្ហូបអាហារ ផ្ទះសំណាក់ និងសណ្ឋាគារថ្លៃជាសព្វដង។ សម្រាប់សណ្ឋាគារនៅក្រុងសៀមរាប បានបង្ហាញពីគោលជំហរមួយ ដោយមិនដំឡើងថ្លៃបន្ទប់ស្នាក់នៅអំឡុងពេលបុណ្យឡើយ។ ជាងនេះទៅទៀតនោះ គឺប្រតិបត្តិករទាំងនោះ ថែមទាំងផ្ដល់តម្លៃពិសេសសម្រាប់ភ្ញៀវជាតិក្នុងឱកាសភ្ជុំបិណ្ឌនេះផងដែរ។
ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារ ម៉េម័រ រីសត បានឱ្យដឹងថា សណ្ឋាគារលោកមានគោលជំហរច្បាស់លាស់ក្នុងការកំណត់តម្លៃសម្រាប់ភ្ញៀវជាតិ។ លោក ហែម ចាន់ដារ៉ា ពន្យល់ថា ភ្ញៀវជាតិនឹងទទួលបានតម្លៃថេររាល់ការស្នាក់នៅក្នុងសណ្ឋាគារម៉េម័រ ទោះបីខែសម្បូរភ្ញៀវ និងអត់ភ្ញៀវក៏ដោយ។ តម្លៃនោះ គឺចាប់ពី៤៨ដុល្លារ ដល់១២០ដុល្លារ គឺទាំង៣ទីតាំងនៃសណ្ឋាគារម៉េម័រ ដែលមានម៉េម័រសៀមរាប ម៉េម័រអង្គរ និងម៉េម័រ ផាឡេស។
លោក ចាន់ដារ៉ា បន្ថែមថា គោលជំហររបស់សណ្ឋាគារគឺលើកតម្កើងភ្ញៀវជាតិ គឺចង់រក្សាអ្វីដែលពិសេសសម្រាប់ជាតិ មិនមែនឃើញអត្ថប្រយោជន៍បន្តិចបន្តួច ដំឡើងតម្លៃរយៈពេលខ្លីប៉ះពាល់ដល់អារម្មណ៍ភ្ញៀវឡើយ។ លោក ចាន់ដារ៉ា ថា សណ្ឋាគារម៉េម័រ រីសត ទាំង៣ទីតាំង សរុបទាំងអស់មានជាង ២០០បន្ទប់ ហើយកាលពីភ្ជុំឆ្នាំមុន សណ្ឋាគារលោកទទួលបានការស្នាក់នៅច្រើនពីភ្ញៀវផងដែរ។ លោករំពឹងថា ឆ្នាំនេះចំនួននេះនឹងមានប្រហាក់ប្រហែលដូចឆ្នាំទៅដែរ។
ចំណែកតំណាងសណ្ឋាគារដ៏ធំមួយទៀតនៅក្រុងសៀមរាប ក៏ប្រាប់ពីតម្លៃពិសេសសម្រាប់ស្វាគមន៍ភ្ញៀវជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ លោក ហង្ស វណ្ណៈ នាយកចាត់ការទូទៅស្ដីទីនៃសណ្ឋាគារសុខា ប្រាប់ថា តម្លៃលក់ទូទៅសម្រាប់ភ្ញៀវជាតិក្នុងថ្ងៃធម្មតាលក់ ៨៥ដុល្លារ តែពេលនេះលក់ត្រឹមតែ ៧៨ដុល្លារតែប៉ុណ្ណោះ។
ទោះបីតំណាងសណ្ឋាគារសុខា បង្ហាញជំហរការផ្តល់តម្លៃពិសេសសម្រាប់ភ្ញៀវជាតិពេលភ្ជុំបិណ្ឌនេះក្តី តែលោកថា នៅរដូវកាលដែលទេសចរដើរកម្សាន្តច្រើន តម្រូវការបន្ទប់មានចំនួនច្រើន សណ្ឋាគារលោក និងសណ្ឋាគារផ្សេងទៀតក្នុងក្រុងសៀមរាប បានដំឡើងថ្លៃខ្លះដែរ ដូចជាចូលឆ្នាំសាកល និងចូលឆ្នាំចិនជាដើម តែសម្រាប់បុណ្យជាតិ គឺមិនមានការដំឡើងតម្លៃទេ។ លោក វណ្ណៈ ពន្យល់យ៉ាងដូច្នេះថា
ចំណែកការកក់បន្ទប់សម្រាប់ភ្ញៀវជាតិនៅឆ្នាំនេះ មិនទាន់មានសន្ទុះខ្លាំងទេ។ យ៉ាងណា លោក វណ្ណៈ កត់សម្គាល់ឃើញថា ដោយសារនៅខេត្តសៀមរាបមានជម្រើសច្រើន ដូច្នេះភាគច្រើនភ្ញៀវតែងកក់នៅកៀកថ្ងៃ ឬរកបន្ទប់ពេលមកដល់សៀមរាបតែម្ដង។ សម្រាប់ភ្ជុំឆ្នាំនេះ សណ្ឋាគារសុខាទាំង៣ទីតាំង សរុបជាង ១៥០០បន្ទប់រំពឹងថា នឹងមានភ្ញៀវច្រើនស្នាក់នៅ ព្រោះថាឆ្នាំនេះ ត្រូវនឹងប្រជាជនចិនដើរកម្សាន្តច្រើនក្នុងពិធីបុណ្យជាតិគេផងនោះ ដូច្នេះមានទេសចរចិនច្រើនកក់បន្ទប់ស្នាក់នៅ ចាប់ពីដើមខែតុលាមក។ នេះជាការលើកឡើងរបស់លោក វណ្ណៈ។
ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារ រ៉ូយ៉ាល់អង្គរ រីសត ដែលជាសណ្ឋាគារផ្កាយ៥ កញ្ញា សេង ស៊ីន ថា សណ្ឋាគារកញ្ញា ផ្តល់ជូនភ្ញៀវជាតិនូវតម្លៃពិសេសដែលមិនធ្លាប់ផ្តល់ជូនសម្រាប់ថ្ងៃធម្មតានោះទេ។ យ៉ាងណា កញ្ញា ស៊ីន មើលឃើញថា សន្ទុះនៃការស្នាក់នៅរបស់ភ្ញៀវជាតិមិនសូវមានច្រើនទេក្នុងពិធីភ្ជុំបិណ្ឌនេះ ព្រោះពលរដ្ឋខ្មែរភាគច្រើន ច្រើនតែទៅលេងស្រុក និងសប្បាយជាមួយក្រុមគ្រួសារពួកគេនៅតាមផ្ទះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រចាំខេត្តសៀមរាប បានមើលឃើញថា ការដំឡើងថ្លៃបន្ទប់ និងសេវាកម្មផ្សេងៗនៅក្រុងសៀមរាប ហាក់ពុំមានទៀតទេ បន្ទាប់ពីក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយទូលំទូលាយពីបញ្ហានេះ។ លោក ផាវ ព្រឿន យល់ថា ការដំឡើងថ្លៃត្រឹមរយៈពេល២ ទៅ៣ថ្ងៃ នឹងធ្វើឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ ហើយលោកគាំទ្រដល់សណ្ឋាគារក្នុងក្រុងសៀមរាប ដែលបង្ហាញជំហរច្បាស់លាស់ក្នុងការមិនដំឡើងថ្លៃនេះ ព្រោះពួកគេមានការយល់ឃើញត្រឹមត្រូវពីផលប៉ះពាល់ចំណុចនេះ៕